ភ្លាមៗក្រោយការសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុបយកពន្ធគយលើការនាំចូលអង្កររបស់កម្ពុជាទៅទីផ្សារសហភាពមួយនេះ ប្រតិកម្មបានកើតឡើងជាបន្តបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល អ្នកផលិតអង្ករនិងអ្នកនយោបាយមួយចំនួនក្នុងប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាក៏បានត្រៀមធ្វើសន្និសីទសារព័ត៌មានមួយកាលពីព្រហស្បតិ៍ ដើម្បីបំភ្លឺពីការសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប តែសន្និសីទនោះក៏ត្រូវលុបចោលវិញ ព្រោះក្រុមមន្ត្រីក្រសួងដដែលនេះ ត្រូវការពេលបន្ថែមទៀតដើម្បីអានឯកសារពាក់ព័ន្ធនឹងកិច្ចការបច្ចេកទេស។ ក្រសួងក៏បានប្រាប់អ្នកកាសែតថា សន្និសីទមួយផ្សេងទៀតនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ។
យ៉ាងណាក៏ដោយ ក្រោយប្រកាសលុបចោលសន្និសីទនោះ មិនបានប៉ុន្មានម៉ោងផងនោះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីថ្លែងការណ៍មួយ «សម្តែងនូវការសោកស្តាយចំពោះសេចក្តីសម្រេចនេះ ដែលមិនបានឆ្លុះបញ្ចាំងទាំងស្រុងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបតិ្តការកន្លងមកដ៏ល្អ រវាងរដ្ឋាភិបាលនិងវិស័យឯកជនរបស់កម្ពុជា និងសហគមន៍»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាឬហៅថា (CCFC) មានការសោកស្តាយចំពោះការសម្រេចនេះ ហើយថាការសម្រេចយ៉ាងដូច្នេះ នឹងធ្វើឲ្យកសិករខ្មែរប្រឈមនឹងផលវិបាកកាន់តែខ្លាំងឡើង ក្នុងបញ្ហាតម្លៃស្រូវ។
«ស្រូវអង្ករនៅក្នុងប្រទេសកម្ពុជាហ្នឹង អត្រាទីផ្សារហ្នឹង មានតម្លៃថោកនៅឡើយទេ ចឹងចុះបើទម្រាំ តើអាពេលដែលសហភាពអឺរ៉ុបគិតពន្ធដែលក្រុមហ៊ុនវិនិយោគត្រូវពិចារណា ក្នុងការទិញនោះ តើវានឹងអាចធ្លាក់ថ្លៃបន្ថែមទៀតផងដែរ បើយើងគិតពិចារណា ពីព្រោះថា កន្លងមកគាត់ចំណេញ ដោយសារតែគាត់រួចពន្ធហ្នឹង គាត់ចំណេញ ចឹងទូទាត់ទៅ គឺគាត់អាចចំណេញបានគាត់ហ៊ានទិញច្រើន។ ប៉ុន្តែឥឡូវនេះ បើសិនជាគាត់ បើពន្ធ កាតព្វកិច្ចពន្ធនឹងឡើងថ្មី ខ្ញុំគិតថា គាត់នឹងមិនហ៊ាន ក្រុមហ៊ុនហ្នឹងគាត់មិនហ៊ានទិញទេ។ អ៊ីចឹងកាលណាបើអត់ទីផ្សារ គឺយើងនឹងប្រឈមហានិភ័យ និងផលប៉ះពាល់ ហើយផលចំណេញដែល ដែលយើងធ្លាប់ទទួលបានដល់កសិករតាមរយៈការរួចពន្ធហ្នឹង វានឹងបាត់បង់ផងដែរបាទ»។
ចំណែកលោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលើទំព័រហ្វសប៊ុករបស់លោកកាលពីព្រហស្បតិ៍ គឺមួយថ្ងៃក្រោយការសម្រេចរបស់សហភាពអឺរ៉ុបថា ទីបំផុតសហភាព អឺរ៉ុបសម្រេចឲ្យកម្ពុជានិងមីយ៉ាន់ម៉ាបង់ពន្ធអង្ករនាំចូលអឺរ៉ុបដែលចាប់អនុវត្តពីថ្ងៃ១៨មករានេះទៅរយៈពេល៣ឆ្នាំ។
លោកបានអធិប្បាយបន្ថែមក្នុងន័យដើមថា៖
«គួរឲ្យសោកស្តាយណាស់ដែលការសម្រេចចិត្តរបៀបនេះកើតមានឡើង។ កម្ពុជាហាក់ដូចជាមិនបានត្រៀមខ្លួនសម្រាប់វិធានការនេះទេ។យើងមានសហពន្ធ័ស្រូវអង្ករនិងក្រសួងពាក់ព័ន្ធជាច្រើនដែលត្រូវរួមគ្នាធ្វើការសង្រ្គោះវិស័យស្រូវអង្ករខ្មែរល្មមនាំគ្នាធ្វើការធំដុំដើម្បីសេដ្ឋកិច្ចជាតិហើយដោយកុំគិតតែពីតំណែងអ្នកធំឯកឧត្តមច្រើនពេក»។
VOA ព្យាយាមសុំការអធិប្បាយពីលោក មូល សារិទ្ធ អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ឬហៅថា CRF តែមិនទាន់អាចទាក់ទងលោកបានទេ ដោយទូរស័ព្ទរបស់លោករោទិ៍គ្មានអ្នកទទួល។
ទោះយ៉ាងណា លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាសមាជិករបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយដែលស្និទ្ធនឹងរដ្ឋាភិបាលថា វិធានការគាំពាររបស់គណៈកម្មាការអឺរ៉ុប បានធ្វើឲ្យពលរដ្ឋក្នុងសហភាពអឺរ៉ុបខាតប្រយោជន៍ធំហើយអ្នកជំនួញក្នុងឧស្សាហកម្មស្រូវអង្ករនៅកម្ពុជាក៏ប្រឈមនឹងការខាតបង់។
លោកត្រូវបានអង្គភាព Fresh News ស្រង់សម្តីក្នុងន័យដើមយ៉ាងដូច្នេះ៖
«ខ្ញុំគិតថាអ្នកខាតមាន៖ ទី១៖អ្នកខាតធំជាងគេ គឺប្រជាពលរដ្ឋអឺរុប ដែលជាអ្នកទទួលទានអង្ករ និងគាំទ្រអង្ករកម្ពុជា។ គាត់នៅតែហូប គ្រាន់តែហូបតិចជាងមុន។ អង្ករលក់ក្នុងប្រទេសអឺរុបនឹងកើនតម្លៃចាប់ពីខែមេសា ឬឧសភាខាងមុខនេះ។ ២៖ខាតលើប្រាក់ចំណេញសម្រាប់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ និងកសិករកម្ពុជា។ កម្ពុជាអាចបាត់បង់ទីផ្សារអង្ករខ្លះនៅ EU។ យើងនឹងអាចរកមធ្យោបាយចូលទីផ្សារ EU ឡើងវិញ និងសិក្សាពីផលប៉ះពាល់ទីផ្សារនេះបាននៅខែកុម្ភៈ»។
លោកបានប្រាប់អង្គភាពព័ត៌មាននេះ បន្ថែមថាកម្ពុជាក៏នឹងមិននៅស្ងៀម និងបានកំពុងជជែកជាមួយភាគីពាក់ព័ន្ធដើម្បី «ស្រោចស្រង់និងលើកស្ទួយវិស័យនេះ»។
កាលពីថ្ងៃពុធ គណៈកម្មការអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបនឹងដាក់ពន្ធលើអង្ករពីកម្ពុជានិងមីយ៉ាន់ម៉ាចាប់ផ្តើមនៅថ្ងៃសុក្រដើម្បីការពារទីផ្សារសហភាពអឺរ៉ុប។ ការសម្រេចនេះនឹងចូលជាធរមានរយៈពេល៣ឆ្នាំតាមវិធានការ «ការពារ» កាលពីខែមីនាឆ្នាំមុន បន្ទាប់ពីមានសំណើពីរដ្ឋាភិបាលអ៊ីតាលី។
ចាប់តាំងពីថ្ងៃទី១៨ខែមករាទៅ សហភាពអឺរ៉ុបកំណត់ពន្ធប្រហែល ២០០ដុល្លារសម្រាប់អង្ករមួយតោនក្នុងឆ្នាំទី១ ហើយទម្លាក់ពន្ធមកនៅត្រឹម ១៣២ដុល្លារនៅឆ្នាំទី២និងនៅត្រឹម ១០៩ដុល្លារនៅឆ្នាំទី៣។
នៅឯក្រសួងពាណិជ្ជកម្មឯណោះវិញ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមួយរូបបាន ប្រាប់សន្និសីទព័ត៌មានដែលធ្វើឡើងជាងមួយម៉ោងថា កម្ពុជាមិនត្រូវមានការភ្ញាក់ផ្អើលចំពោះការសម្រេចយកពន្ធគយរបស់សហភាពអឺរ៉ុប មកលើការនាំចូលអង្កររបស់កម្ពុជាចូលទៅក្នុងសហគមន៍នេះទេ ព្រោះវាជាអ្វីដែលរដ្ឋាភិបាលកម្ពុជាបានដឹងមុនរួចទៅហើយ ហើយកម្ពុជាក៏បានត្រៀមរួចរាល់ដើម្បីទប់ទល់នឹងការយកពន្ធដែលអាចឲ្យកម្ពុជាខាតបង់ប្រាក់ក្នុងចំនួនប្រមាណ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
អមដោយមន្ត្រីក្រសួងពាណិជ្ជកម្មចំនួនបួនរូបផ្សេងទៀត លោក សុខ សុភ័ក្ត្រ រដ្ឋលេធិការក្រសួងពាណិជ្ជកម្មប្រាប់ក្រុមអ្នកកាសែតថា កិច្ចការយកពន្ធគយរបស់អឺរ៉ុបមកលើការនាំចូលអង្ករកម្ពុជានេះគឺជាកិច្ចការបច្ចេកទេសសុទ្ធសាធ និងមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ។ លោកថា កិច្ចការនេះ ក៏មិនមែនជារឿងធំដុំនោះដែរ។
«ខ្ញុំសុំបញ្ជាក់ជូនថាមិនមែនជាកិច្ចការធំខ្លាំង រហូតដល់មានការភ្ញាក់ផ្អើល ទូទាំងប្រទេសថា វិធានការការពាររបស់សហគមន៍អឺរ៉ុបនេះ សហភាពអឺរ៉ុបនេះ ជាវិធានការមួយក្នុងគោលដៅ នយោបាយឬក៏អីអត់មានទេ»។
តមកទៀតលោក សុខ សុភ័ក្រ្ត បានពណ៌នាអំពីការខិតខំរបស់ក្រុមមន្ត្រីខ្មែរក្នុងការជួបសន្ទនាជាមួយក្រុមមន្ត្រីសហភាពអឺរ៉ុបដែលបានកោតសរសើរកម្ពុជាក្នុងការបង្កើនចំនួនអង្ករចូលទៅសហភាពអឺរ៉ុប។ លោកបានបន្តថា ជោគជ័យនេះ ហើយគឺជាដើមហេតុ នាំឲ្យមានការមិនសប្បាយចិត្តពីបណ្តាប្រទេសជាសមាជិករបស់សហគមន៍អឺរ៉ុប។
លោកបានពន្យល់ទៀតថា ប្រទេសនៅសហភាពអឺរ៉ុបមានគោលនយោបាយមួយក្នុងការផ្តល់ប្រាក់ឧបត្ថម្ភធន់ដល់កសិកររបស់ខ្លួន។ លោកថាការណ៍នេះខុសពីកម្ពុជាដែលខិតខំពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន រហូតធ្វើឲ្យថ្លៃដើមក្នុងការផលិតអង្ករចុះថោក។ ដូច្នេះ ដើមហេតុនៃការយកពន្ធគយរបស់សហគមន៍អឺរ៉ុបមកលើអង្ករកម្ពុជា គឺផ្តើមចេញពីតម្លៃអង្ករដែលមានកម្រិតទាបរបស់កម្ពុជាចូលទៅទីផ្សារសហភាពអឺរ៉ុប។
លោក សុខ សុភ័ក្ត្រ បានឲ្យដឹងបន្ថែមទៀតថា នៅមុនពេលដែលសហភាពអឺរ៉ុបចាត់វិធានការគាំពារទីផ្សារអង្កររបស់ខ្លួននោះ រដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការជាច្រើនដើម្បីកាត់បន្ថយថ្លៃដើមក្នុងឧស្សាហកម្ម ស្រូវអង្ករ ដែលរួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការបង្កើនផលិតភាពស្រូវ និងកិច្ចការជាច្រើនទៀត ពាក់ព័ន្ធនឹងការបន្ធូរបន្ថយពន្ធ ការតភ្ជាប់ឃ្លាំងសម្ងួតស្រូវទៅកន្លែងដែលមានបណ្តាញអគ្គិសនីនិងការកែទម្រង់ធនធានមនុស្សជាដើម។
មន្ត្រីពាណិជ្ជកម្មរូបនេះ បានឲ្យដឹងទៀតថា កម្ពុជាក៏កំពុងស្វែងរកដៃគូពាណិជ្ជកម្មផ្សេងទៀត ដែលកម្ពុជានឹងឈរលើគោលការណ៍ឯករាជ្យភាពជាតិ និងអធិបតេយ្យភាពជាតិជាធំ ដើម្បីបង្កើតចំណងពាណិជ្ជកម្មជាមួយដៃគូទាំងនោះ។
«ពាក្យថា ពង្រឹងឯករាជ្យភាពជាតិ អធិបតេយ្យភាពជាតិ គឺយើង ក្នុងនាមពាណិជ្ជកម្ម គឺយើង លែង មិនមែនលែងសុំទេគឺបើគេឲ្យ តាមគោលការណ៍ច្បាប់នូវភាពអនុគ្រោះ យើងចេះតែយកទៅ ប៉ុន្តែឲ្យទៅអង្វរសុំទានគេគឺយើងអត់សុំទេ»។
ទោះបីជាមានការអះអាងរបស់លោក សុខ សុភ័ក្ត្រយ៉ាងនេះក្តី ក្រសួងពាណិជ្ជកម្ម បានចាត់ទុកថា ការសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុបដែលយកពន្ធគយលើអង្ករកម្ពុជាគឺជា «អាវុធសម្រាប់ធ្វើឃាត» កសិករក្រីក្រកម្ពុជា ព្រោះវាបានដកហូតចំណូលរបស់ពួកគេនិងក្រុមគ្រួសារដែលកំពុងជាប់បំណុល ជាមួយស្ថាប័នឥណទាន។ ក្រសួងក៏នឹងត្រៀមបន្តតវ៉ា ជំទាស់នឹងការសម្រេចដែលគ្មានសុក្រឹតភាពនិងសច្ចភាពនេះផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែលរបស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសកម្ពុជានិងមីយ៉ាន់ម៉ាកំពុងប្រឈមការបាត់បង់ការអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញទៅទីផ្សារសហភាពអឺរ៉ុបដែលជាទីផ្សារពាណិជ្ជកម្មធំជាងគេក្នុងពិភពលោក ដោយសារតែមានការរំលោភសិទ្ធិមនុស្ស ប៉ុន្តែទណ្ឌកម្មដែលអាចនឹងកើតមាននេះគឺដាច់ដោយឡែកពីវិធានការការពារទីផ្សារអង្ករអឺរ៉ុប។
ប្រទេសទាំងពីរដដែលនេះទទួលបានផលប្រយោជន៍ពីកម្មវិធីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបឈ្មោះ«គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA ដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុតក្នុងពិភពលោកអាចនាំទំនិញភាគច្រើនទៅលក់នៅទីផ្សារសហភាពអឺរ៉ុបដោយមិនបាច់បង់ពន្ធគយ។
ប៉ុន្តែគណៈកម្មការដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនៅអឺរ៉ុបបាននិយាយថា ការស៊ើបអង្កេតបានបញ្ជាក់ថាការកើនឡើងយ៉ាងខ្លាំងនៃការនាំអង្ករពីប្រទេសកម្ពុជានិងមីយ៉ាន់ម៉ាបានធ្វើឱ្យប៉ះពាល់កសិករសហភាពអឺរ៉ុប៕