នៅក្នុងចំណោមប្រទេសចំនួន១៥ដែលនាំចេញខ្សាច់ច្រើនជាងគេបង្អស់ក្នុងពិភពលោក ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៧ នាំមុខប្រទេសមួយចំនួនមកពីតំបន់អឺរ៉ុប និងអាហ្វ្រិក។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយគេហទំព័រ World's Top Exports ឬហៅកាត់ថា (WTEx) ដែលស្រាវជ្រាវអំពីការនាំចេញរបស់ប្រទេសនៅជុំវិញពិភពលោក។
តួលេខស្តីពីការនាំចេញខ្សាច់ក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ ដែលបានចេញផ្សាយកាលពីខែមិថុនាកន្លងទៅនេះ បង្ហាញឲ្យឃើញថា កម្ពុជា ដែលជាប្រទេសដ៏តូចបំផុតមកពីតំបន់អាស៊ីអាគ្នេយ៍ក្នុងចំណោមប្រទេសទាំង១៥នេះ បាននាំចេញខ្សាច់ដែលមានទឹកប្រាក់សរុបចំនួន ៣៤លាន ៦សែនដុល្លារអាមេរិក បន្ទាប់ពីប្រទេសបារាំងដែលជាប់លំដាប់ថ្នាក់ទី៦ ដោយនាំចេញខ្សាច់ក្នុងទឹកប្រាក់ចំនួន ៥៤លាន ៧សែនដុល្លារ។ បើប្រៀបធៀបពីឆ្នាំ២០១៤ ការនាំខ្សាច់កម្ពុជាកើនឡើងចំនួនជាង ៤៦០០ភាគរយ ដែលស្ថិតក្នុងចំណោមប្រទេសដែលនាំចេញខ្សាច់ដ៏រហ័សបំផុត។ ក្នុងចំណោមប្រទេសទាំង១៥នេះ សហរដ្ឋអាមេរិកជាប់លំដាប់ថ្នាក់លេខ១ ដោយនាំចេញខ្សាច់ជាទឹកប្រាក់សរុប ៥៣៤លាន ១សែនដុល្លារ។
ខ្សាច់ គឺជាធនធានដ៏សំខាន់មួយសម្រាប់វិស័យសំណង់ ឧស្សាហកម្ម និងដំណាំកសិកម្មផ្សេងៗ ជាពិសេសខ្សាច់ល្បាយភក់។ កម្ពុជាធ្វើសកម្មភាពបូមខ្សាច់តាមតំបន់ទន្លេមេគង្គ និងតាមតំបន់មាត់សមុទ្រ ជាពិសេសនៅខេត្តកោះកុង ដើម្បីបំពេញតម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ដូចជាទៅកាន់ប្រទេសសិង្ហបុរី តៃវ៉ាន់ និងឥណ្ឌាជាដើម។
ក៏ប៉ុន្តែ សកម្មភាពបូមខ្សាច់ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចដោយក្រុមហ៊ុនឯកជន និងដែលកើតឡើងដោយសារអំពើពុករលួយ និងបក្ខពួកនិយម បានបង្កជាក្តីកង្វល់ធ្ងន់ធ្ងរខាងបរិស្ថាន និងការប្រឈមខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើតាមលើកឡើងជាបន្តបន្ទាប់របស់ក្រុមអ្នកការពារបរិស្ថាននៅកម្ពុជា។
លោក ថុន រដ្ឋា សកម្មជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ បានប្រាប់ VOA ថា អាជីវកម្មបូមខ្សាច់នៅកម្ពុជាផ្តល់ផលប្រយោជន៍ដល់តែក្រុមអ្នកវិនិយោគទុនតែប៉ុណ្ណោះ ហើយអ្នកដែលរងផលប៉ះពាល់ពីសកម្មភាពរុករកធម្មជាតិមួយនេះ គឺប្រជាពលរដ្ឋតាមមូលដ្ឋាន។
«ទី១គឺតម្រូវការក្នុងស្រុក កំពុងតែមានការកើនឡើង ហើយយើងសោកស្តាយ ដែលនៅពេលខ្សាច់ខ្មែរត្រូវបាននាំចេញទៅក្រៅប្រទេស ហើយអ្វីដែលយើងកាន់តែសោកស្តាយទៀតនោះ គឺវាបានបំផ្លាញជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលគាត់រងគ្រោះដោយសារតែអាជីវកម្មបូមខ្សាច់»។
ផលប៉ះពាល់ដែលបង្កឡើងដោយការបូមខ្សាច់ រួមមានការបំផ្លាញប្រព័ន្ធជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា ការបាត់បង់ផ្ទះសម្បែងដោយសារតែការបាក់ច្រាំងដី ជាពិសេសសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គ និងការបាត់បង់មធ្យោបាយប្រកបមុខរបរចិញ្ចឹមជីវិត តាមរយៈការនេសាទត្រីសាប និងសមុទ្រជាដើម។
លោក ថុន រដ្ឋា បានលើកឡើងថា៖ «ការបាក់ច្រាំងច្រើន មានទាំងនៅរការកោង ជាពិសេសហ្នឹងគឺនៅតាមតំបន់ណាក៏ដោយ នៅពេលណាមានអាជីវកម្មបូមខ្សាច់ យើងតែសង្កេតឃើញថាមានការបាក់ច្រាំង រហូតដល់បាក់ផ្ទះប្រជាពលរដ្ឋ និងផ្លូវ»។
ការបូមខ្សាច់សម្រាប់ការនាំចេញក្រៅប្រទេសនេះគឺជាអាជីវកម្មមួយដែលទទួលបានប្រាក់ចំណេញរាប់រយលានដុល្លារ។ កាលពីឆ្នាំ២០១៧ របាយការណ៍មួយរបស់អង្គការចលនាមាតាធម្មជាតិបានរកឃើញថា កម្ពុជាបាននាំចេញខ្សាច់ស៊ីលីកាទៅកាន់ដែនកោះតៃវ៉ាន់ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិកក្នុងចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០១៦ ប៉ុន្តែរបាយការណ៍នេះត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោល។
ចាប់តាំងពីឆ្នាំ២១៥មក សកម្មជនការពារបរិស្ថានរបស់ចលនាមាតាធម្មជាតិ បានធ្វើការស៊ើបអង្កេត និងផ្សព្វផ្សាយអំពីសកម្មភាពបូមខ្សាច់ខុសច្បាប់នានានៅក្នុងប្រទេសកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីទាមទារការចាត់វិធានការពីរដ្ឋាភិបាលកម្ពុជា ដោយទទួលការគំរាមកំហែងនានា ហើយសេចក្តីរាយការណ៍របស់ពួកគេត្រូវបានច្រានចោលដោយរដ្ឋាភិបាលនិងអាជ្ញាធរកម្ពុជាជាញឹកញាប់។
នៅខែកក្កដា ឆ្នាំ២០១៧ ដោយទទួលបានសម្ពាធជាបន្តបន្ទាប់ជុំវិញសកម្មភាពបូមខ្សាច់បែបមិនប្រក្រតី ក្រសួងរ៉ែនិងថាមពលបានចេញសេចក្តីប្រកាសមួយ ដោយបានបញ្ឈប់ការនាំចេញខ្សាច់សំណង់គ្រប់ប្រភេទ រួមទាំងខ្សាច់ល្បាយភក់ នៅខេត្តកោះកុង ចេញទៅក្រៅប្រទេស។
ទោះជាយ៉ាងណាមិញ លោក ថុន រដ្ឋា បានលើកឡើងថា សកម្មភាពបូមខ្សាច់ខុសច្បាប់នៅតែមាន ហើយរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តចាត់វិធានការតឹងរ៉ឹងជាងមុន ដើម្បីផលប្រយោជន៍នាពេលអនាគតរបស់កម្ពុជា។
«វាអាចប៉ះពាល់ទៅកាន់ប្រទេសជាតិនៅថ្ងៃខាងមុខ នៅពេលដែលយើងត្រូវការខ្សាច់ យើងចាប់ផ្តើមបាត់ អត់មានធនធានទាំងអស់ហ្នឹង ហើយយើងចាប់ផ្តើមនឹងចំណាយលុយច្រើនទៅក្រៅប្រទេស នេះបើយើងគិតពីជីវភាពរបស់ពលរដ្ឋវាមានផលប៉ះពាល់។ ហើយបច្ចុប្បន្ន ខណៈកម្ពុជាមិនទាន់មានការគ្រប់គ្រងអាជីវកម្មខ្សាច់ហ្នឹងទេ ឲ្យមានភាពល្អប្រសើរនិងតម្លាភាពទេ វានឹងប៉ះពាល់ទៅកាន់បរិស្ថានធ្ងន់ធរ ហើយជាពិសេសហ្នឹងគឺប្រជាពលរដ្ឋដែលគាត់រស់នៅក្បែរតំបន់ដែលមានអាជីវកម្មខ្សាច់ហ្នឹង»។
ចាប់តាំងពីមានការហាមឃាត់ការនាំចេញខ្សាច់គ្រប់ប្រភេទនៅខេត្តកោះកុងចេញក្រៅប្រទេសមក លោក ថុន រដ្ឋា បានកត់សម្គាល់ឃើញថា ការបូមខ្សាច់តាមតំបន់ឆ្នេរចេញទៅក្រៅប្រទេសមានការថយចុះ ប៉ុន្តែលោកថា ការបូមខ្សាច់ទន្លេបែរជាមានការកើនឡើងខ្លាំង។
រដ្ឋាភិបាលកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណាលើរបាយការណ៍របស់ World's Top Exports នេះនៅឡើយទេ៕