រដ្ឋាភិបាល​កម្ពុជា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​​ដល់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ

  • Robert Carmichael

កម្មករ​រោងចក្រ​អង្គុយ​សម្រាក​នៅ​ក្នុងរោងចក្រ​មួយ ក្រោយ​ពី​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែ​តុលា ឆ្នាំ២០១៥។ (REUTERS/Samrang Pring)

រដ្ឋាភិបាល​កម្ពុជា ​បានប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​ប្រាក់ឈ្នួល​អប្បបរមា​​នៃ​វិស័យ​កាត់​ដេរ​ដែល​​ជា​វិស័យនាំ​ចេញ​ដ៏​សំខាន់​និង​ជា​ឧស្សាហកម្ម​ដ៏​ធំបង្អស់​ នឹង​កើន​ដល់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ។

រដ្ឋាភិបាល​កម្ពុជា ​បានប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​ប្រាក់ឈ្នួល​អប្បបរមានៃ​វិស័យ​កាត់​ដេរ​ដែលជា​វិស័យនាំ​ចេញ​ដ៏​សំខាន់​និង​ជា​ឧស្សាហកម្ម​ដ៏​ធំបង្អស់​ នឹង​កើន​ដល់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ។ ​នេះ​ជា​ការកើន​ឡើង​ជិត​១០​ភាគរយ ​ច្រើន​ជាង​ក្រុមហ៊ុន ​ចង់​បាន ​ក៏ប៉ុន្តែ ​តិច​ជាង​ចំនួន​ដែល​សហជីព​ស្វះស្វែង​ចង់​បាន។

ការ​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ដោយ​ក្រសួង​ការងារ​ឲ្យ​ដឹង​ថា ​ប្រាក់​ឈ្នួល​អប្បបរមា ​នឹង​ឡើង​ដល់​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​៧​សែន​នាក់​របស់​ផ្នែក​កាត់​ដេរ ដែល​នឹង​ចូល​ជាធរមាន​នៅ​ខែ​មករា។

​ការ​ដំឡើង​ប្រាក់​ឈ្នួល​ពី​១២៨​ដុល្លារ​កាល​ពី​ពេល​មុន ​កើត​មាន​ឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ការ​ចរចា​ដ៏​ស្វិតស្វាញ​រវាង​រដ្ឋាភិបាល​ ថៅ​កែ​រោង​ចក្រ ​និង​សហជីព។

​សមាគម​រោង​ចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា​ ឬ ​GMAC ​ដែល​តំណាង​ឲ្យ​រោងចក្រ​៦០០​ ដែល​នាំ​ចេញ​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង ​ប្រាប់​ឲ្យ​ដឹង​ថា ​សមាគម​យល់​ព្រម​ទទួល​យក​ការ​បង្កើន​ប្រាក់​ឈ្នួល ​ថ្វីបើ​មាន​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ចំនួន​ប្រាក់​ឈ្នួល​ទាប​ជាង​នេះ​ក៏​ដោយ។

លោក Ken Loo ​អគ្គលេខា​ធិការ​របស់​សមាគម​រោង​ចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា ​ឬ ​GMAC ​បាន​ថ្លែង​ដូច្នេះ​ថា៖

«ក្នុង​ឋានៈ​ជា​អង្គភាព​ ឬ​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​បរិយាកាស​នេះ ​យើង ​ត្រូវ​តែ​គោរព​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល។ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​យើង​ចង់​ព្រមាន​ ​ឬ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ថា ​ប្រសិន​បើ​យើង​មិន​បាន​បង្កើន​ផលិត​ភាព​ ​និង​ប្រសិទ្ធភាព​ទេ ​ហើយ​ប្រសិន​បើ​ពួក​អ្នក​ទិញ​បន្ត​សន្យា​តែ​មាត់​ទទេ ​ឬ​បន្ត​លាក់​ពុត​អំពី​ការ​ដំឡើង​តម្លៃ​របស់​ពួកគេ​ ដែល​បង់​ទៅ​ឲ្យ​រោងចក្រ​នៅ​ទី​នេះ​ទេ ​បន្ទាប់​មក​អស់​លោក​អ្នក​នឹង​ឃើញ​រោងចក្រ​កាន់​តែ​ច្រើ​ន​ឡើង​បិទទ្វារ ​យើង ​នឹង​ឃើញ​រោងចក្រ​កាន់​តែ​តិច​ទៅ ឬ​ពួក​អ្នក​វិនិយោគទុន​ថ្មី​មក​ប្រទេស​កម្ពុជា​ទេ ហើយ​នេះ​ជា​ការ​ពិត‍»។

សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន ​ប្រាប់​ឲ្យ​ដឹង​ថា ​សហជីព​ភាគ​ច្រើន ​រួមទាំង​សហជីព​ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​រដ្ឋាភិបាល ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ថ្មី។ ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​សហជីព​យ៉ាង​ហោច​ណាស់​ក៏​២​ដែរ ​មិន​បាន​ចុះ​ហត្ថលេខា។

លោក ​អាត ធន់ ​ជា​ប្រធាន​សហជី​ពសហព័ន្ធ​ការងារ​កម្ពុជា​ដែល​ជា​សហជីព​មួយ​នៃ​សហជីព​ទាំង​២​ដែល​អះអាង​ថា ​មាន​សមាជិក​៧ម៉ឺន​នាក់។ លោក​និយាយ​ថា ​សហ​ជីព​របស់​លោក​នឹង​បន្ត​ជំរុញ​ ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល​១៦០​ដុល្លារ ​ហើយ​នឹង​ពិគ្រោះ​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ ដើម្បី​ស្តាប់​ទស្សនៈ​របស់​ពួកគេ​ មុនពេល​ចាត់​វិធានការ​ថា​តើ​ធ្វើកូដកម្ម​ ឬ​ក៏​អត់។

សេចក្តី​សម្រេច​ចុងក្រោយ​ស្តីពី​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​បាន​សម្រេច​ដោយ​រដ្ឋាភិបាល។

បន្ទាប់​ពី​សម្រេច​ចំនួន​១៣៥​ដុល្លារ ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន ​បាន​បញ្ជារ​ឲ្យ​បន្ថែម​៥ដុល្លារ​ទៀត​ ដែល​ធ្វើ​ឱ្យ​ឡើង​ដល់​ចំនួន​ទាំងអស់​១៤០​ដុល្លារ។

ការ​បង្កើន​របស់​នាយក​រដ្ឋ​មន្រ្តី​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​បន្តិច​បន្តួច ​លោក​បាន​ធ្វើ​កាល​ពី​ឆ្នាំ​ទៅ​ដែល​ជា​ការ​ចង្អុល​បង្ហាញ​ថា តើ​ប្រាក់​ឈ្នួល​អប្បបរមា​នោះ​ជា​បញ្ហា​នយោបាយ​រសើប​យ៉ាង​ដូចម្តេច។

ចំពោះ​បញ្ហា​នេះ ​គណបក្ស​កាន់​អំណាច​ត្រូវ​បំពេញ​ចិត្ត​ពួក​អ្នក​បោះឆ្នោត​១០លាន​នាក់ ​ដែល​កម្មករ​ផ្នែក​កាត់ដេរ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ ហើយ​ក៏​ត្រូវ​ធ្វើ​ឲ្យ​ពួក​អ្នក​វិនិយោគ​ទុន ​សប្បាយ​ចិត្ត​ដែរ។

គណបក្ស​របស់​លោក ហ៊ុន ​សែន ​ហៀប​តែ​ចាញ់​ការ​បោះឆ្នោត​ទូទៅ​នៅ​ឆ្នាំ២០១៣ ​ហើយ​ដោយ​ការ​បោះឆ្នោត​ទូទៅ​លើក​ក្រោយ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ២០១៨​ នោះ ​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​លើក​ស្ទួយ​កិត្យានុភាព​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​កម្មករ​កាត់​ដេរ ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​ក្មេង​ៗ​ដែល​ប្រាក់​ឈ្នួល​របស់​ពួកគេ​ជួយ​ឧបត្ថម្ភ​ក្រុម​គ្រួសារ​ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ទី​ជនបទ ​ហើយ​ជា​ប្រពៃណី​គាំទ្រ​គណបក្ស​ប្រឆាំង។

ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​ជា​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ​ហើយ​មិន​ត្រឹម​តែ​ជា​និយោជក​ដ៏​ធំ​បង្អស់​នោះ​ទេ ​ក៏ប៉ុន្តែ ​ក៏​ជា​អ្នក​រក​ប្រាក់​បរទេស​ដ៏​សំខាន់​មួយ ​ដោយ​ការ​នាំ​ចេញ​មាន​តម្លៃ​ជាង​៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ភាគ​ច្រើន​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប។

ក្រុមហ៊ុន​ល្បីៗ​របស់​ប្រទេស​លោក​ខាង​លិច​បញ្ជារ​ទិញ​ពី​កម្ពុជា។

វិស័យ​កាត់​ដេរ​នេះ​ផ្អែក​លើ​ឈ្មោះ​របស់​ក្រុមហ៊ុន​ល្បី​ៗ​ដូចជា H&M, Adidas, Gap​ និង​Armani ​ក៏​ប៉ុន្តែ​កិត្យា​នុភាព​របស់​វិស័យ​នោះ​បាន​រង​ផល​ប៉ះពាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ដោយសារ​ជម្លោះ​ហើយ​នឹង​ការ​ធ្វើ​បាប​សហជីព​ឯករាជ្យ។ ការ​ធ្វើ​បាប​នោះ ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ដើម​ឆ្នាំ​២០១៤ ​នៅពេល​ដែល​ពួក​អាជ្ញាធរ​កម្ពុជា ​បាន​បាញ់​សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ក៏​៥​នាក់​ដែរ​ក្នុង​អំឡុងពេល​នៃ​ការ​ចលាចល​លើ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ ហើយ​និង​ស្ថានភាព​ការងារ៕

ប្រែសម្រួលដោយ ​ជឹង ​ប៉ូជីន​