គណៈកម្មាធិការជាតិទន្លេមេគង្គជាតិកម្ពុជានឹងបើកកិច្ចប្រជុំជាមួយប្រជាសហគមន៍ ពលរដ្ឋសង្គមស៊ីវិលនៅក្នុងខេត្តនិងរាជធានីចំនួនបីចាប់ពីថ្ងៃសុក្រចុងសប្តាហ៍នេះតទៅ។ កិច្ចប្រជុំនេះដើម្បីស្តាប់ប្រតិកម្មជុំវិញការសង់ទំនប់វារីអគ្គិសនីដនសាហុង នៅប្រទេសឡាវដែលស្ថិតនៅជាងមួយគីឡូម៉ែត្រពីព្រំដែនប្រទេសកម្ពុជា។
លោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាថ្លែងប្រាប់វីអូអេនៅថ្ងៃព្រឹកថ្ងៃច័ន្ទនេះថាកិច្ចប្រជុំនឹងបើកឱកាសឲ្យក្រុមអាជ្ញាធរ សង្គមស៊ីវិលនិងពលរដ្ឋមកពីសហគមន៍នៅទូទាំងប្រទេសកម្ពុជាលើកពីកង្វល់របស់ខ្លួនអំពីផលអវិជ្ជមានពីការសាងសង់ទំនប់វារីអគ្គិសនីនេះ។
លោក តែ ណាវុធ បញ្ជាក់ថា កិច្ចប្រជុំដំបូងនឹងធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែងរយៈពេលពីថ្ងៃគឺពីថ្ងៃទី១៧ដល់១៨ខែតុលានេះ ហើយបន្ទាប់មកនៅក្នុងខេត្តសៀបរាបនៅចុងខែតុលា។ ហើយកិច្ចប្រជុំជាមួយក្រុមប្រជាពលរដ្ឋនិងសង្គមស៊ីវិលនឹងធ្វើឡើងចំនួនពីរដងទៀតនៅក្នុងអំឡុងខែធ្នូក្នុងទីក្រុងភ្នំពេញ។
«អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសថ្នាក់ខេត្តហ្នឹងសង្គមស៊ីវិល សហគមន៍អីហ្នឹងអាជ្ញាធរពាក់ព័ន្ធសឹងតែមួយស្រុកខ្មែរទៅចូលរួមគឺប្រមូលយោបល់ពីពួកគាត់ថាគាត់មានយោបល់ទស្សនៈអ្វីខ្លះលើគម្រោងកសាងទំនប់ហ្នឹង។ គាត់បារម្ភអ្វីខ្លះយើងទទួលយកកត់ត្រាទុក»។
គម្រោងនៃកិច្ចប្រជុំនេះធ្វើឡើងខណៈពេលដែលតំណាងនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) និងតំណាងក្រុមប្រជាសហគមន៍រស់នៅតាមដងទន្លេមេគង្គ និងទន្លេសាបនៅតែទទូចចង់ឲ្យរដ្ឋាភិបាលប្រទេសឡាវបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុងដ៏ចម្រូងចម្រាសនេះ។
សង្គមស៊ីវិល និងពលរដ្ឋអះអាងថាទំនប់ដនសាហុងនឹងបង្កឲ្យមានវិនាសកម្មដល់ធនធានធម្មជាតិដូចជាត្រីពូជដែលកម្រៗ សត្វផ្សោតទឹកសាប និងជីវភាពរស់នៅរបស់ប្រជានេសាទរស់នៅជាប់ដងទន្លេមេគង្គដែលពឹងស្ទើរទាំងស្រុងលើការនេសាទត្រី។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃច័ន្ទនេះដែរ លោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិនៃ NGO Forum បានបង្ហាញពីទុទិដ្ឋិនិយមចំពោះការស្រង់យកសំឡេងប្រតិកម្មរបស់ក្រុមប្រជាពលរដ្ឋនិងសង្គមស៊ីវិលបែបនេះដោយលោកប្រៀបធៀបទៅនឹងការប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីរបស់ប្រទេសឡាវកាលពីពេលកន្លងមក។
លោកបានបន្ថែមថា៖ «បានអនុវត្តបរាជ័យសម្រាប់ទំនប់សាយ៉ាប៊ូរីកន្លងមក ពេលប្រមូលមតិយោបល់បួនប្រទេសហ្នឹងឡាវមិនពិចារណាចាប់អារម្មណ៍ទេ។ ចឹងយើងអត់ចង់ឃើញទំនប់ដនសាហុងបរាជ័យដូចសាយ៉ាប៊ូរីទេ»។
លោក គង់ ចន្ធី គឺជាតំណាងប្រជាសហគមន៍មកពីខេត្តស្ទឹងត្រែង។សហគមន៍របស់លោកស្ថិតនៅចម្ងាយប្រហែលជាង១គីឡូម៉ែត្រពីទីតាំងដែលទំនប់ដនសាហុងត្រូវសាងសង់។លោកបញ្ជាក់ដដែលៗពលរដ្ឋក្នុងសហគមន៍របស់ដែលមានជាង៩០% ពឹងលើផលនេសាទនឹងជួយវិបត្តិធ្ងន់ធ្ងរប្រសិនបើទំនប់ដងសាហុងត្រូវគេសាងសង់។
«តំបន់ផ្សោតរស់នៅនិងតំបន់ដែលឡាវសង់ទំនប់ហ្នឹងនៅឆ្ងាយពីគ្នាមួយគីឡូដីហ្នឹង។ មួយទៀតមានអន្លង់ជាច្រើនសម្រាប់ត្រីមេពូជរស់នៅ។ ចឹងពេលទំនប់ហ្នឹងគេសាងសង់ត្រីមេពូជទាំងអស់ហ្នឹងនឹងបាត់បង់»។
លោកឡុង សុចែត គឺតំណាងសហគមន៍ខេត្តពោធិ៍សាត់របស់សហគមន៍អ្នកនេសាទនៅជុំវិញទន្លេសាប។ លោកបញ្ជាក់ថាទំនប់ដនសាហុងក៏នឹងធ្វើឲ្យរបបទឹកនៅក្នុងទន្លេសាបដែលមានជាង៦២%បានមកពីទន្លេមេគង្គក៏នឹងជួបបញ្ហាដែរ។
លោកតែណាវុធទទួលស្គាល់ដែលថាតាមក្របខណ្ឌច្បាប់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាគ្រាន់តែអាចចងក្រងលទ្ធផលក្រោយការពិភាក្សាពិគ្រោះយោបល់ហើយដាក់ទៅឲ្យគណៈកម្មការទន្លេមេគង្គថ្នាក់តំបន់ដើម្បីពិភាក្សាតែប៉ុណ្ណោះ។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីមានតម្លៃប្រមាណ ៣.៨០០លានដុល្លារនេះត្រូវគេរំពឹងទុកថាអាចនឹងផ្ដល់កម្រិតភ្លើង២៦០មេហ្គាវ៉ាត់។ ក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ីមេហ្គាហ្វីស (Mega First) ជាអ្នកទទួលបន្ទុកសាងសង់ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសនេះ។
ដោយឡែកកាលពីដើមខែកញ្ញាកន្លងទៅប្រជាពលរដ្ឋសរុប ២៧ម៉ឺននាក់នៅទាំងពិភពលោកបានធ្វើការដាក់ញត្តិរួមគ្នាទាមទារឲ្យប្រទេសឡាវផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងនេះជាបណ្ដោះអាសន្នសិន។
ជាមួយគ្នានេះរដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាម និងថៃនៅតែទទូចចង់ឲ្យប្រទេសឡាវផ្អាកគម្រោងសាងសង់នេះដែរដើម្បីបើកការសិក្សាលម្អិតអំពីផលប៉ះពាល់ និងរបៀបដែលអាចបញ្ចៀសផលប៉ះពាល់ទាំងអស់នោះជាមុនសិន៕