ក្រុម​បាតុករ​ដង្ហែ​ញត្តិ​ទាមទារ​ឱ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​សូម​ទោស

ملٹر ی جیپ کو جائے وقوعہ سے ہٹایا جارہا ہے

ប្រជាពលរដ្ឋ​ខ្មែរ ​និង​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​ពាន់​នាក់​រួម​ទាំង​ព្រះ​សង្ឃ​និង​ក្រុម​យុវជន​ផង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ដង្ហែ​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម​និង​ស្ថានទូត​បរទេស​សំខាន់ៗ​ចំនួន​៦ ដើម្បី​ទាមទារ​ឱ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​សុំ​ទោស​ជុំ​វិញ​ការ​អះអាង​ថា​កម្ពុជា​ក្រោម​ជា​ទឹក​ដី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ប៉ុន្តែ​ពុំ​មាន​មន្ត្រី​ស្ថានទូត​វៀតណាម​ណា​ម្នាក់​ចេញ​មក​ទទួល​ញត្តិ​នោះ​ទេ។​ (ចុច​មើល​កម្រង​រូបថត​បាតុកម្ម)

តាំង​ពី​ព្រឹក​ព្រលឹម ក្រុម​បាតុករ​បាន​ធ្វើ​ដំណើរ​ដោយ​ដើរ ជិះ​កង់ ម៉ូតូ និង​រឺម៉កកង់​បី​ជា​ក្បួន​ដើម្បី​ដង្ហែ​ញត្តិ​របស់​ខ្លួន​ទៅ​ដាក់​នៅ​ស្ថានទូត​បារាំង សហរដ្ឋ​អាមេរិក អង់គ្លេស សហភាព​អឺរ៉ុប ​រុស្ស៊ី និង​ស្ថានទូត​ចិន ​មុន​ហ្នឹង​សំដៅ​ឆ្ពោះ​ទៅ​កាន់​ស្ថានទូត​វៀតណាម។ ក្រុម​បាតុករ​បាន​ពាក់​អាវ​យឺត​ស ​ដែល​សរសេរ​ថា​ «ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ខ្មែរ» និង​មាន​កាន់​បដា​ដែល​សរសេរ​ថា​ «ខ្មែរ​ក្រោម ខ្មែរ​លើ ខ្មែរ​កណ្តាល ឈាម​ខ្មែរ​តែ​មួយ» និង​ «ខ្មែរ​ស្នេហា​ជាតិ​ក្រោក​ឡើង​ហើយ»​ជា​ដើម។​

លោក​ ថាច់ សេដ្ឋា​ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​ថ្លែង​ទៅ​កាន់​ហ្វូង​បាតុករ​ថា ​អ្នក​នាំ​ពាក្យ​វៀតណាម​លោក​ត្រឹង វ៉ាន់ថុង​ គប្បី​សូម​ទោស​ជា​សាធារណៈ​ដល់​ពលរដ្ឋ​ខ្មែរ។​

«យើង​ខ្ញុំ​មក​មិន​មែន​មាន​ន័យ​ថា​ ប្រកាន់​ពូជសាសន៍ ​ស្អប់​ខ្ពើម​ ឬ​ប្រឆាំង​រដ្ឋាភិបាល​យួន​ទេ។ ​ប៉ុន្តែ​អ្វី​ដែល​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ និង​រដ្ឋាភិបាល​ខ្លួន​បាន​និយាយ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ​ដែល​និយាយ​ថា​ ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​វៀតណាម​ជា​យូរ​លុង​ណាស់​មក​ហើយ​នោះ​ ត្រូវ​ទទួល​ស្គាល់​ការណ៍​ពិត​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ»។​

នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​បាតុកម្ម​ទាមទារ​ឱ្យ​លោក​ត្រឹង វ៉ាន់ថុង អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​សុំ​ទោស​ជា​សាធារណៈ​ជុំ​វិញ​ការ​អត្ថាធិប្បាយ​ដ៏​ចម្រូង​ចម្រាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៦​មិថុនា​ ដោយ​បាន​អះអាង​ថាកម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​ដូនតា​ខ្លួន។ ​កាល​ពី​ថ្ងៃ​ទី​៨​កក្កដា ​ក្រុម​បាតុករ​បាន​ធ្វើ​បាតុកម្ម​នេះ​ម្តង​ហើយ​នៅ​ពី​មុខ​ស្ថានទូត​វៀតណាម។​

បុរស​ម្នាក់​បង្ហាញ​ផែនទី​ទឹកដី​កម្ពុជា​ក្រោម​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្មមួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៤ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​សុំ​ទោស​របស់​ស្ថានទូត​វៀតណាម​ចំពោះ​អត្ថាធិប្បាយ​អំពី​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)

ពាក់​មួក​កាស ​និង​វែនតា​ខ្មៅ បុរស​ចំណាស់​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​និយាយក្នុង​សំឡេង​រដឺនៗ​ថា៖

«ខ្មែរ​ក្រោម​ដែល​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​នេះ​ដើម្បី​ឱ្យ​ត្រឹង ​វ៉ាន់ថុង​ហ្នឹង​សូម​ទោស​ ព្រោះ​ទឹក​ដី​ហ្នឹង​មិន​មែន​ជា​របស់​យួន​ទេ​គឺ​របស់​ខ្មែរ​កម្ពុជា​ក្រោម​រាប់​សតវត្សរ៍​មក​ហើយ​ ដែល​យួន​បាន​ឈ្លាន​ពាន»។​

ក្បួន​បាតុកម្ម​នេះ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ប្រុង​ប្រយ័ត្ន​ពី​កង​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ដំបង និង​កាំភ្លើង​ជា​ច្រើន​រយ​នាក់ ​ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ដែល​ហ្វូង​បាតុករ​ឆ្លង​កាត់ ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​នោះ​ទេ។​

លោក​ណៃ វង់ដា ​អនុ​ប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ បាន​សរសើរ​ការ​អត់​ធ្មត់​រវាង​ភាគី​ទាំង​ពីរ។​

«ការ​ដង្ហែ​ក្បួន​នេះ​ដំណើរការ​ដោយ​សន្តិវិធី​ មិន​មាន​ការ​រារាំង​អ្វី​ជា​ដុំ​កំភួន​ទេ។ ​យើង​ឮ​ដំណឹង​ថា ​មាន​ការ​រារាំង​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី។​ ប៉ុន្តែ​ពួក​គាត់​បាន​ទម្លុះ​ចេញ​រហូត​មក​ដល់​ចំហៀង​ខាង​កើត​ស្ថានទូត​វៀតណាម​នេះ។ ​ ប៉ុន្តែ​មិន​មាន​បញ្ហា​អ្វី​ជា​ដុំ​កំភួន​ទេ»។

ក្រុម​បាតុករ​បាន​យក​ញត្តិ​របស់​ខ្លួន​ទៅ​ដាក់​នៅ​ស្ថានទូត​នានា ដោយ​ជោគជ័យ ​ប៉ុន្តែ​ពុំ​មាន​តំណាង​ស្ថានទូត​វៀតណាម​ណា​ម្នាក់​ចេញ​មក​ទទួល​ញត្តិ​នោះ​ទេ។ ​ក្រុម​បាតុករ​បាន​ឈរ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​រហូត​ដល់​ថ្ងៃ​រសៀល ​មុន​នឹង​រំសាយ​ទៅ​វិញ ​ហើយ​ប្រកាស​ថា ​នឹង​មក​តវ៉ា​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អង្គារ​ស្អែក។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ពីលោក​ត្រឹង វ៉ាន់ថុង ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ តែ​លោក​បាន​ថ្លែង​ថា ​លោក​កំពុង​ជាប់​រវល់។

«សូម​អធ្យាស្រ័យ ​ខ្ញុំ​អត់​មាន​ពេល​ទេ។ ​ភ្ញៀវ​គេ​អញ្ជើញ​មក​ច្រើន​ណាស់»។

លោក​ ឡុង ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​ថ្លែង​ថា​ ខ្លួន​នឹង​ពិភាក្សា​ជាមួយ​តំណាង​បាតុករ​ដើម្បី​រក​ដំណោះស្រាយ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​បញ្ជៀស​បាតុកម្ម​ជា​ថ្មី​ម្តង​ទៀត។​

«ពិភាក្សា​គ្នា​ដើម្បី​រក​វិធី​ដោះស្រាយ​ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​បញ្ជូន​ញត្តិ​ហ្នឹង​ឱ្យ​ទៅ​ដល់​ដៃ​រដ្ឋាភិបាល​វៀតណាម។ ​កុំ​ឱ្យ​គាត់​តវ៉ា​ត​ទៅ​ទៀត​ ដែល​វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ផង។ ​អ្វី​ដែល​គាត់​ចង់​សម្តែង​មតិ​មួយ​ថ្ងៃ​នេះ ​ដោយ​ហែ​ញត្តិ​ទៅ​ស្ថានទូត​៦​ហ្នឹង​គឺ​គាត់​បាន​សម្តែងរួច​ហើយ»។​

សូម​បញ្ជាក់​ថា ​កម្ពុជា​ក្រោម​ជា​ទឹកដី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ ដែល​សព្វ​ថ្ងៃ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​វៀតណាម។ ​បារាំង​ដែល​ជា​ម្ចាស់​អាណានិគម​នៅ​ឥណ្ឌូចិន​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចេញ​ពី​កម្ពុជា​ឱ្យ​ទៅ​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​វៀតណាម​កាល​ពី​ថ្ងៃ​ទី​៤​មិថុនា​ ឆ្នាំ​១៩៤៩៕