ប្រជាពលរដ្ឋក្រីក្រ អ្នករងគ្រោះក្នុងជម្លោះដីធ្លី ព្រះសង្ឃ សិស្សានុសិស្ស និងតំណាងក្រុមអង្គការសង្គមស៊ីវិលប្រហែលជាង១.០០០នាក់នៅព្រឹកថ្ងៃច័ន្ទនេះបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ បញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នឹងត្រូវស្វែងរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារការបណ្ដេញចេញដោយបង្ខំពីលំនៅដ្ឋានរបស់ពួកគេដោយសារគម្រោងអភិវឌ្ឍន៍ក្នុងទីក្រុង និងបណ្ដាខេត្តកន្លងមក។
សេចក្តីអំពាវនាវធ្វើឡើងនៅចំទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី២៩នៅក្នុងទីក្រុងភ្នំពេញដែលអ្នកចូលរួមទាំងនេះបានប្រមូលផ្ដុំគ្នានៅអតីតសហគមន៍ដីក្រហមដែលនៅទីនេះកាលពី៥ឆ្នាំមុនប្រជាពលរដ្ឋក្រីក្រចំនួនជាង១.៧០០គ្រួសារត្រូវបណ្តេញចេញសម្រាប់អ្វីមួយដែលក្រុមអាជ្ញាធរហៅថាដើម្បីការអភិវឌ្ឍទីក្រុងហើយប្រជាពលរដ្ឋទាំងនេះត្រូវគេមើលឃើញថាទទួលបានសំណងមិនសមរម្យ។
ក្រោយពីបានជួបជុំគ្នានៅអតីតដីសហគមន៍ដីក្រហមនេះអស់រយៈពេលជាងមួយម៉ោងនៅម៉ោងប្រមាណជាង៩ព្រឹកអ្នកចូលរួមបានដើរដង្ហែរក្បួនយកញត្តិទៅដាក់នៅមន្ទីររដ្ឋសភាជាតិនិងគ្រោងដើរយកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធរតម្រូវអ្នកតវ៉ាយកញត្តិទៅដាក់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជំនួសវិញ។
នៅពេលទៅដល់មុខរដ្ឋសភាក្រុមអ្នកចូលរួមភាគច្រើនដែលពាក់មួយស្លឹកត្នោត និងស្លៀកពាក់អាវពណ៌សមានសសេរថា«សំឡេងអ្នកក្រីក្រក្នុងទីក្រុង»បានស្រែកទាមទារឲ្យសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជានិងសង្គ្រោះជាតិឲ្យចេញមកទទួលយកញត្តិរបស់ពួកគេ។
«សំឡេងនៃការស្រែកទាមទាររបស់ក្រុមប្រជាពលរដ្ឋ»។
បន្ទាប់ពីមានការតវ៉ាមួយរយៈគេឃើញមានតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជានិងសង្គ្រោះជាតិចេញមកទទួលយកញត្តិរបស់ពលរដ្ឋ។
លោកស្រី ឡោក ខេង សមាជិកគណៈកម្មការទី១ដែលជាគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេតនិងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជាបានទទួលពាក្យបណ្ដឹងនិងបានសន្យាថានឹងយកញត្តិរបស់ពលរដ្ឋទៅពិនិត្យ នឹងពិភាក្សាបន្ត។
«យើងនឹងរៀបចំយន្តការតាមដាននឹងជំរុញលើយន្តការដែលបានដោះស្រាយកន្លងមកថាមានកន្លែងខ្វះខាតកន្លែងណាកែសម្រួលបន្ថែមទៀត។ យើងនឹងធ្វើការកែទម្រង់ឲ្យដល់ឬគល់ទាំងអស់»។
រីឯលោកស្រី កែ សុវណ្ណរ័ត្ន តំណាងរាស្ត្រមណ្ឌលសៀមរាបរបស់គណបក្សសង្គ្រោះជាតិថ្លែងថាអ្នកតំណាងរាស្ត្រនឹងខិតខំជួយដល់ប្រជាពលរដ្ឋ។
«យើងខ្ញុំនឹងខិតខំបំពេញតួនាទីកាតព្វកិច្ចក្នុងការជំរុញដោះស្រាយលើបញ្ហាដែលបងប្អូនកំពុងផ្ដល់ជាព័ត៌មានលើជាបញ្ហាជួយដល់បងប្អូន»។
យោងតាមញត្តិដែលក្រុមប្រជាពលរដ្ឋដែលមកពីសហគមន៍ និងតំណាងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន១១២ស្ថាប័នដាក់ជូនដល់រដ្ឋសភាជាតិ និងសាលារាជធានីភ្នំពេញបញ្ជាក់ថាប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងទីក្រុងភ្នំពេញច្រើនជាង១០ភាគរយត្រូវបានបណ្ដេញចេញពីលំនៅដ្ឋាននៅក្នុងជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ហេតុផលដែលអាជ្ញាធរបានប្រើសម្រាប់ការជម្លៀសពលរដ្ឋចេញពីលំនៅដ្ឋាននោះគឺការអភិវឌ្ឍន៍សម្រាប់ប្រយោជន៍សាធារណៈ កែលម្អសោភ័ណភាពសាធារណៈ សន្តិសុខ និងសណ្ដាប់ធ្នាប់។
ក៏ប៉ុន្តែពលរដ្ឋក្រក្រីមិនដែលទទួលបានផលប្រយោជន៍អ្វីពីការអភិវឌ្ឍន៍របស់រដ្ឋាភិបាលឡើយ។ ជំនួសមកវិញពលរដ្ឋក្រីក្រត្រូវបានបង្ខំឲ្យចាកចេញពីលំនៅដ្ឋានទៅរស់នៅលើទីតាំងថ្មីដែលគ្មានហេដ្ឋារចនាសម្ព័ន្ធ និងសេវាសង្គមគ្រប់គ្រាន់នៅឡើយ។ ក្នុងញត្តិដដែលក៏ទទូចចង់ឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញគោរព និងការពារសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋក្រីក្រ និងជនដែលត្រូវបានបណ្ដេញចេញពីលំនៅដ្ឋាន។
អ្នកស្រីអ៊ីម ស្រីទូចប្រជាពលរដ្ឋរស់ដែលត្រូវបណ្ដេញចេញពីលំនៅស្ថាននៅតំបន់បឹងកក់និយាយថាពលរដ្ឋក្រីក្រមិនត្រូវបានរដ្ឋាភិបាលគិតគូរឡើយ។
«ពួកយើងអ្នកក្រីក្រដែលទទួលបានផលអ្វីពីការអភិវឌ្ឍន៍របស់រដ្ឋាភិបាលដែរឬអត់។ ថ្ងៃនេះសំខាន់សម្រាប់យើងនិយាយអ្វីដែលរងគ្រោះ នឹងប្រឈមនឹងការបណ្ដេញចេញឲ្យពិភពលោកបានដឹង»។
អ្នកស្រីកែវ ញ៉រគឺជាប្រជាពលរដ្ឋមកពីសហគមន៍រងគ្រោះក្នុងជម្លោះដីធ្លីក្នុងខេត្តព្រះវិហារ។អ្នកស្រីនិងក្រុមគ្រួសារត្រូវបានបណ្ដេញចេញពីលំនៅឋានដោយបង្ខំ។ គាត់ចង់ឲ្យអាជ្ញាធរប្រគល់ដីធ្លីឲ្យគ្រួសាររបស់អ្នកស្រីវិញ។
«អត់មានអ្វីស៊ីទេ។ ដីធ្លីគេយកអស់ហើយ។ កូនចៅគ្មានបានទៅរៀនសូត្រអ្វីទេ។រាល់ថ្ងៃខ្ញុំដើរសុំទានគេហើយលោកអើយ។ ហ៊ុនសែនជួយកូនចៅផង»។
លោកអំសំអាតប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សលីកាដូ (Licadho)និយាយថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជាង១៥ម៉ឺនគ្រួសារត្រូវបានបណ្ដេញចេញពីលំនៅដ្ឋាន នឹងរំលោភយកដីធ្លី។ចាប់តាំងពីឆ្នាំ១៩៩៣រហូតមកទល់បច្ចុប្បន្ននេះ។ លោកថ្លែងថារដ្ឋាភិបាលកម្ពុជានៅមិនទាន់បានគោរពគោលការណ៍សិទ្ធិមានលំនៅដ្ឋានឲ្យបានត្រឹមត្រូវនៅឡើយទេ។
«ចឹងបើគិតពីគោលការណ៍ពីសិទ្ធិមានលំនៅដ្ឋានសមរម្យរបស់ពលរដ្ឋរដ្ឋាភិបាលនៅមិនទាន់អនុវត្តឲ្យបានពេញលោក។ រដ្ឋាភិបាលនៅតែបន្តរំលោភទៅលើសិទ្ធិរបស់ពលរដ្ឋចឹង»។
លោកសៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានបន្ថែមថា៖
«ក្នុងអាណត្តិរបស់លោកចៅហ្វាយក្រុងមុនមានការបណ្ដេញហ្នឹងមានសន្ទុះខ្លាំង ក្នុងអណត្តិនេះហាក់បីដូចជាស្ងប់បន្តិច ក៏ប៉ុន្តែករណីចាស់ៗហ្នឹងមិនទាន់បានដោះស្រាយឲ្យចប់នៅឡើយ»។
អភិបាលរងក្រុងភ្នំពេញលោកឃួង ស្រេងថ្លែងបញ្ជាក់ថា នឹងមានការពិនិត្យលើការទាមទាររបស់ក្រុមប្រជាពលរដ្ឋទាំងនេះ។
«តំណាងសាលារាជធានីភ្នំពេញដែលមានរូបខ្ញុំ និងខុទ្ទកាល័យសម្ដេចតេជោ ព្រមទាំងរដ្ឋសភាឲ្យគាត់ទទួលពិនិត្យដើម្បីបញ្ចប់កិច្ចការរបស់គាត់ ហើយយើងនឹងពិនិត្យមើលសំណើរបស់គាត់»។
ក្រុមប្រជាពលរដ្ឋបានបិទបញ្ចប់ការតវ៉ារបស់ខ្លួននៅម៉ោងប្រមាណប្រមាណជាង១២ថ្ងៃត្រង់៕