រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យប្រទេសវៀតណាមបញ្ឈប់ការជីកដីធ្វើគ្រឹះសម្រាប់ការសាងសង់ប៉ុស្តិ៍យោធានៅត្រង់ចំណុចជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយចាត់ទុកថា មិនទាន់មានការកំណត់បោះបង្គោលព្រំដែនត្រឹមត្រូវនៅឡើយ។
ប៉ុន្តែ អាជ្ញាធរខេត្តអានយ៉ាងរបស់វៀតណាមនៅតែបន្តសកម្មភាពសាងសង់ប៉ុស្តិ៍យោធាក្នុងទ្រង់ទ្រាយធំជាងមុន។ នេះបើតាមកំណត់ការទូតថ្មីមួយ ដែលក្រសួងការបរទេសបានផ្សាយជាសាធារណៈនៅថ្ងៃពុធនេះ។
ក្រសួងការបរទេសបានយោងលើកំណត់ទូតតវ៉ាកន្លងមក ដែលខ្លួនបានផ្ញើឱ្យស្ថានទូតវៀតណាមកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ និងការស្នើសុំជាបន្តបន្ទាប់តាំងពីខែមេសា រហូតមកដែលបានស្នើសុំឲ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបញ្ឈប់ការជីកដីធ្វើគ្រឹះសម្រាប់ការសាងសង់ប៉ុស្តិ៍យោធានៅត្រង់ចំណុចជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
កំណត់ទូតបានបន្ថែមថា៖ «ប៉ុន្តែអាជ្ញាធរខេត្តអានយ៉ាង វៀតណាម នៅតែបន្តការសាងសង់ប៉ុស្តិ៍យោធាក្នុងទ្រង់ទ្រាយធំជាងមុន។ អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជាស្នើសុំសារជាថ្មីចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ រហូតដល់គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបោះបង្គោលព្រំដែនក្នុងតំបន់នេះចប់ជាស្ថាពរ»។
លោក ម៉ៅ ភីរុណ អភិបាលខេត្តកណ្តាល បញ្ជាក់ប្រាប់វីអូអេថា ទីតាំងដែលវៀតណាមធ្វើប៉ុស្តិ៍យោធាមានចម្ងាយតែ៣៤ម៉ែត្រពីប៉ុស្តិ៍ខ្មែរ ហើយក៏មានភូមិប្រជាពលរដ្ឋនៅជាប់ទីនោះផងដែរ។ (ចុចស្តាប់បទសម្ភាសន៍ទាំងស្រុង)
Your browser doesn’t support HTML5
លោកបានពន្យល់ពីភាពស្របច្បាប់របស់កម្ពុជាក្នុងការតវ៉ាថា៖ «វាមាននៅក្នុងកិច្ចព្រមព្រៀងមួយរវាងខេត្តកណ្តាល និងខេត្តអានយ៉ាងថា ការសាងសង់សំណង់ណាមួយរឹងមាំគឺត្រូវមានការឯកភាពជាមួយគ្នាសិន»។
ពីមុនមានការសាងសងនេះគឺប៉ុស្តិ៍របស់វៀតណាមមានចម្ងាយប្រហែល១០០ម៉ែត្រពីទីនោះដោយមានសង់ជាផ្ទះប្រ៉ក់ស័ង្កសីធម្មតាតូចៗប៉ុណ្ណោះ។ សំណង់ថ្មីនេះគ្រោងនឹងសង់កម្ពស់ពីរជាន់ដោយមានទំហំ៦០០ម៉ែត្រការ៉េ ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ភីរុណ។
រហូតមកដល់ពេលនេះរដ្ឋាភិបាលវៀតណាមនៅមិនទាន់បញ្ឈប់ការសាងសង់នេះនៅឡើយទេ។
លោកម៉ៅ ភីរុណបានបញ្ជាក់ថា៖ «អានយ៉ាងគេនៅតែឆ្លើយថាគេធ្វើនេះគ្រាន់តែបណ្តោះអាសន្នទេ ប៉ុន្តែការនិយាយវាអត់ត្រូវការពិត។ គាត់កំពុងតែដឹកថ្ម ដឹកដែក ដឹកស៊ីម៉ង់ត៍ គឺលក្ខណៈគាត់ គាត់ធ្វើសំណង់ថ្មរឹងមាំ...ប៉ូលិសយើងទៅឃាត់គាត់រាល់ថ្ងៃ ប៉ុន្តែគាត់អត់ព្រមគាត់ថាថ្នាក់លើគាត់ឱ្យធ្វើ»។
ក្នុងពេលថ្មីៗនេះ ប្រទេសវៀតណាមក៏បានចូលមកជីកស្រះទឹកចំនួន៨នៅខេត្តរតនគិរីផងដែរ ដោយមានកន្លែងខ្លះចូលជ្រៅជាងកន្លះគីឡូម៉ែត្រ ហើយប្រទេសកម្ពុជាក៏បានទាមទារឱ្យវៀតណាមបញ្ឈប់សកម្មភាពទាំងនោះផងដែរ។
បញ្ហាព្រំដែនបានកក្រើកឡើងវិញចាប់តាំងពីអាជ្ញាធរវៀតណាមបានចូលមកបាញ់ថ្នាំបំផ្លាញដំណាំពលរដ្ឋខ្មែរ នៅខេត្តត្បូងឃ្មុំ ក្នុងពេលថ្មីៗកន្លងមកនេះ ហើយរដ្ឋាភិបាលកម្ពុជាចោទថា គឺពលរដ្ឋជាអ្នកទៅធ្វើចម្ការលើដីរបស់វៀតណាម៕