លោក​ហ៊ុន សែន​ប្រាប់​ឱ្យ​គ្រូពេទ្យ​កែប្រែ​ឥរិយាបថ​មិន​ល្អ​ដាក់​អ្នក​ជំងឺ

  • នៅ វណ្ណារិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុងពិធីបិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំលើកទី៣៧ នៅឯសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​​ទី​១០ ខែមីនា ឆ្នាំ២០១៦។ (ទំព័រ Facebook Samdech Hun Sen)

ការ​លើក​ឡើង​របស់​លោក ​ហ៊ុន សែន ​កើត​មាន​ឡើង​ក្រោយ​​ពី​មាន​ការ​រិះ​គន់​ធ្ងន់ៗ​ ​និង​កិច្ចពិភាក្សា​ជា​សាធារណៈ ​ទាក់ទិន​នឹង​ការ​ជឿជាក់​ ​របស់​ពល​កម្ពុជា​ក្នុង​​វិស័យ​សុខាភិបាល​​និង​សីលធម៌​របស់​ ​គ្រូពេទ្យ​កម្ពុជា​ ជាពិសេស​ការ​ព្យាបាល​អ្នក​ជំងឺ​ដោយ​យក​កម្រៃ​ខ្ពស់​ផង​ដែរ។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទទួល​ស្គាល់​ពី​ភាព​អសកម្ម​មួយ​ចំនួន​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​ រួម​ទាំង​ ​ឥរិយា​បថមិនល្អ​ និង​ការ​ប្រើ​ប្រាស់​សម្តី​គំរោះ​គំរើយ​របស់​ ​ក្រុម​គ្រូ​ពេទ្យ​មួយ​ចំនួន​ ចំពោះ​អ្នក​ជំងឺ​ផង​ដែរ។​

ថ្លែង​ក្នុង​ពិធី​បិទអង្គ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុម​គ្រូពេទ្យទំាង​នោះ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ ​និង​ពិនិត្យ​ក្រម​សីលធម៌របស់​ខ្លួន​ ​ដែល​ជា​ប្រធាន​បទ​មួយ​ដ៏​ចម្បង​ ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​ក៏​ដូច​ជា​គ្រូពេទ្យ​ដទៃ។

«យើង​ទទួល​ស្គាល់​នូវ​ការ​ខ្វះ​ចន្លោះ​ និង​សម្តី​ភាព​ឆ្មើងឆ្មៃ​ មួយ​ចំនួន​ដោយ​ គ្រូពេទ្យ​ជា​បុគ្គល​ មិន​មែន​ជា​វិស័យ​សុខាភិបាល​ទេ។​ អញ្ចឹង​យើង​ត្រូវ​ទទួល​យ៉ាង​ដូច្នេះ​។ ​យើង​ត្រូវ​កែ​ប្រែ​ឥរិយាបថ​ទាំង​អស់​នោះ។​ ​ព្រោះ​ធ្លាប់​តែ​សម្តី​អាក្រក់​ ​យើង​បន្ថយ​អា​ ​សម្តី​អាក្រក់​ទាំង​អស់​នោះ​គឺ​វា​បាន​បាត់​ទៅ​ហើយ​។​ ​ពិបាក​បំផុត​គឺថា​យើង​អត់​មាន​ថ្នាំ​មាន ​ស្អីៗ​នោះ​ទេ ​ទើប​វា​ពិបាក។ ​ហើយ​ចុះ​បើ​មាន​ថ្នាំ​មាន​អី ​គ្រាន់​តែ​កុំ​និយាយ​អាក្រក់​ទៅ​បានទេ?​ គ្រាន់តែ​ប៉ុណ្ណឹង​ទេ​តើ​?​ វា​អត់​មាន​អី​ពិបាក​ទេ»។​

ទោះ​បី​យ៉ាង​ណា​លោក​ថា​ ​គ្រូពេទ្យ​ដែល​មាន​សីលធម៌​មិន​ល្អ​ទាំង​នោះ​ មាន​ចំនួន​តូច​តែ​ប៉ុណ្ណោះ​។​ ​នាថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ក៏​បាន​បញ្ជា​ឲ្យ​ ​ស្ថាប័ន​សុខាភិបាល​និង​មន្ទីរ​ពេទ្យ​ទទួល​ព្យា​បាល​អ្នក​ជំងឺ​ដោយ​មិន​មាន​ការ​រើសអើង​ បើ​ទោះ​ជា​អ្នក​ក្រីក្រ​គ្មាន​ប្រាក់កាស​ក៏​ដោយ។​

ការ​លើក​ឡើង​របស់​លោក ​ហ៊ុន សែន ​កើត​មាន​ឡើង​ក្រោយពី​មាន​ការ​រិះ​គន់​ធ្ងន់ៗ​ ​និង​កិច្ចពិភាក្សា​ជា​សាធារណៈ ​ទាក់ទិន​នឹង​ការ​ជឿជាក់​ ​របស់​ពល​កម្ពុជា​ក្នុងវិស័យ​សុខាភិបាលនិង​សីលធម៌​របស់​ ​គ្រូពេទ្យ​កម្ពុជា​ ជាពិសេស​ការ​ព្យាបាល​អ្នក​ជំងឺ​ដោយ​យក​កម្រៃ​ខ្ពស់​ផង​ដែរ។​

ជា​វេជ្ជបណ្ឌិត​មួយ​រូប ​និង​អ្នក​ជំនួញ​ដ៏​មាន​ទ្រព្យធន​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក​ លោក​ គួច ម៉េងលី​ បាន​សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ​និង​ការ​ដំណើរ​ទៅ​មុខ​ក្នុង​ការ​កែ​ទម្រង់​វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ។​

លោក​ គួច ម៉េងលី​ ដែល​ធ្លាប់​រិះគន់​ វិស័យ​សុខាភិបាល​ផង​នោះ​បាន​ប្រាប់​ VOA​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ ​«យើង​ថា​ជា​ចំណុច​ចាប់​ផ្តើម​ ពញ្ញ៉ាក់​អាម្មណ៍​ការ​កែ​តម្រូវ​ ប៉ុន្តែ​បើ​យើង​ទើបតែ​ចាប់​ឥឡូវ​ ហើយ​ឲ្យ​ គេ​ទៅ​អស្ចារ្យ​ភ្លាម​វា​មិន​អាច​ទៅ​កើត​នោះ​ទេ។​ ក៏ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ យើង​នៅ​មាន​ស្មារតី​នូវ​ការ​រៀបចំ ​នូវ​ការ​ដាស់​តឿន​ នូវ​ការ​ចរាចរណ៍ ​ដើម្បី​ឲ្យ​ខាង​បុគ្គលិក​ ​របស់​ក្រសួង​ ​សុខាភិបាល​ហ្នឹង​មាន​ការ​ពញ្ញ៉ាក់​អាម្មណ៍ ​បន្ទន់​ឥរិយា​បទ​ ​ទន់ភ្លន់​ មាន​សីលធម៌​ ​ដែល​ថា​មួយ​ចំនួន​ដែល​គេ​បាន​លើក​ឡើង​មក​នឹង​ឲ្យ​មាន​ការ​កែ។ ​យ៉ាង​ហោច​ណាស់​ក៏​ចេញ​ពី​សម្តី​របស់​សម្តេច​ដែរ​ ដែល​ថា​គាត់​យល់​ ទទួល​ឃើញ​ថា​មាន​ការ​កង្វះ​ខាត»។​

វេជ្ជបណ្ឌិត​រូប​នេះ​ ឲ្យ​យោបល់​ផង​ដែរ​ថា​គ្រូពេទ្យ​ដែល​មិន​មាន​សីល​ធម៌​ល្អ​គួរ​តែ​រៀន​សូត្រ​ពី​ថ្នាក់​ដឹក​នាំ​ឬ​ក៏​ក្រុម​គ្រូពេទ្យ​ដែល​មាន​សីលធម៌​ល្អ ​ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​ឡើង​វិញ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏​បាន​ស្តី​បន្ទោស​ចំពោះកង្វះ​នៃ​គ្រូពេទ្យ​ជំនាញ​នៅ​កម្ពុជា​ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ចំណាយ​ថវិកា​ទៅ​ធ្វើការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស។​ ​លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​ ​បញ្ចូល​ក្រុម​គ្រូពេទ្យឯកទេស​ដែល​ក្រោមអាយុ៣៥​ឆ្នាំ​ ​ទៅ​ក្នុង​ក្រប​ខណ្ឌ​ មន្ត្រី​រាជការ​ផង​ដែរ។​

«យើង​ត្រូវ​ការ​ណាស់​ដោយ​សារ​តែ​គ្រូពេទ្យ​ឯកទេស​ហ្នឹង​។ ​ដោយ​សារ​តែ​ខ្វះ​ ​គ្រូ​ពេទ្យ​ឯក​ទេស​ ហ្នឹង​ហើយ​ បាន​ជា​យើង​តែង​តែ​បញ្ជូន​អ្នកជំងឺ​ ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ ប៉ុន្តែ​ យើង​មាន​គ្រូពេទ្យ​ឯក​ទេស​បែរ​ជា​ គ្រូពេទ្យ​ឯកទេស​ដែល​រៀន​ខ្ពស់ មិន​អាច​ចូល​ក្រប​ខណ្ឌ​រដ្ឋ​បាន»។

យ៉ាង​ណា​មិញ​ ​លោក ​គួច ម៉េងលី ​យល់​ថា​កំណែ​ទម្រង់​លើ​វិស័យ​សុខាភិបាល​កម្ពុជា​ដ៏​ស៊ី​ជម្រៅ​មួយ​ ​និង​ប្រសិទ្ធភាព​ការងារ​នៃ​វិស័យ​នេះនឹង​អាច​ជួយ​ទាក់​ទាញ​ប្រជាពលរដ្ឋ​កម្ពុជា​ ​ឲ្យ​វិល​មក​ប្រើ​ប្រាស់​សេវា​សុខាភិបាល​ក្នុង​ស្រុក​វិញ។

«ដូច​ខ្ញុំ​ថា​អញ្ចឹង​ យើង​ទើប​តែ​ចាប់​ផ្តើម​ភ្ញាក់​អារម្មណ៍​កែប្រែ​ ហើយ​នឹង​ រៀបចំ​បរិបទ​ថ្មី​ ដូច្នេះ​ហើយ ​ខ្ញុំ​អត់​គិត​ វា​នឹង​អាច​កែប្រែ​ផ្នត់​គំនិត​ប្រជា​ពល​រដ្ឋ ​យើង​ឲ្យ​ត្រឡប់​មក​ព្យាបាល​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ​ ​ក៏​ប៉ុន្តែ​បើ​សិន​មាន​ការ​ទទូច​និង​បន្ត​ នូវ​ការ​កែ​ទម្រង់​ក្នុង​វិស័យ​សុខាភិបាល​ ខ្ញុំ​ជឿជាក់​ថា​អ្វីៗ​នឹង​មាន​ការ​ជឿនលឿន មានការ​កែប្រែ​ អភិវឌ្ឍ​ថ្មី​ ពេល​ហ្នឹង​គឺយើង​មិន​បាច់​បង្ខំ​ឲ្យ​គេ​មក​វិញ​ទេ​ គេ​នឹង​មក​ឯង»។​

គេ​ដឹង​ថា​អ្នកមាន​ទ្រព្យ​ធន​និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​បាន​ចំណាយ​ថវិកា​ទៅ​ព្យាបាល​នៅ​ប្រទេស​ជិត​ខាង​ដូច​ប្រទេស​ថៃ​ វៀតណាម​ និង​សិង្ហបុរី​ជាដើម។​ ​ជាក់​ស្តែង លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ខ្លួនឯង​ធ្លាប់​ប្រកាស​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ នា​ចុង​ខែ​មករា​កន្លង​ទៅ​ ​ថា​លោក​សម្រាក​រយៈ​ពេល​បី​ថ្ងៃ​ ដើម្បីទៅ​កាន់​ប្រទេស​សិង្ហបុរី ​ត្រួត​ពិនិត្យ​សុខភាព​ផ្ទាល់ខ្លួន​។​ លោក​ក៏​បាន​បញ្ជាក់​ក្នុង​ ​ពេល​នោះ​ផង​ដែរ​ថា​លោក​ពុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ​តែ​ ​ជា​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា​ ដោយ​សារ​តែ​ខ្វះ​ឧបករណ៍​វេជ្ជសាស្ត្រ​មួយ​ចំនួន​នោះ៕