រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ថ្លែងឲ្យដឹងនៅថ្ងៃច័ន្ទនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ការថ្លែងរបស់លោករដ្ឋមន្ត្រីការបរទេសនេះ កើតមាន បន្ទាប់ពីលោក បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឯទីស្ដីការក្រសួងការបរទេសនៅព្រឹកថ្ងៃច័ន្ទនេះ។
នៅពេលដែល VOA សួរថាតើ កម្ពុជា នឹងចូលរួមកិច្ចប្រជុំដែលនឹងធ្វើឡើងនៅរដ្ឋកាលីហ័្វរញ៉ា (California) សហរដ្ឋអាមេរិកដែរឬទេ លោករដ្ឋមន្ត្រី ថ្លែងថា៖
«យើងនឹងទៅ យើងនឹងទៅ សម្ដេចតេជោ នឹងអញ្ជើញទៅ»។
យ៉ាងណាក៏ដោយ លោក ហោ ណាំហុង ពុំបានផ្ដល់ការអធិប្បាយលម្អិត ទាក់ទិនដំណើររបស់លោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនោះទេ។
នេះជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំជំនួបកំពូលរបស់សមាគមអាស៊ាននេះ។
អ្នកវិភាគ ថ្លែងថា បញ្ហាជាច្រើន នឹងត្រូវបានលើកយកមកពិភាក្សាគ្នានៅក្នុងជំនួបនោះ ដោយរួមមានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជម្លោះនៅសមុទ្រចិនខាងត្បូងជាដើម។
ទីភ្នាក់ងារព័ត៌មាន AP និង Reuters បានចេញសេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះថា សេតវិមាន បានប្រកាសឲ្យដឹងពីការអញ្ជើញមេដឹកនាំប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ឲ្យទៅចូលរួមកិច្ចប្រជុំនោះ នៅឯរមណីយដ្ឋានឯកជន Sunnylands ក្នុងក្រុង Rancho Mirage ជាទីដែល លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជួបប្រជុំក្រៅផ្លូវការជាមួយលោកប្រធានាធិបតីចិន ហ្ស៊ី ជីនពីង (Xi Jinping) កាលពីឆ្នាំ ២០១៣។
អ្នកវិភាគនយោបាយនិងសេដ្ឋវិទូក្នុងប្រទេសកម្ពុជា យល់ឃើញខុសៗគ្នាចំពោះ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំ ដែលផ្ដោតលើក្របខ័ណ្ឌអាស៊ាន និងសហរដ្ឋអាមេរិក។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាអង្គការស្រាវជ្រាវគោលនយោបាយ ថ្លែងថា ការរីកធំឡើងនៃអំណាចរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ី ជាពិសេសក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រទេសនៅលោកខាងលិច និងប្រទេសនៅក្នុងសមាគមអាស៊ានមួយចំនួន មានការព្រួយបារម្ភ។
លោក មានប្រសាសន៍ថា មុនការចាប់ផ្ដើមនៃកិច្ចប្រជុំខាងមុខនេះ កម្ពុជាគួរពិនិត្យមើលគោលនយោបាយអន្តរជាតិរបស់ខ្លួនឡើងវិញ ដើម្បីរក្សាឲ្យបាននូវតុល្យភាពនៃទំនាក់ទំនងរវាងលោកខាងលិច និងប្រទេសចិន។
«សហរដ្ឋអាមេរិក ចាប់អារម្មណ៍ពីប្រទេសកម្ពុជាត្រង់ថា ប្រទេសកម្ពុជាអាច អាចជាឧបករណ៍នៃប្រទេសចិន ហើយដោយសារអញ្ចឹង គឺគេកំពុងព្រួយបារម្ភ ហើយប្រទេសអាស៊ានដទៃ ក៏កំពុងព្រួយបារម្ភ ហើយខ្ញុំមើលទៅទស្សនកិច្ចនេះ មានសារៈសំខាន់ ហើយខ្ញុំសង្ឃឹមថា កម្ពុជានឹងចាប់ផ្ដើមដូរទិស រៀបចំគោលនយោបាយអន្តរជាតិខ្លួន ដែលអាចមានតុល្យភាពរវាងចិន និងលោកខាងលិចផងដែរ»។
លោកអ៊ូ វីរៈ ថ្លែងបន្តថា មហិច្ឆតាវាតទីកាន់កាប់ប្រជុំកោះជាច្រើននៅក្នុងសមុទ្រចិនខាងត្បូងរបស់ចិន អាចបង្កឲ្យមានអសន្តិសុខនៅក្នុងតំបន់អាស៊ាន ដែលមានប្រទេសចំនួន៤ក្នុងសមាគមនេះ រួមទាំងប្រទេសវៀតណាមផងដែរ កំពុងមានទំនាស់ជាមួយចិន ទាក់ទិននឹងការគ្រប់គ្រងប្រជុំកោះនោះ។
លោក បានពន្យល់ពីគ្រោះថ្នាក់ដែលអាចកើតឡើងចំពោះប្រទេសកម្ពុជាយ៉ាងដូច្នេះថា៖
«សំណួរសួរថា តើចិន ត្រូវធ្វើម៉េច? ចិន នឹងទាក់ទាញយកប្រទេសកម្ពុជា ជាឧបករណ៍ក្នុងតំបន់អាស៊ាន ដើម្បីធ្វើម៉េចកុំឲ្យអាស៊ាន ជាសមាគមហ្នឹង ធ្វើការសម្រេចបាន ជាការសម្រេចរួមបានអញ្ចឹងធ្វើម៉េច កុំឲ្យអាស៊ានសាមគ្គី។ បើសិនជាអាស៊ាន មានសាមគ្គីភាព ចិនពិបាកជាង។ ប៉ុន្តែ បើសិនជា អាស៊ានបែកបាក់ គឺចិនងាយស្រួលជាង។ ដើម្បីធ្វើឲ្យបែកបាក់បាន គឺចិន អាចប្រើប្រទេសកម្ពុជា។ ពីដើមមក ចិនប្រើភូមា ប៉ុន្តែឥឡូវនេះ ហាក់ដូចជាចិន ប្រើកម្ពុជា ហើយអញ្ចឹង បើសិនជា ក្នុងករណីចិន ប្រើកម្ពុជា យើងជាកូនអុករបស់ចិន។ បើសិនយើង ជាកូនអុកចិន គឺសហរដ្ឋអាមេរិក អាចព្យាយាមប្រើភាគីដទៃ ដើម្បីបំបែកភាគីកម្ពុជាដែរ ដើម្បីអាចក្លាយជាឧបករណ៍របស់គេវិញ។ អ្ហាហ្នឹងគឺគ្រោះថ្នាក់ហើយ។ ប្រទេសកម្ពុជា នឹងឆ្លងនូវភាពជូរចត់ដូចយើងបានឆ្លងនៅទសវត្សទី៧០អញ្ចឹង»។
លោក អ៊ូ វីរៈ បញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា អាចនឹងមានការពិបាក ក្នុងការសម្រេចចិត្តចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកឬ Trans-Pacific Partnership (TPP) ដែលលោកហៅថា ជា ឧបករណ៍សេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងប្រទេសចិន។
លោក អ៊ូ វីរៈ ថ្លែងថា ប្រទេសកម្ពុជា ត្រូវពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ខ្លួនឯង ដើម្បីបញ្ចៀសការពឹងផ្អែកខ្លាំងទៅលើប្រទេសមហាអំណាចទាំងពីរតាមការចុះកិច្ចព្រមព្រៀងនានា ដែលបង្កប់ដោយអន្ទាក់នយោបាយនិងសេដ្ឋកិច្ច។
រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) បានស្វះស្វែងរកវិធីនានា ដើម្បីធ្វើឲ្យចំណងមិត្តភាពផ្នែកយោធា និងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ាន មានភាពប្រសើរឡើង ដែលនេះ គឺជាផ្នែកមួយដែលគេពណ៌នាថា ជាការធ្វើឲ្យមាន «តុល្យភាពឡើងវិញ» ជាមួយតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
នៅក្នុងកិច្ចខិតខំរបស់លោក អូបាម៉ា ក្នុងការជំរុញឲ្យមានតុល្យភាពឡើងវិញនេះ សហរដ្ឋអាមេរិកនិងប្រជាជាតិ១២ផ្សេងទៀត បានចុះកិច្ចព្រមព្រៀងTPP កាលពី ខែតុលាឆ្នាំ២០១៥។
ប្រទេសសមាជិករបស់សមាគមអាស៊ានចំនួនបួន គឺប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម បានក្លាយជាផ្នែកមួយនៃប្រជាជាតិចំនួន១២ ដែលបានចុះកិច្ចព្រមព្រៀង TPP ដែលជាចំណុចសេដ្ឋកិច្ចគន្លឹះមួយនៃស្នូលសន្តិសុខ និងសេដ្ឋកិច្ចចំពោះអាស៊ី ដើម្បីឆ្លើយតបទៅនឹងអំណាចរបស់ប្រទេសចិន ដែលកំពុងកើនឡើង។
កិច្ចព្រមព្រៀងTPP ដែលនឹងបន្ទាបពន្ធនាំចូលលើទំនិញកសិកម្មនិងឧស្សាហកម្មជាច្រើន ហើយនឹងដោះស្រាយភាពស្មុគស្មាញផ្នែកពាណិជ្ជកម្មដូចជា បញ្ញត្តិការពារប៉ាតង់សម្រាប់ឱសថសង្គ្រោះជីវិតនោះ នៅរង់ចាំការអនុម័តរបស់សភាអាមេរិកនិងសភារបស់ប្រទេសជាសមាជិក មុនពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។
ដំណើរការនេះ អាចត្រូវការពេលជាច្រើនឆ្នាំ។
សេដ្ឋកិច្ចវិទូក្នុងប្រទេសកម្ពុជា រំពឹងទុកជាមុនថា ការសន្ទនាពីកិច្ចព្រមព្រៀងនេះ នឹងត្រូវបានលើកឡើងនៅក្នុងជំនួបប្រជុំកំពូលអាស៊ាននៅសហរដ្ឋអាមេរិកនោះ។
បណ្ឌិត ចាប សុថាវិទ្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព មើលឃើញថា ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ គឺជាការរឹតចំណងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។
សេដ្ឋកិច្ចវិទូដដែលថ្លែងថា កម្ពុជា អាចនឹងពិចារណាលើការចូលទៅក្នុង កិច្ចព្រមព្រៀងTPP ដែលនឹងមិនបង្កឲ្យមានការថ្នាំងថ្នាក់ចិត្តពីភាគីខាងចិននោះទេ។
«បើសិនជា យើងអាចចូលTPPបាន ក៏អត់មានបញ្ហាជាមួយចិនដែរ ដោយសារអី? ដោយសារ នេះជាសិទ្ធិសម្រេចរបស់កម្ពុជាហ្នឹង។ កន្លងមកហ្នឹង យើងមានមិត្តទាំងអស់។ យើង មើលមហាអំណាច សុទ្ធតែត្រូវនឹងយើងទាំងអស់ តាំងពីអាមេរិក ចិន រុស្សីជាដើម ក៏យើងអត់មាន ជាសត្រូវជាមួយអ្នកណាដែរ។ ដោយឡែក ខាងផ្នែកការផ្ដួចផ្ដើមគំនិតរបស់ចិនជាមួយនឹងតំបន់ហ្នឹង យើងឃើញថា គេមានធ្វើការងារច្រើនណាស់ ឧទាហរណ៍ ដូចជា អាស៊ាន ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ានចិន ក៏យើងចូលហើយដែរ។ អាស៊ានបូកបី ក៏មានចិនក្នុងហ្នឹង ខ្មែរយើងក្នុងហ្នឹង។ ហើយឥឡូវនេះ ចិន គេបានបង្កើតគេហៅថា ខ្សែក្រវាត់មួយផ្លូវមួយ ផ្លូវភ្ជាប់មួយ អញ្ចឹង one belt, one road ដែលមានគេបង្កើតធនាគារមួយហៅថា AIID ហ្នឹងណ៎ា។ Asian Infrastructure Investment Bank ហ្នឹង គឺយើង ក៏បានជាសមាជិកចុះហត្ថលេខានៅក្នុងហ្នឹងហើយដែរ។ អញ្ចឹងយើងអត់មានភ្លេចភាគីចិន ដែលជាមិត្តរបស់យើងទេ»។
ប្រជាជាតិចំនួន១២ ដែលរួមមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី និងវៀតណាមជាដើម បានចុះកិច្ចព្រមព្រៀងដ៏ធំមួយនេះ ស្របពេលដែលប្រទេសទាំងនេះ កំពុងមានជម្លោះជាមួយប្រទេសចិន ជុំវិញអធិបតេយ្យភាពលើប្រជុំកោះក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសហ្វីលីពីនក៏ស្ថិតក្នុងជម្លោះនេះដែរ។
ដែនកោះដែលកំពុងស្ថិតក្នុងភាពចម្រូងចម្រាសនៅក្នុងសមុទ្រខាងត្បូង គឺប្រជុំកោះ Spratlys និង Paracel។
បណ្ឌិត ចាប សុថាវិទ្ធ ថ្លែងថា កម្ពុជា មិនអាចបញ្ជាក់ពីជំហរគាំទ្រភាគីណាមួយនៅក្នុងជម្លោះនេះបានទេ ហើយជម្លោះនេះ អាចនឹងត្រូវគេលើកយកមកពិភាក្សាផងដែរ នៅក្នុងជំនួបប្រជុំកំពូលរវាងអាស៊ាន និងសហរដ្ឋអាមេរិកនេះ។
«យើងនៅប្រកាន់ច្បាស់ថា យើងមិនលូកដៃ ហើយកាលឆ្នាំ២០១២ កាលពេលដែលកម្ពុជា ធ្វើជាប្រធានហ្នឹង ក៏យើងបានបង្ហាញនូវគោលជំហរអព្យាក្រឹត។ យើង ចង់ឲ្យតែភាគីពាក់ព័ន្ធទាំងអស់ ដែលមានភាគីពាក់ព័ន្ធ ដែលមានប្រទេសដូចជា វៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ីហ្នឹង គឺឲ្យគេចរចាគ្នា ដោយសន្តិវិធី កុំឲ្យមានការរាលដាលជម្លោះនេះ កាន់តែខ្លាំងឡើង ដោយសារ កាលណាមានជម្លោះទៅ វាធ្វើឲ្យតំបន់យើងទាំងមូល វាមានអស្ថិរភាព»។
នៅក្នុងជំនួបជាមួយនិស្សិតកាលពីព្រឹកថ្ងៃច័ន្ទនេះ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានស្ដីបន្ទោសប្រទេសមហាអំណាចថា ប្រទេសនោះ បានលូកដៃចូលក្នុងជម្លោះសមុទ្រខាងត្បូង ដែលបានធ្វើឲ្យជម្លោះនេះកាន់តែតានតឹងឡើង។
ប្រមុខការទូតកម្ពុជារូបនេះ ពុំបានបញ្ជាក់ច្បាស់ថា ប្រទេសណាដែលលោកនិយាយសំដៅទៅលើនោះទេ តែអ្នកវិភាគគិតថា ប្រទេសនោះ គឺសហរដ្ឋអាមេរិក៕