កាលពីខែមករា ឆ្នាំ២០១៦នេះ ក្រសួងបរិស្ថានបានចេញផ្សាយផែនការសកម្មភាពស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០១៦-ឆ្នាំ២០១៨ មុនកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលបញ្ហាប្រែប្រួលអាកាសធាតុក៏បានក្លាយជាផ្នែកមួយនៃកិច្ចប្រជុំរវាងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងមេដឹកនាំទាំង១០របស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន នៅថ្ងៃច័ន្ទ ទី១៥ និងថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ។
លោក Ben Rhodes អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី អូបាម៉ា បានឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។
លោកបាននិយាយនៅក្នុងវេទិកាសាធារណៈមួយនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនថា៖«យើងមានភាពជាដៃគូដ៏ល្អជាមួយនឹងអាស៊ាន ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ហើយប្រទេសជាសមាជិកអាស៊ានមានអនុសាសន៍ជាច្រើន ដែលពួកគេបានចូលរួមក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីសកន្លងទៅនេះ។ ហើយពួកគេក៏បានលើកកម្ពស់ការអភិវឌ្ឍដោយចីរភាពក្នុងគោលបំណងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ»។
ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលងាយទទួលរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុបានកើតមានរួចទៅហើយនៅកម្ពុជា។ គម្រោងដើម្បីការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) បានរកឃើញ ក្នុងអំឡុងចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០១២ ប្រជាពលដ្ឋកម្ពុជាប្រមាណជាង២២,០០០នាក់បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
របាយការណ៍ជាច្រើនបានបង្ហាញឲ្យឃើញថា រដ្ឋាភិបាលកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវមានកិត្តិនាមក្នុងការដើរឈានទៅមុខ ដើម្បីដោះស្រាយបញ្ហាបរិស្ថានទេ។ ដោយសារតែការអនុវត្តច្បាប់បរិស្ថាននៅកម្ពុជានៅទន់ខ្សោយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ អាជ្ញាធរកម្ពុជានៅតែប្រឈមនឹងបញ្ហាកាប់ព្រៃឈើយ៉ាងរង្គាល ដែលបានបណ្តាលឲ្យបាត់បង់តំបន់ព្រៃធម្មជាតិជាង១ម៉ឺនគីឡូម៉ែត្រការ៉េក្នុងរយៈពេល១២ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា រដ្ឋាភិបាលបានកំពុងបោះជំហានទៅមុខក្នុងការត្រៀមខ្លួនទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាបង្កើតផែនការសកម្មភាពដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម។
ផែនការនេះបានកំណត់គោលដៅមួយចំនួនដល់ស្ថាប័នពាក់ព័ន្ធ ដោយផ្តោតលើបញ្ហាមួយចំនួន រួមមាន «ការបញ្ជ្រាប»បញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងផែនការថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ និងក្នុងដំណើរការថវិកាជាតិ ក៏ដូចជាការថែរក្សាបរិស្ថាន ភាពចម្រុះនៃសត្វព្រៃ និងរុក្ខជាតិ ការអភិរក្សធនធានធម្មជាតិ និងការពង្រឹងការយល់ដឹង និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន។
លោក សៅ សុខភាព បានឲ្យដឹងថា៖«ពាក់ព័ន្ធនឹងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនេះ ជាពិសេសខាងបន្សុំា និងភាពធន់ គឺកម្ពុជារបស់យើងធ្វើបានល្អ គួរជាទីមោទនៈដែរ បើធៀបនឹងបណ្តាប្រទេសជិតខាងរបស់យើង។ ទោះបីថាយើងនៅមានតម្រូវការជាជំនួយខាងបច្ចេកទេស និងថវិកា ក៏ប៉ុន្តែអ្វីដែលយើងបានកំពុងធ្វើនេះគឺទទួលបានលទ្ធផលជាផ្លែផ្កា ដោយបានឆ្លើយតបមួយកម្រិត ជាពិសេសក្នុងការលើកកម្ពស់ការយល់ដឹងនៅក្នុងសង្គមជាតិរបស់យើងលើបញ្ហាប្រែប្រួលអាកាសធាតុនេះមានការកើនឡើងជាលំដាប់»។
មកទល់ពេលនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន១៤ បានអនុម័តផែនការសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុតាមវិស័យរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ និងដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រជាតិប្រឆាំងការប្រែប្រួលអាកាសធាតុឲ្យបានជោគជ័យ។ ក៏ប៉ុន្តែ ទន្ទឹមនឹងនោះ លោក សៅ សុភាព បានចង្អុលបង្ហាញពីបញ្ហាចម្បងមួយចំនួនធំៗ ដែលកម្ពុជាកំពុងព្យាយាមដោះស្រាយ។
លោកនិយាយថា៖«យើងអាចនៅមានបញ្ហាការយល់ដឹងជាទូទៅ ហើយទី២ គឺបញ្ហាកង្វះខាតសមត្ថភាពស្ថាប័ន ខ្វះខាតមន្ត្រីជំនាញដែលមានការយល់ដឹងខ្ពស់លើបញ្ហាប្រែប្រួលអាកាសធាតុ។ ហើយចំណុចសំខាន់មួយទៀតគឺបញ្ហាធនធានថវិកា សម្រាប់អនុវត្តដំណើរការការងារ ដែលយើងបានបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុចូលទៅក្នុងផែនការសកម្មភាពរបស់វិស័យពាក់ព័ន្ធ»។
លោកបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជាបានអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ដែលក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់ធនធានដោយមានប្រសិទ្ធភាព។ លោកថា៖«អញ្ចឹងទេ យើងអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ដែលក្រសួងស្ថាប័នភាគច្រើនបានចូលរួមអនុវត្តកម្មវិធីថវិកា។ ពួកគាត់បានលើកយកកម្មវិធីសកម្មភាពប្រចាំឆ្នាំដោយគិតគូរផងដែរអំពីការវិនិយោគសាធារណៈ មានន័យថា ការប្រើប្រាស់ថវិការដ្ឋ។ ហើយទន្ទឹមនឹងនោះ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងនោះក៏ត្រូវខិតខំធ្វើការងារសហការជាមួយនឹងដៃគូអភិវឌ្ឍន៍ ដើម្បីគៀងគរធនធាន ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពនៅតាមវិស័យរៀងៗខ្លួន»។
បញ្ហាប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកលលោក ដែលសហរដ្ឋអាមេរិកមានតួនាទីជាអ្នកដឹកនាំ ក្នុងនាមជាប្រទេសមហាអំណាចមួយ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជា ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការយល់ឃើញរបស់ លោក ឈាង វណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាយុទ្ធសាស្ត្រ។
លោកថា៖«នេះគឺជាអ្វីដែលគេហៅថាតួនាទីសកលរបស់សហរដ្ឋអាមេរិក ព្រោះសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច។ អញ្ចឹងទេ ប្រទេសមហាអំណាចត្រូវតែមានតួនាទីសកល ដើម្បីដោះស្រាយបញ្ហាសកលលោក ពីព្រោះថាបញ្ហបម្រែបម្រួលអាកាសធាតុនេះគឺជាបញ្ហាសកល»។
លោកក៏បានបញ្ជាក់ថា តួនាទីរបស់ប្រទេសមហាអំណាចក្នុងបញ្ហាប្រែប្រួលអាកាសធាតុនេះត្រូវបានកំណត់រួចហើយនៅក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុងប៉ារីស កាលពីដើមឆ្នាំ២០១៦នេះ។
លោកបានឲ្យដឹងថា៖«កិច្ចសន្និបាតនៅទីក្រុងប៉ារីស គឺឃើញបានលទ្ធផលល្អ ហើយបណ្តាប្រទេសអ្នកមាន គឺត្រូវតែមានកាតព្វកិច្ចជួយបណ្តាប្រទេសអ្នកក្រ នៅក្នុងការកសាងសមត្ថភាព ក៏ដូចជាបង្កើតយន្តការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុហ្នឹង»។
សហរដ្ឋអាមេរិកបានដើរតួនាទីនាំមុខ ក្នុងការបញ្ជ្រាបយន្តការបន្សុំា និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងសកលលោក តាមរយៈការផ្តល់ជំនួយទាំងផ្នែកបច្ចេកទេស និងថវិកា។
ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានការឧបត្ថម្ភទាំងខាងបច្ចេកទេស និងថវិកាពីបណ្តាប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិក ប្រទេសស៊ុយអែត និងសហភាពអឺរ៉ុបជាដើម។ ចាប់តាំងពីឆ្នាំ២០១០មក រដ្ឋាភិបាលកម្ពុជា ក្រោមការសហការពីដៃគូអភិវឌ្ឍន៍នានា បានបង្កើត«សម្ព័ន្ធកម្ពុជាដើម្បីការប្រែប្រួលអាកាសធាតុ» ដើម្បីផ្តល់ជំនួយបច្ចេកទេស ការប្រឹក្សាខាងគោលការណ៍ និងជំនួយហិរញ្ញវត្ថុ ដល់ស្ថាប័ននានា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបន្សុំា និងឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕