លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​នឹង​បំភ្លឺ​រឿង​ព្រំដែន​នៅ​រដ្ឋសភាជាតិ

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​

ភ្នំពេញ៖ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ថា​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​អំពី​រឿង​ព្រំ​ដែន​រវាង​កម្ពុជា និង​វៀតណាម អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បាន​ជូន​ដំណឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​រដ្ឋ​សភា​នឹង​បន្ត​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៨​របស់​ខ្លួន​ដោយ​មាន​របៀប​វារះ​ធំៗ​ចំនួន​បួន​ចំណុច ក៏​ប៉ុន្តែ​របៀប​វារៈ​រឿង​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​របៀប​វារៈ​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​។​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាល​ពី​សប្តាហ៍​បាន​បញ្ជាក់​ថា លោក​នឹង​ទៅ​បំភ្លឺរឿង​ព្រំដែន​រយៈ​ពេល​បួន​ម៉ោង​នៅ​រដ្ឋ​សភា​ជាតិ​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ដែល​ថា ​រដ្ឋាភិបាល​របស់​លោក​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​។
អ្នក​ជំនាញ​ការ​ព្រំដែន​ក្នុង​ប្រទេស​បារាំង​គឺ​លោកស៊ាន ប៉េងសែ​បាន​អះអាង​ថា​ លោក​ចង់បាន​ចម្លើយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​លើ​បញ្ហា​បីយ៉ាង​គឺការ​មិន​លុប​សន្ធិ​សញ្ញា​ដែល​មិនស្រប​នឹង​សន្ធិសញ្ញា ​ទីក្រុងបារីស ​សន្ធិសញ្ញា​ដែល​ធ្វើឲ្យ​បាត់ព្រំដែន​ទឹក​ និង​សន្ធិសញ្ញា​ដែល​ធ្វើឲ្យជន​អន្តោ​ប្រវេសន៍​ចូល​មក​កម្ពុជា។​ សន្ធិសញ្ញា​ទាំង​នេះ​ត្រូវគេ​ដឹង​ថា ​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចុះ​ហត្ថលេខា​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។​
លោក​ជាម យៀប​ សមាជិក​សភា​តំណាង​រាស្ត្រ​ខាង​គណ​បក្ស​គ្រប់​គ្រង​អំណាច​បាន​និយាយ​ថា នៅ​ក្នុង​របៀប​វារៈ​បួន​ចំណុច បញ្ហា​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​រៀតណាម​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បញ្ហា​ចំបង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។​
«​Public declaration គាត់​បាន​ធ្វើ​ពីរ​បី​ដង​ហើយ​ដែល​លោក​នឹង​អញ្ជើញ​ទៅ​សុំ​សភា​មួយ​ពេល។​ មួយ​ពេល​ហ្នឹង​បួន​ម៉ោង​យ៉ាង​តិច​ដើម្បី​ឆ្លើយ​បំភ្លឺ​បី​បួន​បញ្ហា»​។
ស្រប​ពេល​នឹង​លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន​ដាក់គម្រោង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋ​សភា ក្រុម​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​បាន​សរសេរ​លិខិត​មួយ​ជួន​លោក​ហេង សំរិន​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​រវាង​អ្នក​តំណាង​រាស្ត្រ​និង​តំណាង​រដ្ឋា​ភិបាល​លើ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម។​
លោក​យឹម សុវណ្ណ​ អ្នក​តំណាង​រាស្ត្រ​គណ​បក្សប្រឆាំង​បាន​បញ្ជាក់​ថា​ពេល​អនុវត្ត​កន្លង​មក​នៅ​ក្នុង​រដ្ឋ​សភា​ពេល​តំណាង​រដ្ឋា​ភិបាល​មក​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ឋ​នឹង​បញ្ហាជាតិ​គឺ​គ្រាន់​តែ​មក​អាន​របាយការណ៍​តែ​ប៉ុណ្ណោះ​ដោយ​មិន​បាន​បើក​ការ​ពិភាក្សា​ដេញ​ដោល​គ្នាទេ​។
លោក​ចង់​ឲ្យ​មាន​របៀប​ធ្វើ​ការ​ថ្មី​ពេល​ដែល​តំណាង​រដ្ឋាភិបាល​មក​ឆ្លើយ​ក្នុង​រដ្ឋ​សភា​អ្នក​តំណាង​រាស្ត្រ​ត្រូវ​តែ​មាន​សិទ្ឋិ​សួរនាំ។​
«នៅ​បញ្ហា​មួយ​ចំនួន​ដែល​ខ្លួន​យល់​ថា​ការ​ឆ្លើយ​មិនទាន់​ច្បាស់​លាស់​ដែល​យល់​ថា​ប្រជា​ពលរដ្ឋ​មិន​ទាន់​ច្បាស់​ក៏​ដូច​ជា​ការ​បង្ហាញ​ការ​ពិត​បន្ថែម​ទៀត​រវាង​ស្ថាប័ន​និតិបញ្ញត្តិ​និង​ស្ថាប័ន​និត្តិ​ប្រតិ​បត្តិ»។​
លោក​ឡេង ប៉េងឡុង​ អគ្គ​លេខាធិការ​រដ្ឋសភា​មិន​អាច​ស្នើ​សុំ​ការ​បំភ្នឺ​បាន​ទេ។ ចំណែក​ឯ​លោក​ងួន ញិល អនុ​ប្រធាន​រដ្ឋ​សភា​ត្រូវ​បាន​អ្នក​លើក​ទូរសព្ទ​និយាយ​ថា លោក​កំពុង​ជាប់​រវល់។​
«ឯក​ឧត្តម​ប្រធាន​លោក​ជាប់​រវល់​ហើយ​ ចុះ​មក​មូល​ដ្ឋាន​នៅ​ខេត្ត​»។​
លោក​យឹម សុ​វណ្ណ​បាន​បញ្ជាក់​ថា រដ្ឋ​សភា​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក​នៅ​ឡើយ​ទេ។​
លោក​ស៊ាន ប៉េងសែ​ ប្រធាន​គណៈ​កម្មាការ​ព្រំដែន​កម្ពុជា​នៅស្រុក​បារាំង​ បាន​អះអាង​ថា​ លោក​នឹង​តាម​ឃ្លាំមើល​ ថា​តើលោក​ ហ៊ុន សែន​នឹង​បញ្ជាក់​យ៉ាងណា​ពីបញ្ហា​ដែល​រដ្ឋាភិបាល​លោក​មិន​បាន​លុប​ចោល​កិច្ច​ ព្រមព្រៀង​ ឬ​សន្ធិសញ្ញា​ ហើយមិន​គោរព​ទៅតាម​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​ឆ្នាំ​១៩៩១​ ដែល​សរសេរ​ច្បាស់លាស់​ឲ្យ​ធ្វើ​មោឃភាព​រាល់​សន្ធិ​សញ្ញា​ណា​ដែល​ប៉ះពាល់​ដល់ ​បូរណភាព​ទឹកដី​កម្ពុជា៕