ប៉ូលិស​ចាប់​សេដ្ឋី​រុស្ស៊ី​ដោយសារ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​ជាង​ពីរ​ឆ្នាំ

  • នៅ វណ្ណារិន

មហាសេដ្ឋី​រុស្ស៊ី​លោក សេហ្គេ​ ប៉ូឡុនស្គី (Sergei Polonsky) ​អាយុ​៤៣ឆ្នាំ​ ដើរ​ចេញ​ពី​សាលា​ឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៤។

មហា​សេដ្ឋី​អចលនទ្រព្យ​លំដាប់​ថ្នាក់​ពិភពលោក​ជនជាតិ​រុស្សី​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ពី​បទ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហួស​ទិដ្ឋាការ។​ ការ​ចាប់​ខ្លួន​នេះ​គឺ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​ក្រសួង​ការបរទេស​កម្ពុជា​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​មហាសេដ្ឋី​រូប​នេះ​តាម​ការ​ស្នើ​សុំ​ធ្វើ​បត្យាប័ន​របស់​រដ្ឋាភិបាល​រុស្ស៊ី។

លោក សេហ្គេ​ ប៉ូឡុនស្គី (Sergei Polonsky) ​អាយុ​៤៣ឆ្នាំ​ ដែល​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋី​លុយ​វាល់​លាន​និង​មាន​កោះ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ចាប់​ខ្លួន​និង​បញ្ជូន​ភ្លាមៗ​មក​កាន់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​រាជធានី​ភ្នំពេញ។​ លោក សេហ្គេ ប៉ូឡុនស្គី ​និង​បក្ស​ពួក​៥នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​រសៀល​ម៉ោង​១ថ្ងៃសុក្រ​នេះ​ ដោយ​សារ​តែ​ទិដ្ឋាការ​ស្នាក់នៅ​របស់​លោក​ហួសកំណត់​រយៈពេល​ជាង​ពីរ​ឆ្នាំ​ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​លោក អ៊ុក ហៃសីលា​ ប្រធាន​នាយកដ្ឋាន​ ផ្នែក​ស៊ើប​អង្កេត​ អនុវត្ដ​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្ដោ​ប្រវេសន៍។​ ​

«៦នាក់​គ្នា​គាត់​ គ្នា​គាត់​គឺ​រុស្សី​ទាំង​អស់​ តែ​អត់​ទាន់​មាន​ឈ្មោះ​ ព្រោះ​អត់​មាន​ប៉ាស្ព័រ​មាន​អ្វី​ទាំង​អស់។ ​ពួកគាត់​កំពុង​ជិះ​ទូក​នៅ​កោះ​ដូង។ ​ការ​ចាប់​នេះ​គឺ​ដោយ​សារតែ​ស្នាក់​នៅ​ហួស​ទិដ្ឋាការ​ ​ចាប់តាំង​ពី​២០១៣​មក​ គឺ​ជាង​២ឆ្នាំ»។​

លោក សេហ្គេ ប៉ូ​ឡុ​ន​ស្គី ​ ដែល​ជា​មហាសេដ្ឋី​ផ្នែក​អចលន​ទ្រព្យ​នៅ​ប្រទេស​រុស្ស៊ី​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​នេះ​ប្រកាស​តាម​ចាប់​ខ្លួន​ពី​បទ​ឆបោក​លុយរាប់​លាន​ដុល្លារ។ ហើយ​រដ្ឋាភិបាល​ប្រទេស​រុស្សី​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​បញ្ជូន​ជន​នេះ​ត្រឡប់​ទៅ​រុស្សី​វិញហើយ​ដែរ​តែ​មិន​មាន​ការ​ចាប់​បញ្ជូន​នោះ​ទេ​ក្នុង​ពេល​កន្លងមក។​

កាល​ពី​ដើម​សប្តាហ៍​នេះ​ក្រសួង​ការបរទេស​បាន​ផ្ញើ​លិខិត​ផ្លូវការ​មួយ​ទៅ​ក្រសួង​យុត្តិធម៌​ ស្នើសុំ​ឲ្យ​មាន​ការ​ពិចារ​ណា​និង​ចាត់វិធានការ​ទៅលើ​ជនបរទេស​មួយ​នេះ។​

លោក​អ៊ុក ហៃសីលា​បាន ​ប្រាប់​វីអូអេ​ខេមរភាសា​ថា​ការ​ចាប់ខ្លួន​នោះ​គឺ​មិនទាក់​ទិន​នឹង​កា​រស្នើ​សុំពី​ស្ថាប័ន​ណា​នោះ​ទេ​ តែ​ដោយ​សារ​តែ​ ជន​បរទេស​រូប​នេះ​និង​បក្សពួក​ខ្លួន​ស្នាក់​នៅ​ហួស​ទិដ្ឋាការ។ លោក​ អ៊ុក ហៃសីលា​បាន​បន្ថែម​ថា​សេហ្គេ ប៉ូ​ឡុ​ន​ស្គី​ នឹង​អាច​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ពេល២សប្តាហ៍​ខាងមុខ​នេះ។​

«ក្នុង​មួយ​សប្តាហ៍​យើង​នឹង​ធ្វើនីតិវិធី​ស្នើ​សុំ​ការ​បណ្តេញ​ចេញ​ហើយក្រោយ​មួយ​សប្តាហ៍​ទៀត​យ៉ាង​យូរ​យើង​នឹង​បណ្តេញ​គាត់​ចេញ​ពី​ប្រទេស‍»។

ប៉ុន្តែ​លោក​អ៊ុក ហៃសិលា​បដិសេធ​ថា​ការ​ចាប់​ឃាត់​ខ្លួន​នៅ​ពេល​នេះ​គឺ​ធ្វើឡើង​ដោយសារ​មាន​សំណើ​ពី​ក្រសួង​ណា​ផ្សេង៖

«យើង​អត់​ដឹង​ព្រោះ​នោះ​គេ​ដោះ​ស្រាយ​រួច​អស់​ហើយ តែ​នេះ​គឺ​រឿង​ស្នាក់​នៅ​ហួស​ទិដ្ឋាការ។​ យើង​អត់​មាន​ឃើញ​សំណើ​អ្វី​ផង»។​

ប៉ូឡុ​ន​ស្គី ​មហា​សេដ្ឋី​ជាតិ​រុស្សី​រូបនេះ​ធ្លាប់​មាន​ប្រវត្តិ​រឿង​អាស្រូវ​ជាច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ហើយ​ក៏​ធ្លាប់​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជាច្រើន​លើក​ច្រើន​សារ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក៕