លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញបំណងចង់បង្កើតឱ្យមានទោសប្រហារជីវិតឡើងវិញនៅក្នុងប្រទេសកម្ពុជាដើម្បីប្រហារជីវិតអ្នករំលោភកុមារីដែលជាសាច់ញាតិរបស់ខ្លួនឯង។
ការលើកឡើងនេះនៅពេលដែលលោកនាយករដ្ឋមន្ត្រីនិងភរិយាបានចុះទៅសួរសុខទុក្ខកុមារីនិងយុវតី នៅក្នុងអង្គការជួយស្ត្រីរងគ្រោះមួយដែលមានឈ្នោះថាអាហ្វេស៊ីបនៅថ្ងៃអាទិត្យនេះ។
កុមារីនិងយុវតីដែលអង្គការអាហ្វេស៊ីបមើលថែគឺសុទ្ធតែជាជនរងគ្រោះដោយសារការរំលោភ។
លោកហ៊ុន សែនបានចាត់ទុកជនល្មើសថាមាន«ធាតុតិរច្ឆាន» ដែលមិនគួរត្រូវបានអត់អោនឱ្យទេជាពិសេសក្នុងករណីជនល្មើសជាជីតា ឪពុកនិងឪពុកមាបង្កើតរបស់ជនរងគ្រោះ។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាដែលបានធ្វើឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣បានលុបចោលទោសប្រហារជីវិតហើយមានតែការដាក់ទោសមួយជីវិតប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថាលោកនឹងមិនប្រើអំណាចដើម្បីសុំព្រះមហាក្សត្រដើម្បីកែរដ្ឋធម្មនុញ្ញទេហើយក៏មិនស្នើសុំសមាជិករដ្ឋសភាឱ្យស្នើច្បាប់សុំដែរព្រោះការវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើតាមសំណើនាយករដ្ឋមន្ត្រីឬសមាជិករដ្ឋសភាទេគឺត្រូវធ្វើប្រជាមតិនៅទូទាំងប្រទេស។
ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៨មានការរំលោភស្ត្រីនិងកុមារចំនួន១១០ករណីហើយក្នុងឆ្នាំ២០១៧ការរំលោភនិងសម្លាប់ជនរងគ្រោះមានរហូតដល់១៤៧ករណីក្នុងនោះជនរងគ្រោះចំនួន៦នាក់ត្រូវបានសម្លាប់ក្រោយពីការរំលោភហើយ។ នេះបើតាមការរកឃើញរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
អង្គការលីកាដូបញ្ជាក់ថាកត្តាក្រីក្រដែលបង្ខំឱ្យឪពុកម្តាយត្រូវទៅធ្វើការឆ្ងាយពីលំនៅដ្ឋានហើយទុកកុមារីរងគ្រោះទាំងនោះនៅជាមួយនឹងសាច់ញាតិ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបន្ថែមថាស្ថានភាពនេះគឺ«ធ្ងន់ហួស»ដែលប៉ះទង្គិចមិនត្រឹមតែជនរងគ្រោះប៉ុណ្ណោះទេប៉ុន្តែដល់អ្នកដែលមានសមានចិត្តទៀតផង។
លោកបានបន្ថែមថា៖
«បើសិនជាករណីនេះវារីករាលដាលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលឈានទៅដល់ការឱ្យមានទោសប្រហារជីវិតឡើងវិញអាចនឹងត្រូវធ្វើប៉ុន្តែឆ្លងកាត់ប្រជាមតិព្រោះតាចង់បង្ក្រាបនូវធាតុតិរច្ឆានមួយដែលកើតនៅក្នុងសង្គមខ្មែរយើង»៕