លោកហ៊ុន សែនបញ្ជា​ឲ្យ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​ឲ្យ​នៅ​ក្រៅ​ឃុំ

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃឯករាជ្យភាពពីប្រទេសបារាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​រាប់​សិប​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ជួយ​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ រៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ។

ការ​ចាប់​ខ្លួន​សកម្ម​ជន​ទាំង​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ព្យាយាម​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​ទៅ​កាន់​ប្រទេស​កម្ពុជា បន្ទាប់ពី​លោក​បាន​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​តាំង​ពី​ឆ្នាំ ២០១៥ មក ដើម្បី​គេច​ពី​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​របស់​តុលាការ​កម្ពុជា ដែល​លោក​អះអាង​ថា​មាន​លក្ខណៈ​នយោបាយ។

លោក ហ៊ុន សែន បាន​និយាយ​ថា សកម្មជន​គណបក្ស​ប្រឆាំង​ជាង ៧០ នាក់ នឹង​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដើម្បី​ប្រយោជន៍​នៃ​ការ​បង្រួបបង្រួម​ជាតិ។ លោក​បាន​បន្ថែម​ថា សកម្មជន​ទាំង​នោះ​បាន​ចាញ់បោក​លោក សម រង្ស៊ី។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា ឲ្យ​មាន​សិទ្ធិ​ដើរហើរ​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ និង​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន ហើយ​ទោស «ក្បត់​ជាតិ‍» របស់​លោក​មិន​ត្រូវ​បាន​ទម្លាក់​ចោល​នោះ​ទេ៕