នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo តាមទូរស័ព្ទនៅថ្ងៃអង្គារនេះ ដើម្បីជជែកគ្នាអំពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែ មិនមានការបញ្ជាក់ខ្លឹមសារលម្អិតនៃកិច្ចពិភាក្សាគ្នារវាងមេដឹកនាំប្រទេសទាំងពីរក្នុងប្លុកអាស៊ាននេះទេ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជាដែលបានចេញផ្សាយនៅថ្ងៃទី៤ ខែមករានេះ។
ជំនួបជាមួយមេដឹកនាំឥណ្ឌូណេស៊ីនេះ ធ្វើឡើងខណៈដែលកម្ពុជាបានក្លាយជាប្រធានអាស៊ានជាផ្លូវការសម្រាប់ឆ្នាំ២០២២នេះ និងកើតឡើងតែ៣ ថ្ងៃប៉ុណ្ណោះ មុនពេលលោក ហ៊ុន សែន គ្រោងធ្វើដំណើរទៅជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ជាអ្វីមួយដែលលោក ហ៊ុន សែន អះអាងថា ដើម្បីចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
នៅមុនដំណើរទស្សនកិច្ចនេះតែ១សប្តាហ៍ មានគ្រាប់បែកច្នៃចំនួន២គ្រាប់ត្រូវគេដាក់បំផ្ទុះនៅក្បែរស្ថានទូតខ្មែរក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនមានគ្រោះថ្នាក់អ្វីទេហើយសន្តិសុខ ត្រូវបានពង្រឹង។ នេះ បើតាមការថ្លែងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់ដល់សារព័ត៌មាននានាក្នុងប្រទេសកម្ពុជា។ រីឯនិស្សិតរបស់មីយ៉ាន់ម៉ា ក៏បានតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ដោយមានដុតរូបថតលោកផងដែរ។
របបយោធាមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នដឹកនាំដោយលោក Min Aung Hlaing ត្រូវបានមេដឹកនាំពិភពលោក រិះគន់ចំពោះការធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំឈ្នះការបោះឆ្នោត គឺអ្នកស្រី Aung San Suu Kyi កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ និងចំពោះអំពើហិង្សាដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។
ឥណ្ឌូណេស៊ី ជាប្រទេសធំជាងគេក្នុងសមាគមអាស៊ាន ហើយរដ្ឋធានីហ្សាកាតានៃប្រទេសនេះ ក៏ជាទីដែលលេខាធិការដ្ឋានអាស៊ានតាំងនៅផងដែរ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានសម្តែងការគាំទ្រកម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ានដោយចាត់ទុកថា ជោគជ័យរបស់កម្ពុជា នឹងរួមចំណែកឲ្យឥណ្ឌូណេស៊ី បានជោគជ័យនៅពេលដែលធ្វើប្រធានប្តូរវេនបន្តនៅឆ្នាំក្រោយផងដែរ។
កាលពីឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅគ្រានោះ ប្រទេសនេះ បានរងការរិះគន់ពីសហគមន៍អាស៊ាន និងអន្តរជាតិ ដោយសារការមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយរបស់ប្លុកនៃប្រទេសទាំង១០នេះបាន។ កម្ពុជា អះអាងថា ខ្លួនត្រូវបានបង្ខំឲ្យធ្វើជាចៅក្រមកាត់សេចក្តីលើសំណុំរឿងសមុទ្រចិនខាងត្បូង តែក្រុមអ្នករិះគន់លើកឡើងថា កម្ពុជា កាន់ជើងចិន។
កាសែត Nikkei Asia បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រទេសចិន បានប្រាប់ប្រទេសឥណ្ឌូណេស៊ីឲ្យផ្អាកគម្រោងរុករករ៉ែប្រេង និងឧស្ម័ននៅក្នុងតំបន់មួយក្បែរប្រជុំកោះ Natuna islands ដែលស្ថិតក្នុងដែនសេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី តែត្រួតគ្នាលើតំបន់ដែលចិនទាមទារកម្មសិទ្ធិដែរក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែ ឥណ្ឌូណេស៊ី តែងតែប្រកាន់ជំហស្ងាត់ស្ងៀមដើម្បីបញ្ចៀសការបង្ហាញពីជម្លោះជាសាធារណៈជាមួយប្រទេសចិន។
ចិន ក៏មានជម្លោះជាមួយប្រទេសជាសមាជិកអាស៊ាន៤ទៀត គឺវៀតណាម ហ្វីលីពីនម៉ាឡេស៊ី និងព្រុយណេ ព្រមទាំងតៃវ៉ាន់ផងដែរ ក្នុងដែនសមុទ្រចិនខាងត្បូង ដែលចិនទាមទារអធិបតេយ្យស្ទើរតែទាំងស្រុង៕