កូនប្រុសច្បងរបស់មេដឹកនាំកម្ពុជាលោក ហ៊ុន សែនគឺលោកហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិជាផ្លូវការជាឧត្តមសេនីយ៍ផ្កាយបួននៅថ្ងៃព្រហស្បតិ៍នេះ ដែលជាសញ្ញាមួយផ្សេងទៀតនៃផែនការសម្រាប់លោកស្នងតំណែងពីឪពុករបស់លោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ៊ុន សែនបានប្រកាសគាំទ្រ ជាសាធារណៈ ឱ្យលោកហ៊ុន ម៉ាណែត ដឹកនាំព្រះរាជាណាចក្រនេះទៅថ្ងៃអនាគត។
លោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក បានឡើងឋានន្តរស័ក្តិផ្កាយ៤ នៅក្នុងពិធីមួយ ដែលមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ជាង១ពាន់នាក់។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ មានប្រសាសន៍ថា ការដំឡើងឋានន្តរស័ក្តិលោក ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់លោកក្នុងការ «បម្រើជាតិ យោធា និងប្រជាជនកម្ពុជា»។
លោក ហ៊ុន ម៉ាណែត ដែលបានរៀននៅប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានគណបក្សកាន់អំណាចគាំទ្រជាផ្លូវការជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ហើយលោកបានធ្វើសកម្មភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបង្កើនមុខមាត់ជាសាធារណៈ។
លោកម៉ាណែត មានអាយុ ៤៥ ឆ្នាំនេះ មានជំនួបការទូតកាន់តែច្រើន ជាងកាលពីមុន ជាមួយឥស្សរជននយោបាយជាន់ខ្ពស់។ នេះបើយោងតាមសន្ទស្សន៍ របស់វិទ្យាស្ថាន Lowy ស្តីពីអំណាចនៅអាស៊ី។
វិទ្យាស្ថានបាននិយាយថា នៅឆ្នាំ ២០២២ លោកបានជួបជាមួយមេដឹកនាំពិភពលោក ១០រូប រួមមានប្រធានាធិបតី អនុប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស រីឯឆ្នាំ២០១៩ លោកបានជួបមេដឹកនាំក្នុងពិភពលោកតែពីរនាក់ប៉ុណ្ណោះ។
លោកនឹងឈរឈ្មោះជាតំណាងរាស្ត្រនៅពេលកម្ពុជាធ្វើការបោះឆ្នោតនៅខែកក្កដាឆ្នាំនេះ៕