លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដែលលោកថា ជាដំណើរទស្សនកិច្ចដើម្បី«សម្រួលស្ថានការណ៍»ក្នុងប្រទេសនេះ។ ប៉ុន្តែដំណើរទស្សនកិច្ចទៅជួបមេដឹកនាំយោធាដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតជិតមួយឆ្នាំមកហើយនេះ ក៏រងការរិះគន់ផងដែរថា រដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេន ទទួលស្គាល់មេដឹកនាំយោធាមីយ៉ាន់ម៉ា។
កាលពីកន្លងទៅ លោក ហ៊ុន សែន បានថ្លែងថា លោកចង់ឲ្យមានវត្តមានរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំរបស់អាស៊ានឡើងវិញ ក្រោយមេដឹកនាំអាស៊ាន សម្រេចមិនឲ្យមេដឹកនាំយោធាចូលរួមកិច្ចប្រជុំ ដោយសារមិនមានវិវឌ្ឍនភាពគួរឲ្យ កត់សម្គាល់ទៅលើចំណុច៥ ដែលបានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១។
ប៉ុន្តែ លោក ហ៊ុន សែន កាលពីថ្ងៃពុធ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកនឹងមិនមានការពិភាក្សាអ្វីឃ្លាតឆ្ងាយពីកុងសង់ស៊ីស (ការមូលមតិ) ៥ ចំណុច ដែលប្រទេសសមាជិកអាស៊ានទាំង១០ បានឯកភាពគ្នាឡើយ។ លោកបានប្រកាសថា «កុំឲ្យយកការសន្និដ្ឋានឆាប់ពេក»លើដំណើរទស្សនកិច្ចរបស់លោក ដោយបន្ថែមថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ា នឹងទទួលបានផលប្រយោជន៍ពីការខិតខំរបស់រដ្ឋជាសមាជិកអាស៊ាន នៅពេលប្រទេសវិលត្រឡប់ទៅកាន់ដំណើរការប្រជាធិបតេយ្យឡើងវិញ។
លោកថ្លែងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ថា៖ «ក៏ប៉ុន្តែ បើសិនជាមានសន្តិភាព និងការវិលត្រឡប់នៃដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា អ្នកនឹងទទួលផលប្រយោជន៍ពីការខិតខំរបស់បណ្តារដ្ឋ ដែលជាសមាជិកអាស៊ាន ជួយសម្រួល។ ប៉ុន្តែ អ្វីៗ វាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មីយ៉ាន់ម៉ា។ ឯយើងពីខាងក្រៅគ្រាន់តែជួយសម្រួលតែប៉ុណ្ណោះ»។
លោកបន្ថែមថា៖ «អ៊ីចឹងទេ បងប្អូនប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា តើអ្នកចង់ឲ្យប្រទេសធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលពិតប្រាកដ ឬក៏ចង់ដោះស្រាយ?»
លោក ហ៊ុន សែន មេដឹកនាំកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២ នេះ កំពុងបង្ហាញការព្យាយាមសម្រួលស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាដែលលោក Min Aung Hlaing មេដឹកនាំយោធា បានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំប្រជាធិបតេយ្យ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។
លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិក ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃសុក្រថា ប្រហែលជាមានសេចក្តីថ្លែងការណ៍ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលមើលទៅល្អ ប៉ុន្តែការធ្វើសកម្មភាពជារឿងប្រសើរជាងការនិយាយ។
លោកបន្ថែមថា ការនាំប្រទេសមីយ៉ាន់ម៉ា មកចូលរួមកិច្ចប្រជុំអាស៊ានវិញ ដោយមិនមានការបញ្ឈប់ហិង្សាក្នុងប្រទេសនេះ គឺ«ការបរាជ័យមួយសម្រាប់អាស៊ាន»។ នេះ មានន័យថា ជា«ការផ្តល់សម្បទាន»ដល់មេដឹកនាំយោធា ប៉ុន្តែ មិនបានទទួលអ្វីមកវិញឡើយ។
ក្រោយជំនួបតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានឲ្យដឹងនៅលើទំព័រ Twitter របស់លោកថា លោកបានលើកឡើងជាថ្មី និងច្បាស់លាស់អំពីជំហររបស់ឥណ្ឌូណេស៊ីទៅលើចំណុចកុងសង់ស៊ីស (ការមូលមតិ) ចំនួន៥ ដើម្បីនាំមកនូវប្រជាធិបតេយ្យដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈការពិភាក្សាដែលមានការចូលរួមពីគ្រប់ភាគី។ លោកបន្ថែមថា ប្រសិនបើមិនមានវិវឌ្ឍនភាពគួរឲ្យកត់សម្គាល់ទៅលើ៥ចំណុចដែលបានឯកភាពគ្នាទេតំណាងរបស់ប្រទេសមីយ៉ាន់ម៉ា អាចចូលរួមប្រជុំអាស៊ានបាន តែក្នុងកម្រិតមិនមែននយោបាយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីខែមេសា មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ហើយគ្រប់ភាគីត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។ ទី២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕