រដ្ឋា​ភិបាល​គ្រោង​ខ្ចី​ប្រាក់​ពី​ដៃ​គូ​អភិវឌ្ឍន៍​ប្រមាណ​ ២៣០០ ​លាន​ដុល្លារ​អាមេ​រិក​សម្រាប់​ឆ្នាំ​២០​២៤

រូបឯកសារ៖ បុរសម្នាក់បើកម៉ូតូអូសរទេះដឹកអីវ៉ាន់ កាត់ផ្លូវក្រោយសំណង់អគារខ្ពស់ស្កឹមស្កៃ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)

រដ្ឋា​ភិបាល​កម្ពុជាគ្រោង​ខ្ចី​ប្រាក់​ពី​ដៃ​គូ​អភិវឌ្ឍន៍​ប្រមាណ​ ២​ពាន់​៣​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០​២៤ ​ដើម្បី​យក​មកទ្រទ្រង់​ចីរ​ភាពនៃ​កំណើន​សេដ្ឋ​កិច្ច និងឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​អភិវ​ឌ្ឍ​ជាតិ​។ នេះ​បើ​តាម​សេចក្តីព្រាង​ច្បាប់​ថវិកា​ជាតិ ដែល​រដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​សប្តាហ៍​មុន។ រដ្ឋាភិបាល​អះអាង​ថា ​កម្ចីនេះ​មិន​បង្កើត​ជា​បន្ទុកបំណុល​វ័ណ្ឌក​ដល់​កម្ពុជា​ឡើយ​។

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២៤ រដ្ឋាភិបាល​បាន​កំណត់​ទំហំនៃ​ការខ្ចីប្រាក់​ពីដៃគូ​អភិវឌ្ឍន៍​នៅ​ឆ្នាំ​ក្រោយ ​ក្នុង​ទំហំ​ប្រមាណ​២​ពាន់​៣​រយ​លាន​ដុល្លារ​អាមេ​រិក​ ​(ឬ​ក្នុង​កម្រិត​១៧០០​លាន​អេស​ដេ​អ៊ែ​) គឺ​រក្សា​ពិតាន​ដូច​ក្នុ​ងឆ្នាំ​២០​២៣​។

​គិត​ត្រឹម​ត្រី​មាស​ទី​៣ ឆ្នាំ​២០​២៣ ​កម្ពុជា​មានបំណុល​សា​ធារណៈ​ក្រៅ​ប្រទេស​ ចំនួន​ប្រមាណ ​១០​ពាន់លាន​ដុល្លារ​អាមេ​រិក​ ​(១០,៧៤១​.៦៨​លាន​ដុល្លារ​អាមេ​រិក​)​ ​ដោយ​ក្នុង​នោះ ​បំណុល​ទ្វេ​ភាគី​ជាមួយ​ប្រទេស​ចិន ​មានចំនួន៣៨%​ ឬ​ប្រមាណ ​៤​ពាន់​លាន​ដុល្លារ​អាមេរិក ​បំណុល​មរតក​ចំនួន​៦% ​និង​បំណុល​ទ្វេ​ភាគី​ជា​មួយ​ប្រទេសផ្សេង​ទៀត​ចំនួន​២១%​។ ​ចំណែក​បំណុល​ពហុ​ភាគី​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ចំនួន​២១%​ ឬ​ប្រមាណ​២​២០០​លាន​ដុល្លារ​អាមេរិក ធនាគារ​ពិភព​លោក​ចំនួន១១% ​និង​ពហុ​ភាគី​ផ្សេង​ទៀត​ចំនួន​៣%​។ នេះ​បើ​យោង​តាម​សេច​ក្តី​ព្រាង​ច្បាប់​ ​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០​២៤​។​

​រដ្ឋា​ភិបាល​កម្ពុជា​ បញ្ជាក់ក្នុង​សេចក្តី​ព្រាង​ច្បាប់​ថា​ ការ​គ្រប់​គ្រង​បំណុល​សាធារណៈ​ បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គន្លឹះ​ចំនួន​៥ ​ដូច​ជា​ការ​ខ្ចី​ឥណ​ទាន​ក្នុង​ទំហំ​សម​ស្រប​ដែល​ស្ថាន​ភាព​ថវិកា​ និង​សេដ្ឋ​កិច្ច​អាច​ទ្រាំទ្រ​បាន ​ការខ្ចី​ឥណ​ទាន​ដែ​ល​មាន​កម្រិត​សម្ប​ទានឬ​លក្ខ​ខណ្ឌ​អនុគ្រោះ​ខ្ពស់ ការខ្ចី​សម្រាប់​តែ​វិស័យ​អាទិ​ភាព​ទ្រទ្រង់​ចីរ​ភាព​នៃ​កំណើន​សេដ្ឋ​កិច្ច និង​វិស័យ​បង្កើន​ផលិត​ភាព​សេដ្ឋ​កិច្ច ​ឬ​ផលិត​ភាព​ផលិតកម្ម។

បន្ថែមពី​នោះ ​រដ្ឋាភិបាល​បញ្ជាក់​ថា​ ការ​ប្រើ​ប្រាស់​ឥណ​ទាន​ប្រកប​ដោយ​តម្លា​ភាព​ គណ​នេយ្យ​ភាព ប្រសិទ្ធ​ភាព និង​ស័ក្កិ​សិទ្ធ​ភាព​ខ្ពស់​បំផុត​ ​និង​ការប្រើ​ប្រាស់​ឥណ​ទាន​សម្រាប់​ហិរញ្ញ​ប្ប​ទាន​គម្រោង​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ពន្ធ​សាធារ​ណៈ​ ដែល​ត្រូវ​មាន​ស្តង់​ដា​ និង​គុណ​ភាព​ខ្ពស់​ស្រប​តាម​គោល​ការណ៍​នៃ​ការ​គ្រប់​គ្រង​ការ​វិនិយោគ​សាធារ​ណៈ​។

បើ​តាម​រដ្ឋាភិបាល ​ការ​ខ្ចី​ប្រាក់​ក្នុង​ទំហំ​នេះ​ក៏​ផ្អែក​លើ​ទិដ្ឋ​ភាព​ ទំហំ​នៃ​តម្រូវ​ការ​វិនិយោគ​សាធារណៈ ​ដែល​កម្ពុជា​មាន​ភាព​ចាំបាច់​ក្នុង​ការ​គៀរគរ​ធន​ធាន​បន្ថែមឱ្យ​បាន​ច្រើន ​ដើម្បី​បំពេញ​តម្រូវ​ការ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ឡើង​វិញ​ និង ​កម្ម​វិធី​ គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​ឥណ​ទាន​សម្បទាន​ក្នុង​ឆ្នាំ​២០​២៤​ ជាដើម​។

​រដ្ឋា​ភិបាល​ បញ្ជាក់​បន្ថែម​ថា​៖ «​ការ​បោះ​ពុម្ភ​លក់​មូល​បត្រ​រដ្ឋ ​និង​ការ​ខ្ចី​ពីក្រៅ​ប្រទេស​ក្នុង​ទំហំ​ខាង​លើ​នេះ ​នឹង​មិន​បង្កើត​ជា​បន្ទុកបំណុល​វ័ណ្ឌក​ដល់​កម្ពុជា​ទេ ​ពោល​គឺ​ជា​ទិដ្ឋ​ភាព​បច្ចេក​ទេស ​ស្ថាន​ភាព​បំណុល​សាធារ​ណៈ​កម្ពុជា​ នៅ​តែ​ត្រូវ​បាន​វាយ​តម្លៃ​ថា​មាន​ ចីរ​ភាព និង​ហានិ​ភ័យ​កម្រិត​ទាប ​ដដែល ​ដោយ​រាល់​សូចនាករ​បំណុល​គន្លឹះ​ៗ​របស់​កម្ពុជា​ ​សុទ្ធ​តែ​ស្ថិត​ក្រោម​អនុ​បាត​គោល​ទាំង​អស់​»។

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​លោក ​មាស សុខ​សេន​សាន បដិ​សេធ​ចំពោះ​ការអត្ថា​ធិប្បាយ​បន្ថែម​លើ​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០​២៤​។

​លោក មាស នី ​អ្នក​វិភាគ​សង្គម​ម្នាក់​ កត់​សម្គាល់​ថា​ ការ​ខ្ចី​ប្រាក់​ពី​ដៃ​គូ​អភិ​វឌ្ឍន៍ គឺ​កម្ពុជា​មិន​ទាន់​រង​ហានិ​ភ័យក៏​ពិត​មែន​ ប៉ុន្តែ​ត្រូវ​តែ​គិត​គូ​លើចំណូល​រដ្ឋ​ ដែល​អាច​សង​ត្រឡប់​ទៅវិ​ញ ជាពិសេស​ក្នុង​អំឡុង​ពេល​ដែលសេដ្ឋ​កិច្ច​របស់​ពល​រដ្ឋ​កំពុង​ធ្លាក់​ចុះ​។ លោក​ក៏​ចង់​ដឹង​ដែរ​ថា​តើ​ការ​រៀប​ចំ​កញ្ចប់​ថវិកា​ដែល​ខ្ចី​ពី​ដៃ​គូ​អភិ​វឌ្ឍន៍​ទាំង​នោះ នឹង​ឆ្លើយ​តប​ទៅ​នឹងតម្រូវ​ពិត​ប្រាកដ ឬ​យ៉ាង​ណា​ ព្រោះ​នៅ​ដើ​មអាណត្តិទី៧​នេះ ​ក៏​មាន​ការ​រិះ​គន់​ច្រើន​ពាក់​ព័ន្ធ​នឹ​ង​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​ជាតិ ក្នុង​ការ​ការ​តែង​តាំង​ទីប្រឹក្សា​តា​ម​ស្ថាប័ន​រដ្ឋ។

​លោក​ថ្លែង​ថា​៖​ ​«ការ​ខ្ចី​លុយ គឺ​អាស្រ័យ​លើ​ចំណូល​សង​គេ​។ ​បើ​យើង​អាច​មាន​ចំណូល​អាច​សង​គេ​បាន អាហ្នឹងវា​ជា​រឿង​ល្អ​ហើយ​ មិន​អី​ទេ យើង​មិន​ទាន់​ដល់​ហានិ​ភ័យ​។​ ប៉ុន្តែ​[ហានិ​ភ័យ​] ​អាច​វិលត្រឡប់​លឿន​ណាស់​ នៅ​ពេល​សេដ្ឋ​កិច្ច​យើង​អត់​ដើរ ​យើង​អ​ត់មាន​អី​សង​គេ ​អាហ្នឹងវាជួប​ហានិ​ភ័យ​ហើយ​»។

បើ​តាម​គម្រោង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០​២៤ ​រដ្ឋា​ភិបាល​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង​៩​ពាន់​លាន​ដុល្លារ​អាមេ​រិក ​ដែល​ថយ​ចុះ​៥%។

​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ ​លោក មាស សុខ​សេន​សាន ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​ថយ​ចុះ​នៃ​ចំណូល​ជាតិ និង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០​២៤ ​ដោយ​សារ​តែ​រដ្ឋា​ភិបាល​អាណត្តិ​ទី៧​ បាន​លើក​លែង​ពន្ធ​លើ​ការ​វិនិ​យោគ​ថ្មី​ៗ និង​បាន​អនុ​គ្រោះ​ពន្ធ​មួយ​ចំនួន​ទៀត​សម្រាប់​ការ​វិនិ​យោគ​ក្នុង​ស្រុក​៕