ប្រជារាស្ត្រខ្មែរជាច្រើនរាប់រយនាក់រូមមានដូនជី និងព្រះសង្ឃបានមកជួបជុំគ្នានៅពីមុខព្រះរាជវាំងដើម្បីដាក់កម្រងផ្កាកាន់មរណៈទុក្ខរបស់សម្តេចឪ។
ភ្នំពេញ៖ មួយថ្ងៃមុនព្រះសពរបស់សម្តេចឪនរោត្តម សីហនុ ដឹកតាមយន្តហោះមកកាន់មាតុប្រទេសវិញ ប្រជារាស្ត្រខ្មែរជាច្រើនរាប់រយនាក់រូមមានដូនជី និងព្រះសង្ឃបានមកជួបជុំគ្នានៅពីមុខព្រះរាជវាំងដើម្បីដាក់កម្រងផ្កាកាន់មរណៈទុក្ខរបស់សម្តេចឪ។
ក្រុមប្រជាពលរដ្ឋក្នុងសម្លៀកបំពាក់អាវសបានកាន់បាច់ផ្កាប្រកបដោយទឹកមុខស្រពាប់ស្រពោនហើយមួយចំនួនទៀតបានស្រែកទ្រហោយំនៅមុខព្រះរាជវាំង។
«ខ្ញុំស្រឡាញ់ស្តេចខ្ញុំ តែឥឡូវបាត់គាត់ ។ខ្ញុំឈ្មោះជន់ ចិន្តា»។
កញ្ញា ជន់ ចិន្តា រស់នៅទីក្រុងភ្នំពេញបាននិយាយបណ្តើរស្រែកទ្រហោយំបណ្តើរថាកញ្ញាចង់ឲ្យព្រះមហាវីរៈក្សត្រត្រឡប់មកវិញ។ កញ្ញាបានបញ្ជាក់ថា ការបាត់បង់សម្តេចឪមានទំហំធំធេងណាស់។
«ខ្ញុំស្រឡាញ់គាត់។ ខ្ញុំត្រូវការឲ្យគាត់នៅគ្រប់គ្រងជាតិ។ ខ្ញុំចង់ឲ្យគាត់នៅគ្រប់គ្រងប្រទេសជារៀងរហូត»។
នៅមុខព្រះបរមរាជវាំងមិនទាន់មានការដាក់តាំងរូបព្រះឆាយាលក្ខណ៍សម្តេចឪនៅឡើយទេ។ បុគ្គលិកអនាម័យចាប់ផ្តើមបាញ់ទឹកសម្អាតនៅតាមផ្លូវថ្នល់ដើម្បីចាំទទួលព្រះសពរបស់សម្តេចឪ។
ព្រះសពសម្តេចឪនរោត្តម សីហនុ គ្រោងនឹងដឹកតាមយន្តហោះពិសេសមកកាន់មាតុប្រទេសវិញនៅរសៀលថ្ងៃពុធស្អែកនេះបើមិនមានអ្វីប្រែប្រួល។
ព្រះករុណាសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានយាងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀតដើម្បីទៅទទួលព្រះសពសម្តេចឪពីទីក្រុងប៉េកាំង។ សម្តេចម៉ែ នរោត្តម មុនីនាថ ទំនងជាយាងមកជាមួយព្រះសពសម្តេចឪនៅថ្ងៃស្អែកនេះ។
ក្នុងទឹកមុខក្រៀមក្រំលាយឡំនឹងទឹកភ្នែករលីងរលោង អ្នកស្រី ហេន ធីតា អាយុ៤៨ឆ្នាំបាននិយាយថា សម្តេចឪមានគុណសម្បត្តិច្រើនណាស់ចំពោះប្រទេសជាតិហើយការបាត់បង់នេះមិនអាចរកអ្វីមកប្រៀបផ្ទឹមបាននោះឡើយ។
«លោកធំធេងលើសពីជីវិតយើងទៅទៀតពីព្រោះលោកធំធេងលើប្រជាជនទាំងអស់រាប់លាននាក់។ គាត់មានគុណធំធេងរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ថាជិវិតយើងតែមួយទេ តែជីវិតគាត់រាប់លាន»។
ព្រះតេជគុណ ទ្រី ពិសិដ្ឋ ព្រះជន្ម៣២ព្រះវស្សាគង់នៅវត្តសារវន្តតេជោបានមានសង្ឃដិកាបា្រប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ព្រះអង្គមានព្រះទ័យក្តុកក្តួលរកអ្វីមកប្រៀបផ្ទឹមគ្មាននៅពេលដែលឮដំណឹងនៃការសោយទិវង្គតរបស់សម្តេចឪ។ ព្រះតេជគុណមានសង្ឃដីកាថា សម្តេចឪធ្វើអ្វីៗសម្រាប់ប្រទេសជាតិ និងសាសនានៅពេលដែលព្រះអង្គនៅមានព្រះជន្ម។
«អ្វីៗគឺលោកធ្វើដើម្បីជាតិ និងសាសនា។ ដល់បាត់បង់លោកទៅអាត្មាមានការសោកស្តាយជាទីបំផុតរកអ្វីនិយាយមិនកើតក្រៅពីការអាណិតអាសូរហើយហ្នឹងឧទ្ទិសបុណ្យកុសលជូនដល់លោក»។
ក្រៅពីក្រុមប្រជាពលរដ្ឋដាក់កម្រងផ្កានៅពីមុខព្រះបរមរាជវាំង លោកអាចារ្យ និងដូនជីខ្លះទៀតបានអង្គុយសូត្រធម៌នៅក្បែររបងពីមុខព្រះបរមរាជវាំង។
ព្រះសពសម្តេចឪនរោត្តម សីហនុ គ្រោងនឹងតម្កល់នៅព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំងរយៈពេលបីខែ ដោយអនុញ្ញាតឲ្យប្រជានុរាស្ត្ររបស់ព្រះអង្គ មន្ត្រីរាជការនិងបណ្តាអង្គទូតនានានៅក្នុងប្រទេសកម្ពុជាចូលរួមរំលែកទុក្ខ មុននឹងធ្វើព្រះរាជបូជានៅវាលព្រះមេរុ។
នៅក្នុងសារាចរណែនាំរបស់រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខរយៈពេលប្រាំពីរថ្ងៃគឺចាប់ពីថ្ងៃទី១៧ខែតុលារហូតដល់ថ្ងៃទី២៣ខែតុលា។
ក្នុងរយៈពេលនៃការកាន់ទុក្ខនេះ គ្រប់ស្ថាប័នរដ្ឋ និងឯកជនព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវតែបង្ហូតទង់ជាតិឲ្យបានត្រឹម១ភាគ៣។ គ្រប់ស្ថានទូត និងកុងស៊ុលទាំងអស់ត្រូវត្រៀមរៀបចំទីកន្លែងព្រះឆាយាលក្ខណ៍របស់សម្តេចឪ និងសៀវភៅសម្រាប់ចុះមរណៈទុក្ខ។
សម្តេចឪនរោត្តម សីហនុ បានសោយទិវង្គតកាលពីវេលាម៉ោង១និង២០នាទីម៉ោងនៅក្នុងប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃចន្ទនៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងប៉េកាំងក្នុងព្រះជន្ម៩០ព្រះវស្សាដោយសារជំងឺគាំងបេះដូង៕