ពិធី​​របស់​ក្រុម​យុវជន​ដើម្បី​សន្តិភាព​ត្រូវ​អាជ្ញាធរ​បំបែក

Your browser doesn’t support HTML5

ពិធី​​របស់​ក្រុម​យុវជន​ដើម្បី​សន្តិភាព​ត្រូវ​អាជ្ញាធរ​បំបែក

ក្រុម​យុវជន​នៃ​ក្រុម​ការងារ​ដើម្បី​សន្តិភាព ​និង​តំណាង​យុវជន​មកពី​សាសនា​ព្រះពុទ្ធ ​ឥស្លាម​ ​និង​សាសនា​គ្រិស្ត​ប្រហែល​ជិត​៥០នាក់​បាន​បរាជ័យ​ក្នុង​ការ​ដើរ​ដង្ហែរ​ក្បួន​បួង​សួង​សុំ​សន្តិភាព ​ដោយសារ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ និង​ប៉ូលិស​បាន​ព្យាយាម​បំបែក​ការ​ជួបជុំ​របស់​ក្រុម​យុវជន​ទាំងនោះ។​

ក្រុម​យុវជន​ ដែល​មាន​ពាក់​អាវ​ពណ៌​ផ្ទៃ​មេឃ​ និង​កាន់​ផ្កាឈូក​ពណ៌ស​ រួម​ទាំងព្រះ​សង្ឃ​ផង​ដែរ​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះនៅ​ទីធ្លា​នៃ​រមណីយដ្ឋាន​វត្តភ្នំ​ ដើម្បី​ដើរ​ជា​ក្បួន​ឆ្ពោះ​ទៅ​កាន់​ព្រះ​អង្គ​ដងកើ​មុខ​ព្រះ​បរមរាជ​វាំង​ដើម្បី​បួងសួង​សុំ​សន្តិភាព។​ ​ហើយយុវជន​ទាំង​នេះ​គ្រោង​នឹង​ចែក​ផ្កា​ឈូកដល់​ប្រជា​ពល​រដ្ឋ​តាម​ដង​ផ្លូវ​មុន​នឹង​ធ្វើ​ពិធី​បួង​សួង​សុំសន្តិភាព​នៅ​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​អង្គ​ដង​កើ។​

ក៏​ប៉ុន្តែពួក​គេ​បាន​ទទួល​រង​ការ​គំរាម​វាយ​បំបែកដោយ​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញនិង​កង​ប៉ូលិស​ដែល​ប្រដាប់​ដោយ​ខែល​និង​ដំបង។​

ក្រុម​សមត្ថកិច្ច​ទាំង​នេះ​បានដណ្តើម​យក​បដា​របស់​ក្រុម​យុវជន​ដែល​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​នេះ។ ​បដា​ទាំង​នេះ​សរសេរអំពាវនាវ​ឲ្យ​មាន​សន្តិភាព​ និង​គ្មាន​អំពើ​ហិង្សា​ជាដើម។​

ក្រុម​យុវជន​នៃ​ក្រុម​ការងារ​ដើម្បី​សន្តិភាព​ និង​អ្នក​តំណាង​សាសនា​បាន​ប៉ុនប៉ង​ប្រមូល​ផ្តុំ​គ្នា​ជា​ច្រើន​ដង​ប៉ុន្តែក្រុម​សមត្ថកិច្ច​ និង​កង​សន្តិសុខ​ដែល​ពាក់មួក​ឃ្លុប​បិទ​មុខ​ បាន​តាម​ព្យាយាម​បំបែក​ពួក​គេ។​

«វ៉ៃ​វា​ទៅ!»។ នេះ​ជា​សម្រែក​របស់​កម្លាំង​សន្តិសុខ។​

អ្នក​ស្រី​ប្រាក់​ សុខានី ជា​តំណាង​ក្រុមយុវជន​ ថ្លែង​ថា​ គម្រោង​នៃ​ការ​ដើរ​ដង្ហែរ​ក្បួន​សុំសន្តិភាព​របស់​ក្រុមយុវជន​នៅ​ថ្ងៃ​នេះ​គឺ​មិន​ពាក់ព័ន្ធ​គណបក្ស​នយោបាយ​អ្វី​ឡើយ។​

ការ​ជួបជុំ​នេះ​ត្រូវ​បាន​អ្នកស្រីអះអាង​ថា​ គឺ​គ្រាន់ជា​ការ​បួងសួង​ដើម្បី​សន្តិភាព​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។​ អ្នក​ស្រី​បន្ថែម​ថា​ សិទ្ធិ​សេរីភាព​នៃ​ការសម្តែង​មតិ​នៅ​កម្ពុជា​ហាក់​បី​ដូចជា​លែង​មាន​ទៀត​ហើយ។

«ខ្ញុំ​យល់​ឃើញ​ថា​ វា​ហួស​ហេតុ​ពេក​ហើយ​ ពីព្រោះ​ក្រុម​ការងារ​យើង​មិន​មែន​ជាក្រុម​នយោបាយ​ មិន​មែន​ជា​ក្រុម​ប្រឆាំង​អ្វី​មួយ​ទេ។​ យើង​ប្រារព្ធ​ទិវា​នេះ ​ពីព្រោះ​វា​ជាទិវា​បុណ្យ​ជាតិ​ អន្តរជាតិ​ទៅ​ហើយ។​ បើ​មិនអញ្ចឹង ​គេ​មិន​មែន​ឈប់​ទូទាំង​ប្រទេស​នោះ​ទេ»។​

លោក​លឹម​ វ៉ាន់និត​ យុវជន​តំណាង​សាសនា​គ្រិស្ត​ ថ្លែង​ថា ​លោក​មិន​យល់​ថា​ មូលហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​បិទ​សិទ្ធិ​សេរីភាព​របស់​យុវជន​ដែល​គ្រាន់​តែធ្វើ​ការ​បួស​សួង​សុំ​សន្តិភាព​នេះ។

«ជា​ការ​គំរាម​កំហែង​ដល់​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ជាការ​គម្រាម​កំហែង​មួយ​ដល់​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​របស់​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា»។​

ព្រះ​តេជគុណ​អាន​ វិចិត្រ​ដែល​បាន​ចូល​រួម​ក្នុង​គម្រោង​នៃ​ការ​ដើរ​ដង្ហែរ​ក្បួន​នេះ​បន្ថែម៖​ «វា​ជា​ថ្ងៃ​ពិធី​បុណ្យ​ជាតិ​ ថ្ងៃ​បុណ្យ​សាសនា តែ​អាជ្ញាធរ​បែរជា​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​នោះ​ទេ​ មិន​អនុញ្ញាត​ហើយ​មានការ​គំរាម​កំហែង​ មាន​ខែល​ មាន​ដំបង​បណ្តេញ​ប្រជា​ពលរដ្ឋ​ទៀត»។​

រដ្ឋា​ភិបាល​បាន​ដាក់​បម្រាមហាម​ការ​ប្រមូល​ផ្តុំធ្វើ​ការ​តវ៉ាង​នៅ​តាម​ទី​សារធារណៈ​ ស្រប​ពេល​ដែល​ទី​លាន​ប្រជាធិបតេយ្យ​ដែល​ជា​ទីលាន​ប្រមូល​ផ្តុំ​ផ្លូវ​ការ​តែមួយ​គត់​ ត្រូវ​បាន​កាន់​កាប់​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ។

ទោះ​បីជា​យ៉ាងណា​ក្តី ​មន្ត្រី​អាជ្ញា​ធរ​ខណ្ឌ​ដូនពេញ​ ដែល​ជា​អ្នក​ចេញ​បញ្ជា​ផ្ទាល់​លើ​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ​ បាន​លើកឡើង​ថា ​ការ​ជួបជុំ​របស់​ក្រុម​យុវជន​គឺ​ធ្វើឡើង​ដោយ​ខុស​ច្បាប់​ ហើយថា ​ប្រសិន​ជា​ចង់​មាន​ការ​ដើរ​ដង្ហែរ​ក្បួន​ ក្រុម​យុវជន​ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​សាលា​ក្រុង​ជា​មុន​សិន។​

«នៅ​វត្ត​ភ្នំ​នេះ​ មិនមែន​ថា​ នរណា​ម្នាក់​មក​ធ្វើ​អ្វី​តាម​ការ​នឹង​ឃើញ​ទេ​ ទាល់​តែ​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ ​ទើប​យើង​ធ្វើ​កើត​ ពីព្រោះ​យើង​ប្រមូល​មនុស្ស​ធ្វើ​ ចាប់​ពី​បួន​ដប់​ម្ភៃ​នាក់​ហើយ​ ​វាមិន​មែន​ជា​រឿង​ធម្មតាទេ»។​

ភ្លាមៗ​ក្រោយ​ការ​បំបែក​ក្រុម​យុវជន​នេះមក​ គេ​សង្កេត​ឃើញ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង ​ដោយកង​កម្លាំង​សន្តិសុខ​ខណ្ឌ​ និង​ប៉ូលិស​ជា​ច្រើន​រយ​នាក់​ទៀត​ត្រូវបាន​ដាក់​ពង្រាយ​ពេញ​ទី​ធ្លា​នៃ​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំពេញ។​

ទោះ​ជា​បែប​នេះ​ក្តី​ មិនមាន​អំពើ​ហិង្សា​កើត​មាន​ឡើង​ទេក្នុង​ការបំបែក​ក្រុម​យុវជន​នៃ​បណ្តាញ​សន្តិភាព​នេះ ​ព្រោះ​ថា ​ក្រុម​យុវជននេះ​បានរំសាយ​ការ​ប្រមូល​ផ្តុំ​នៅ​ម៉ោង​ប្រហែល​ជិត​១០ព្រឹក៕