បើទោះបីជាសមាជិកសភាជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិបានស្បថចូលកាន់មុខតំណែងនិងចូលរួមប្រជុំសភាយ៉ាងណាក៏ដោយក៏រលកនៃការកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិដោយតុលាការក្រុងភ្នំពេញនៅបន្ត។ ខណៈពេលដែលសកម្មជនបីនាក់ផ្សេងទៀតកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារនៅឡើយ។
ដោយសារតែដីកាកោះជាបន្តបន្ទាប់ទៅលើសកម្មជនគណបក្សសង្គ្រោះជាតិនេះហើយ ទើបមេដឹកនាំគណបក្សសង្គ្រោះជាតិបានបញ្ចេញប្រតិកម្មនិងស្តីបន្ទោសសារជាថ្មីដល់គណបក្សប្រជាជនកម្ពុជាថាគ្មានចេតនាចង់បញ្ចប់វិបត្តិនយោបាយដូចអ្វីដែលខ្លួនបានអះអាងទេ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតក្នុងខណៈពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋមកពីភូមិឡពាង ខេត្តកំពង់ឆ្នាំង។ លោក សម រង្ស៊ី ទំនងជាមិនពេញចិត្តនឹងចំណាត់ការរបស់តុលាការក្រោយពីវិបត្តិនយោបាយបានបិទបញ្ចប់។
លោក សម រង្ស៊ី មានប្រសាសន៍ថា វិបត្តិនយោបាយបានបញ្ចប់ហើយ តែអ្វីក៏ដោយឱ្យតែពាក់ព័ន្ធនឹងរឿងនយោបាយត្រូវតែបញ្ចប់។
លោកនិយាយថា៖ «តែបើមានអ្នកជាប់គុក មានអ្នកដែលគេនៅតាមដានរករឿងមានន័យថាវិបត្តិនយោបាយមិនទាន់បានបញ្ចប់ទេ។ កាកសំណល់នៃវិបត្តិនយោបាយត្រូវតែបញ្ចប់។ខ្ញុំនឹងខិតខំដើម្បីឱ្យស្មារតីនេះ ត្រូវបានគេគោរពទាំងអស់គ្នា»។
កាលពីសប្តាហ៍មុន ក្នុងពេលបើកកិច្ចប្រជុំរដ្ឋសភាជាលើកដំបូងដោយមានការចូលរួមពីសមាជិកសភាតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលធ្លាប់មានជម្លោះដ៏រ៉ាំរ៉ៃជាង១០ខែបានប្រកាសព្រមគ្នាថានឹងបញ្ចប់វិបត្តិនយោបាយក្រោយពីការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនោះបានឱ្យកត់សំដីលោក សម រង្ស៊ីដែលបាននិយាយក្នុងសភាទុកទៀតផង។ក៏ប៉ុន្តែមិនយូរប៉ុន្មានបន្ទាប់ពីការសន្យាផ្ទាល់មាត់ចេញពីមេដឹកនាំទាំងពីររួចមក ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាត់វិធានការទៅលើគណបក្សប្រឆាំងបានចាប់ផ្តើមឡើង។
លោក ឈាង វ៉ុន អ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា រឿងនេះជារឿងផ្លូវច្បាប់របស់តុលាការ។ លោកមិនអាចបកស្រាយជំនួសតុលាការបានទេ។
លោកនិយាយថា៖ «ខ្ញុំនៅសភាខ្ញុំឆ្លើយជំនួសតុលាការម៉េចកើត។ ខ្ញុំអត់ដឹងទេបញ្ហាអស់ទាំងហ្នឹង។រឿងតុលាការឱ្យតុលាការគេដោះស្រាយទៅ»។
លោក កែវ មុន្នី ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះមិនបានបញ្ជាក់ទេដោយលោកគ្រាន់តែនិយាយយ៉ាងខ្លីថាកំពុងជម្រះក្តី។
លោក មាជ សុវណ្ណារ៉ា អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ និង ជាប្រធាននាយកដ្ឋានព័តមានរបស់គណបក្សត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឱ្យចូលមកបំភ្លឺក្នុងតុលាការនៅថ្ងៃទី១ខែកញ្ញាពីបទជាប់ពាក់ព័ន្ធដឹកនាំកុប្បកម្ម ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស។
បទចោទនេះ តុលាការបានធ្វើការចោទប្រកាន់ដូចនឹងអ្នកតំណាងរាស្ត្រ៧នាក់និងសកម្មជន៤នាក់ទៀតដែលនៅក្នុងនោះមានបីនាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។ បន្ទាប់ពីមានអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដាដែលបានបណ្តាលឱ្យកងសន្តិសុខនិងសកម្មជនគណបក្សសង្គ្រោះជាតិជិត៥០នាក់រងរបួស។
លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ប្រាប់វីអូអេតាមរយៈទូរស័ព្ទថាលោកនឹងចូលឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការ។
លោក មាជ សុវណ្ណរ៉ាកំពុងស្នាក់នៅឯក្រៅប្រទេស។ លោកបានអះអាងថា នឹងមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៨ខែសីហាខាងមុខដើម្បីមកឆ្លើយបំភ្លឺចំពោះការចោទប្រកាន់នេះ៕