បក្ស​ប្រឆាំង​ប្រកាស​ផ្អាក​ការ​ចរចា​កម្រិត​ក្រុម​ការងារ

លោក​ប៊ិន ឈិន​ប្រធាន​ក្រុម​ការ​ងារ​ចរចា​នៃ​គណបក្ស​កាន់​អំណាច​​ថ្លែង​​​នៅ​ក្រោយ​ជំនួប​ខ្លី​​​ប្រមាណ​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ​​ ជាមួយ​មន្ត្រី​គណបក្ស​​សង្គ្រោះ​ជាតិ នៅ​វិមាន​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៤។ (ហេង រស្មី/វីអូអេ)

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​ជា​ឯកតោ​ភាគី​ផ្អាក​ការប្រជុំ​របស់​គណៈកម្មការ​ចម្រុះ​រវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​ការ​ចរចា​ក្នុង​ពេល​កន្លង​មក​ហាក់​បោះជំហាន​ម្តង​ទៅមុខ​និង​ម្តង​នៅ​ទ្រឹង​មួយ​កន្លែង ហើយ​ស្នើ​ឱ្យ​មានជំនួបកំពូល​រវាង​គណបក្ស​ទាំងពីរដើម្បី​ធ្វើ​សេចក្តី សម្រេច​ជា​គោលការណ៍​អំពី​របៀប​នៃ​ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​និង​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ឡើងវិញ។​

សេចក្តីថ្លែងការណ៍​ជា​ចំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​បាន​បញ្ជាក់​ថា៖ «គណបក្ស​សង្គ្រោះជាតិ​យល់​ឃើញ ថា​ការជួប​ប្រជុំ​រវាង​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ទាំងពីរ​មិន​អាច​ដោះស្រាយ​បញ្ហា​ជា​អាទិភាព​ក្នុង​ក្របខណ្ឌ​នៃ​ការ​រៀបចំ​ការកែ​ទម្រង់​ការបោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ឱ្យ​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​សំដៅ​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ ដោយ​សេរី​និង​យុត្តិធម៌​បាន​ឡើយ»។​

គណបក្ស​ប្រឆាំង​បាន​ចោទ​ថា​ការ​ចរចា​កន្លង​មក​នេះ​គឺគ្រាន់​តែ​ជា​យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​អូស​បន្លាយ​ពេលវេលា​និង​គ្មាន​ឆន្ទៈ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​វិញ​យ៉ាង​ណា​ទេ​ ប៉ុន្តែ​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​ក្រោយ​ការ​ប្រជុំ​ចុង​ក្រោយ​កាលពីថ្ងៃ​ច័ន្ទ​លោក​ប៊ិន ឈិន​ប្រធាន​ក្រុម​ការ​ងារ​ចរចា​នៃ​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា​ខ្លួន​មិន​ចង់​ផ្អាក​ការ​ចរចា​ទេ​ហើយ​យល់​ព្រម​ចរចា​ពី​ការ​កែទម្រង់​ស្ថាប័ន​បោះឆ្នោត​មួយ​ដែល​អាចទទួល​យក​បាន​គ្រប់​ភាគី។ ​

ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​កន្លង​មក​នេះ​មិន​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​សុខ​ចិត្ត​ទទួល​យក​លទ្ធផល​ឆ្នោតឡើយ​ដោយ​ចោទ​ប្រកាន់មាន​ការ​លួច​បន្លំ​និង​ភាព​មិន​ប្រក្រតី​យ៉ាង​ច្រើនហើយ​ទាម​ទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ព្រម​ទាំង​កែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត​ជាតិ៕