គណបក្ស​ប្រឆាំង​មិន​ទាន់​យល់​ព្រម​លើ​ថ្ងៃ​បោះឆ្នោត​ថ្មី​នៅ​ឡើយ

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ក្នុង​ខណៈ​ពេល​ដែល​លោក​ ​កំពុង​នៅ​ក្នុង​រដ្ឋ​វាស៊ីនតោន​​(ស្តេត)​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ថា​ជំហរ​របស់​លោក​មិន​ប្រែប្រួល​ទេ​គឺនៅ​តែ​ទាមទារ​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ។​

ក្រោយ​ពីបាន​ជួប​គ្នា​តាម​ទូរស័ព្ទ​អស់​រយៈ​ពេល​៤៥​នាទី​កាល​ពី​ថ្ងៃ​ពុធ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ផ្ទុយ​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​យល់​ព្រម​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ឡើងវិញ។​

ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​ធ្វើ​ឡើង​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ពីការ​បោះ​ឆ្នោត​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣។ ​ជំនួប​តាម​ទូរស័ព្ទ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ខណៈពេល​ដែល​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​កំពុង​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក។​

លោក​ហ៊ុន​ សែន​បាន​ចាក់​ផ្សាយ​ផ្នែក​តូច​មួយ​នៃ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ជា​សាធារណៈ​ដែល​មាន​ខ្លឹមសារ​ថា៖​

«-លោកសម រង្ស៊ី៖ ជំរាបសួរៗ​សម្តេច។

- លោក​ហ៊ុន សែន៖ អើ​ ម៉េច​ហើយ​ឯកឧត្តម សុខសប្បាយទេ​ ឯកឧត្តម​?​

លោក​សម រង្ស៊ី៖ សុខសប្បាយ​ទេ។​ខាង​សម្តេច​សុខសប្បាយទេ?

លោក ហ៊ុន សែន៖ ​អត់​អីទេ​ ទើប​មក​ពី​វាយ​កូន​គោល។

លោក​សម រង្ស៊ី៖ ​ជិត​ចូល​ឆ្នាំ​ហើយ​ជូន​ពរ​សម្តេច​បាន​សុខភាព​ល្អ បាទ»។​

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​អះអាង​ថា​លោក​ សម រង្ស៊ី​ បាន​យល់​ព្រម​តាម​ទូរស័ព្ទ​ថា​នឹង​កំណត់​យក​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៧​និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៨។​

លោក​និយាយ​ថា៖​«ឯក​ឧត្តម​សម រង្ស៊ី​ បាន​ឯកភាព​ហើយ​លើ​រឿង​នេះ​ សំអាង​ឯក​សារ​សម្រាប់​ចុះ​ហត្ថលេខា​នេះ​បាន​ជា​ឯក​ឧត្តម​ ព្រំ សុខា​ និង​ សុន ឆ័យ​ធ្វើ​ជាមួយ​គ្នា។ ឯកឧត្តម​សម រង្ស៊ី​ថា​សុំពេល​មួយ​ម៉ោង​ពីព្រោះ​ឯក​ឧត្តម​កឹម សុខា​ នៅ​ឯ​អាមេរិក។ ​តែ​ម្សិល​មិញ​ហើយ​ខ្ញុំ​ក៏មិន​ទាន់ដាក់​ការអស់​សង្ឃឹម​ដែរ»។​

មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​គឺ ​លោក សម រង្ស៊ី​ បាន​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​ថា​លោក​មិន​បាន​យល់​ព្រម​ណាមួយ​ជាមួយ​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​កំណត់​យក​ថ្ងៃ​បោះឆ្នោត​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៨​ទេ។ ក៏​ប៉ុន្តែ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​លោក​មិន​ជំទាស់​ទេ។​

លោក​បាន​និយាយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ការ​ព្រមព្រៀង​ណាមួយ​ដោយ​មិន​មាន​វត្តមាន​និង​ចុះ​ហត្ថលេខា​រួម​គ្នា​ជាមួយ​លោក​ កឹម សុខា​នោះ​ទេ។​

លោក​និយាយ​ថា៖​«ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​សម រង្ស៊ី​ កឹម សុខា​គឺ​សម្រេច​ជាមួយ​គ្នា​ដូច្នេះ​មិន​អាច​សន្និដ្ឋាន​ថា​ម្នាក់​ធ្វើ​អ្វីមួយ​ម្នាក់​ទៀត​ត្រូវ​ទទួល​ខុស​ពីព្រោះ​មិន​បាន​ធ្វើ។ ​អត់ទេ។ ​យើង​បើ​ធ្វើ​ ធ្វើ​ជាមួយ​គ្នា»។​

ជំនួប​រយៈ​ ៤៥​នាទី​រវាង​មេដឹក​នាំ​គណបក្ស​គូជម្លោះ​ទាំង​ពីរ​បាន​យល់​ព្រម​ថា​នឹង​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ និង​ ការបោះ​ឆ្នោត​ជា​សាកល​ឡើង​វិញ​ក៏ប៉ុន្តែ​ក្នុង​ពេល​វេលា​ពិត​ប្រាកដ​ណាមួយ​នៅ​មិន​ទាន់​បាន​កំណត់​ជាផ្លូវការ​នៅ​ឡើយ។​

គណបក្ស​ទាំង​ពីរ​ក៏​បាន​យល់​ព្រម​ឱ្យ​កែទម្រង់​សមាស​ភាព​នៃ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​និង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ដោយ​ឯក​រាជ្យ​របស់​ខ្លួន។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ក្នុង​ខណៈ​ពេល​ដែល​លោក​ ​កំពុង​នៅ​ក្នុង​រដ្ឋ​វាស៊ីនតោន(ស្តេត)​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​ថា​ជំហរ​របស់​លោក​មិន​ប្រែប្រួល​ទេ​គឺនៅ​តែ​ទាមទារ​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ។​

លោក​បាន​បញ្ជាក់​ថា​លោក​ចង់​ឱ្យ​កំណត់​ថ្ងៃ​បោះឆ្នោត​ឡើង​វិញ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៦​ដែល​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​លោក​កឹម សុខា​មាន​ប្រសាសន៍​ថា​លោក​នឹង​វិល​មក​ប្រទេស​កម្ពុជាវិញ​នៅ​រយៈ​ពេល​ពីរ​សប្តាហ៍​ក្រោយ​ទៀត។​

លោក​និយាយ​ថា៖​ «ជំហរ​របស់​យើង​អត់​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ​គឺទី​មួយ​យើង​កំណត់​កាល​បរិច្ឆេទ​បោះ​ឆ្នោត​ឡើងវិញ។​ ទីពីរ​យើង​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​ហ្នឹង​ ជាពិសេស​ការ​កែទម្រង់​គជប​ឱ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ហើយ​សមាសភាព​ត្រូវតែ​ជា​សមាសភាព​ដែល​ឯក​ភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ជាមុន»។​

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ចូល​បង្គុំ​គាល់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​បើ​ពុំមាន​អ្វី​ប្រែប្រួលទេ​។​ ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ​ពុំ​មាន​ការ​ព្រម​ព្រៀង​ណាមួយ​ថា​គណបក្ស​ទាំង​ពីរ​យល់​ព្រម​ចូល​គាល់​ព្រះ​មហា​ក្សត្រនៅ​ឡើយទេ​ដរាប​ណាវិបត្តិ​នយោបាយ​មិន​ទាន់​បាន​ដោះ​ស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់។​

លោក​ សម រង្ស៊ី​ មាន​ប្រសាសន៍​ថា​ដរាប​ណា​លោក​ កឹម សុខា​មិន​ទាន់​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ​គ្មាន​ការ​ចរចា​ណាមួយ​ត្រូវ​ធ្វើ​ឡើងទៀត​ទេ៕