លោក​សម រង្ស៊ី​ដើរ​គៀងគរ​អ្នក​ចូលរួម​បាតុកម្ម​នៅ​ភ្នំពេញ

  • ហេង ​រស្មី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​របស់​លោក​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០១៣។

ភ្នំពេញ៖ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​សម រង្ស៊ី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចាប់​យក​វត្ត​ស្ទឹង​មាន​ជ័យ​ដែល​ធ្លាប់​បាន​ជួប​ប្រទះ​នូវ​អំពើ​ហិង្សា​ដ៏លេច​ធ្លោ​មួយ​កាល​ពី​អំឡុង​ការបោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា ​ធ្វើជាទីកន្លែង​ដំបូងគេនៃ​ការ​ដើរ​គៀង​គរ​ប្រជា​ពលរដ្ឋ​ឱ្យ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ។​

លោក​បាន​សួរ​ទៅ​ហ្វូង​អ្នក​ចូលរួម​ស្តាប់ថា៖

«​អ្នក​ណា​ប្តេជ្ញា​ចូលរួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​សុំ​លើក​ដៃ​មើល?​ ទាំង​អស់​គ្នាៗ»។​

វត្ត​ស្ទឹង​មាន​ជ័យ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខណ្ឌមាន​ជ័យ​បាន​ពើប​ប្រទះ​នូវ​អំពើ​ហិង្សា​ដ៏​ស្រួច​ស្រាល់​មួយ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​បាន​ប្រឆាំង​មិន​ឱ្យ​អ្នក​បោះឆ្នោត​ដែល​គេ​សង្ស័យ​ថា​ជា​ជនជាតិ​វៀត​ណាម​ចូលរួម​បោះ​ឆ្នោត។​

យ៉ាង​តិច​មាន​រថយន្ត​កង​រាជអាវុធ​ហត្ថ​ចំនួន​ពីរ​គ្រឿង​ត្រូវ​បាន​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ពោពេញ​ទៅ​ដោយ​កំហឹង​បាន​ដុត​ឆេះ។​

លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ក្រោយ​ពី​បញ្ចប់​ហ្វឹក​ហាត់​ប្រជាជន​ឱ្យ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទី​លាន​ប្រជាធិតេយ្យ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញលោក​ធ្វើ​សកម្មភាពដើរ​គៀង​គរ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម។​

លោក​សម រង្ស៊ី​ក៏បានលើក​ទឹក​ចិត្ត​ក្រុម​អាជីវករ​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ហើយ​ក្រោយ​មក​លោក​បាន​ចូល​ជួប​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​លោក​ជាច្រើន​រាប់​រយ​នាក់​ក្នុង​បរិវេណ​វត្ត​ស្ទឹងមាន​ជ័យ។​

សំឡេង​អបអរ​សារទរ​បន្លឺ​នៅ​គ្រប់​កន្លែង​ដែល​លោក​ទៅ​ដល់​ថា៖«​ជយោ!​លោក​ប្រធាន​សម រង្ស៊ី​!​ជយោ!ៗៗៗ​ ឈ្នះ​មិន​ឈ្នះ? ឈ្នះ! ឈ្នះ​មិន​ឈ្នះ? ឈ្នះ!!»។​

លោក​សម រង្ស៊ី​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​បញ្ចប់​ការថ្លែង​សុន្ទរកថា​យ៉ាង​ខ្លី​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ថា​ជំហរ​របស់​គណបក្ស​ប្រឆាំង​រឹងមាំ​ជានិច្ច​និង​ប្រកាស​ទាមទារ​រហូត​ដល់​មាន​ដំណោះ​ស្រាយ។​

លោក​និយាយ​ថា៖

«​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ប្រជា​រាស្ត្រ​ម្ចាស់​ឆ្នោត​ឱ្យ​ទាល់​តែបាន​បន្ត​ទៀតៗ​ទាល់​តែបាន​យុត្តិ​ធម៌​១០០%​ជាស្ថាពរ»។​

កំពុង​តែ​ឈរ​ជជែក​គ្នា​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ​បន្ទាប់​ពី​លោក​សម រង្ស៊ី​បាន​ចាក​ចេញ​វិញ​ ស្រ្តី​ម្នាក់​រស់​នៅ​ក្បែរ​វត្ត​ស្ទឹងមាន​ជ័យ​បាន​គាំទ្រ​ឱ្យ​មានការ​ធ្វើបាតុកម្ម​អហិង្សា​ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត។​

និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ស្រ្តី​រូប​នោះបាន​បញ្ជាក់​ថា៖

​«​ខ្ញុំ​យល់​ថា​អហិង្សា​ល្អ។​ ទឹកចិត្ត​ខ្ញុំ​ចូលរួម​។ ​ខ្ញុំ​ចូល​រួម​ចង់​បាន​សន្តិភាព​ឱ្យ​បាន​ដឹកនាំ​ល្អ​ទៅ​មុខ​ទៀត»។​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា​និង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យដែល​គ្រោង​ធ្វើនៅ​ថ្ងៃ​សៅរ៍​ខាង​មុន​នេះ​ដើម្បី​ទាមទារ​ឱ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត។​

លោក​ឧត្តម​សេនីយ៍​ឯក គៀត​ ច័ន្ទថារិទ្ធ​ អ្នកនាំពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​បាន​អះអាង​ថា​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ដើម្បី​ការពារ​សុវត្ថិភាព​ក្រុម​បាតុករ​ដោយ​សារ​តែ​បាតុកម្ម​នេះ​ធ្វើ​ឡើង​តាម​បែប​អហិង្សា។​

លោក​និយាយ​ថា៖

«​យើង​អត់​មាន​ទប់​ស្កាត់​បាតុកម្ម​ទេ​។​យើង​ការ​ពារ​សន្តិសុខ​ សុវត្ថិ​ភាព​ឱ្យ​បាតុកម្ម​គេ​អហិង្សា​បាទ!​នគរ​បាល​គឺត្រៀម​កម្លាំង​សណ្តាប់​ធ្នាប់​ដើម្បី​ជួយ​រៀបចំ​សណ្តាប់​ធ្នាប់​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជុំវិញ​ទីលាន​ប្រជា​ធិបតេយ្យ​ឱ្យ​ពួកគាត់»។​

សាលា​ក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្មអហិង្សា​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខនេះ​តែមិន​អនុញ្ញាត​ឱ្យ​ដើរ​ក្បួន​ដង្ហែរ​ទេ​ហើយ​បាតុកម្ម​នេះ​ត្រូវ​បញ្ចប់​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់៕