គណបក្ស​សង្គ្រោះជាតិ​ទាមទារ​ឱ្យ​បោះឆ្នោត​ជា​ថ្មី​នៅ​បី​ខែ​ទៀត

គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​បាន​ចាប់​ផ្តើម​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​ជាថ្មី​ម្តង​ទៀត​ដោយ​គ្មាន​កាល​កំណត់​ដើម្បី​ទាមទារ​ឱ្យ​​បោះ​ឆ្នោត​ឡើង​វិញ​។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដាក់​ឱសានវាទ​ដល់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ រយៈ​ពេល​តែ​បី​ខែ​ប៉ុណ្ណោះ​ដើម្បី​ឱ្យរៀបចំ​ការបោះ​ឆ្នោត​ឡើង​វិញ។​

ការ​ដាក់​ឱសានវាទ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​កើត​មាន​ឡើង​ចំពេល​ដែល​គណបក្ស​នេះ​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​គ្មាន​ពេល​កំណត់​ឈាន​ដល់​ថ្ងៃទី​បី​ដោយ​មាន​មនុស្ស​ចូល​រួម​ជាច្រើន​ពាន់​នាក់។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ប្រាប់​ក្រុម​បាតុករ​ថា ​បើ​រដ្ឋាភិបាល​មិន​ធ្វើ​តាម​សំណើ​របស់​ក្រុម​បាតុករ​ទេ​នឹង​មាន​ចលនា​មហាជនដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ឱ្យលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះចេញ​ពី​មុខ​តំណែង​ឱ្យទាល់​តែ​បាន។​

លោក​និយាយ​ថា៖ ​«ពីព្រោះ​កាល​ណា​គេមិន​រក​យុត្តិធម៌​ស៊ើប​អង្កេតទេ​ត្រូវ​បោះ​ឆ្នោត​ឡើង​វិញ​ហើយ​បើមិន​បោះ​ឆ្នោត​ឡើង​វិញ​ទេ​មាន​ន័យ​ថា​គេ​បង្កើត​ការ​ឈឺចាប់​ឱ្យប្រជារាស្ត្រ​ហើយ។ ​ទោះជា​យើង​ខ្ញុំ​តំណាង​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ​ ខំឃាត់​ក៏​ឃាត់​លែង​បាន​ហើយ​ពី​ព្រោះ​ប្រជា​ពលរដ្ឋ​គាត់​លែង​ព្រម។​ ប្រជាពលរដ្ឋ​គាត់​ប្រើ​ប្រាស់​កម្លាំង​គាត់​ទាមទារ​ប៉ុន្តែ​អហិង្សា»។​

គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​បាន​ចាប់​ផ្តើម​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​ជាថ្មី​ម្តង​ទៀត​ដោយ​គ្មាន​កាល​កំណត់​ដើម្បី​ទាមទារ​ឱ្យបោះ​ឆ្នោត​ឡើង​វិញ​។​

លោក​ ទេព នីថា អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ជាសិទ្ធិ​របស់​គណបក្ស​នយោបាយ​តែ​គ្មាន​ច្បាប់​ណាមួយ​ដែល​បញ្ជាក់​ថា​អាចបោះ​ឆ្នោត​ឡើង​វិញទេ។​

លោក​និយាយ​ថា៖ ​«យើង​និយាយ​តាម​ផ្លូវ​ច្បាប់​នៃ​ការ​បោះឆ្នោត ​ការ​បោះ​ឆ្នោត​ហ្នឹង​គឺ​ថា​ ការងារ​បោះ​ឆ្នោត​ទាំង​បច្ចេកទេស​ទាំង​តាម​ផ្លូវ​ច្បាប់​គឺ​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​អស់​ហើយ។ ​ដល់​អញ្ចឹង​អ្វីៗ​ទាំង​អស់​នេះ​វា ​ការ​ទាមទារ​របស់​គាត់​មិន​ដឹង​ស្ថាប័ន​ណា​ជាអ្នក​ទទួល​ខុស​ត្រូវ​ធ្វើ​ការងារ​ហ្នឹង​ទេ»។​

មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី​បី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​មេឃភ្លៀង​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​យប់។​

ក្រុម​បាតុករ​ភាគ​ច្រើន​ពាក់​អាវ​ភ្លៀង​និង​ស្រែក​ទាមទារ​ឱ្យបោះ​ឆ្នោត​ឡើង​វិញ។ ​ចំណែក​ក្រុម​បាតុករ​ខ្លះ​ទៀត​ទាមទារ​ឱ្យលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​មុខ​តំណែង។​

ប្រជាពលរដ្ឋ​មួយ​រូប​មកពី​សង្កាត់​ចោម​ចៅ​ក្រុង​ភ្នំពេញ កំពុងឈរ​ស្រែក​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​ចូល​រួម​ខ្ញុំ​ចង់​បាន​ឈ្នះ​ឆ្នោត​ចង់​បាន​អំណាច​មក​យើង។ ​បើ​ទុក​ឱ្យពួក​ហ្នឹង​កាន់​ទៀត​ហិន​ហោច​ប្រទេស​ជាតិ​ហើយ»។​

ក្រុម​កម្លាំង​មាន​សមត្ថកិច្ច​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​បាន​ដាក់ពង្រាយ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ។​តែ​គ្មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​បាន​កើត​ឡើង​ទេ​រវាង​ក្រុម​បាតុករ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៅ​ថ្ងៃទី​បី​នេះ។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី​ និង​លោក​កឹម សុខា​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាមួយ​ក្រុម​បាតុករ​ដែល​ហែរ​ក្បួន​តាម​ម៉ូតូ​ពី​ក្រោយ​បាន​ហែរ​ក្បួន​តាម​វិថីមួយ​ចំនួន​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក្រោយ​មក​មេដឹក​នាំ​ទាំងពីរ​បាន​វិល​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ៕