គណបក្ស​ប្រឆាំង​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ជំនួស​ដោយ​របប​ផ្ដាច់ការ

លោកស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (រូប​ឆ្វេង) និង​កញ្ញា កឹម មនោវិទ្យា អនុប្រធាន​កិច្ចការ​បរទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ​កាសែត​នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​មុន បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បដិសេធ​លទ្ធផល​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ជ័យជម្នះ។

លោកស្រី មួរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា៖ «ថ្ងៃ​ទី ២៩ ខែ​កក្កដា ឆ្នាំ ២០១៨ គឺ​ជា​ថ្ងៃ​នៃ​ការ​ស្លាប់​របស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​ថ្មី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​កម្ពុជា‍»។ លោកស្រី​បាន​បញ្ជាក់​ថា លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ជំនួស​ដោយ «របប​ផ្ដាច់ការ​ទាំង​ស្រុង‍»។

ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​បំផុត​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម ដែល​ធ្វើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​បាន ៣៣ ឆ្នាំ​មក​ហើយ អាច​បន្ត​កាន់​អំណាច​ទៅ​មុខ​បន្ថែម​ទៀត។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ជំទាស់​ទៅ​នឹង​ការ​បោះ​ឆ្នោត​នេះ ដោយ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា «មិន​មាន​ភាព​សេរី ឬ​យុត្តិធម៌​នោះ​ទេ និង​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ‍»។

សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា៖ «ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ ដែល​រារាំង​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​បំផុត​របស់​ប្រទេស​កម្ពុជា​នេះ តំណាង​ឲ្យ​ដំណើរ​ថយ​ក្រោយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា‍»។

សេចក្ដី​ប្រកាស​នោះ​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​ពិចារណា​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​បន្ថែម​ទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បោះ​ឆ្នោត​នេះ និង​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ពង្រីក​បន្ថែម​នូវ​ការ​រឹតត្បិត​ទិដ្ឋាការ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ ២០១៧‍ ផង​ដែរ»៕