គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គណបក្សភ្លើងទៀន មិនទាន់មានឈ្មោះនៅក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅពេលនីតិវិធីនៃការចុះបញ្ជីនេះនឹងបិទបញ្ចប់នៅថ្ងៃចន្ទ ទី ៨ ខែឧសភាខាងមុខនេះ។
ខណៈគណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ មិនទាន់ត្រូវបានចុះបញ្ជីនោះ គ.ជ.ប បានចេញសេចក្តីប្រកាសទទួលស្គាល់ជាផ្លូវការគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះចំនួន ៧ គណបក្ស សម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះ។ ហើយមានគណបក្សនយោបាយពីរផ្សេងទៀតដែលស្នើសុំចូលរួមការបោះឆ្នោតជាតិខែកក្កដាខាងមុខ កំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់គ.ជ.ប។
អគ្គលេខាធិការស្តីទីគណបក្សភ្លើងទៀន លោក គង់ មុនីកា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សត្រូវតែចូលរួមក្នុងដំណើរការបោះឆ្នោតខាងមុខនេះ បើទោះបីមកទល់ពេលនេះមិនទាន់ទៅចុះបញ្ជីគណបក្ស និងបេក្ខជននៅ គ.ជ.ប ឬមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ។
លោកបន្ថែមថា៖ «បាទ រហូតមកដល់ពេលនេះគណបក្សភ្លើងទៀននៅតែកំពុងតែធ្វើការទៅលើបញ្ជីបេក្ខជនរបស់ខ្លួនឱ្យបានរួចរាល់សព្វគ្រប់ ហើយយើងក៏នៅរង់ចាំនីតិវិធី ឯកសារពាក់ព័ន្ធនឹងការងាររដ្ឋបាលមួយចំនួនដែលធ្វើឯកសារតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅពេលដែលយើងទទួលបាននូវឯកសារនោះអស់និងគ្រប់គ្រាន់ យើងនឹងធ្វើការដាក់បញ្ជីបេក្ខជនរបស់យើងនៅ គ.ជ.ប ហើយការដាក់បញ្ជីបេក្ខជននេះ ប្រហែលនឹងអាចធ្វើទៅក្នុងថ្ងៃស្អែក ឬក៏ខានស្អែកនេះបាទ»។
លោកបញ្ជាក់ថា ប្រសិនបើមានភាគីពាក់ព័ន្ធណាមួយ លើកឡើងបញ្ហាផ្សេងៗ មករារាំងដល់ដំណើរការនៃការចុះបញ្ជីរបស់គណបក្សភ្លើងទៀន នោះគឺជាការព្យាយាមរារាំងលម្ហប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្ថែមថា៖ «ខ្ញុំយល់ថា គណបក្សភ្លើងទៀនគឺ ជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដូច្នេះហើយខ្ញុំថា គណបក្សភ្លើងទៀនត្រូវតែចូលរួមក្នុងដំណើរការបោះឆ្នោតនៅពេលខាងនេះ ហើយទោះជាមានឧបសគ្គបញ្ហាយ៉ាងណាក៏ដោយ គឺយើងនៅតែព្យាយាមក្នុងការចុះបញ្ជីនៅ គ.ជ.ប ដើម្បីចូលរួមក្នុងការបោះឆ្នោត»។
បើតាមខ្លឹមសារនៃអត្ថបទបញ្ចេញមតិមួយដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីថ្ងៃពុធ រដ្ឋាភិបាលតាមរយៈ គ.ជ.ប ហាក់បីដូចមានចេតនាក្នុងការបង្កើតឱ្យមានភាពស្មុគស្មាញខាងផ្នែករដ្ឋបាល ដើម្បីរារាំងដល់ការចុះបញ្ជីគណបក្សភ្លើងទៀន ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ។
លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានផ្តល់ការអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកតាមន័យដើមថា៖ «បន្ទាប់ពីយកតុលាការ ធ្វើជាឧបករណ៍របស់ខ្លួន ដើម្បីបង្ក្រាបអ្នកប្រឆាំង រដ្ឋអំណាចដឹកនាំដោយលោក ហ៊ុន សែន បង្កើតឧបសគ្គរដ្ឋបាល ហួសពីការនឹកស្មាន ក្នុងគោលបំណងរារាំងមិនឱ្យគណបក្សភ្លើងទៀន ចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០២៣ នេះ»។
លោកបន្ថែមថា៖ «លោក ហ៊ុន សែន ដឹងច្បាស់ថា បើគណបក្សភ្លើងទៀន អាចចូលរួមក្នុងការបោះឆ្នោត ឆ្នាំ ២០២៣ នេះ គណបក្សភ្លើងទៀន នឹងទទួលការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋខ្មែរ ដែលចង់បានការផ្លាស់ប្តូរ។ លទ្ធផលបែបនេះ នឹងធ្វើឱ្យគម្រោងផ្ទេរអំណាចពី លោក ហ៊ុន សែន ទៅ លោក ហ៊ុន ម៉ាណែត ទទួលបរាជ័យ យ៉ាងជាក់ស្តែង»។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា ចាត់ទុកថា ការលើកឡើងរបស់លោក សម រង្ស៊ី ជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាន។ លោកបន្ថែមថា គ.ជ.ប បានអនុវត្តច្បាប់ផ្សេងៗចំពោះគណបក្សនយោបាយទាំងអស់ ដោយឈរលើគោលការណ៍ស្មើភាពគ្នា និងគ្មានការរើសអើងចំពោះគ្រប់គណបក្សនយោបាយដែលចង់ឈរឈ្មោះបោះឆ្នោត។
លោកថ្លែងថា៖ «បាទនេះគ្រាន់តែជាការចោទប្រកាន់ ដែលមិនស្ថិតនៅក្នុងបំណងឬក៏ស្ថិតនៅក្នុងស្ថានភាពនៃការអនុវត្តច្បាប់របស់ គ.ជ.ប នោះទេ។ ផ្ទុយទៅវិញខាងគណបក្សភ្លើងទៀន លោកអត់ទាន់មានតំណាងណាមួយមកជួប គ.ជ.ប ស្តីពីការចុះបញ្ជីនៅឡើយទេ»។
គួររំឭកថា ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សភ្លើងទៀន ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា បានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញជាហូរហែ រួមមានការបឹ្តងផ្តល់ និងគំរាមកំហែងពីថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងអាជ្ញាធរមូលដ្ឋាន រហូតដល់មានអ្នកខ្លះបង្ខំចិត្តចាកចេញពីការធ្វើនយោបាយ ហើយអ្នកខ្លះទៀតត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ។
អ្នកវិភាគនយោបាយ លោក សេង សារី កត់សម្គាល់ថា វត្តមានរបស់គណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតជាតិខាងមុខនេះ អាចនឹងទទួលបានសំឡេងគាំទ្រច្រើនជាងមុន និងអាចមានសំឡេងប្រហាក់ប្រហែលគ្នានឹងគណបក្សកាន់អំណាចផងដែរ ប្រសិនជាដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌ ហើយអាចគួរឱ្យជឿទុកចិត្តបាន។
លោកថ្លែងថា៖ «ក្រោយពីការបោះឆ្នោតឆ្នាំ ២០២៣ ប្រសិនបើគណបក្សភ្លើងទៀនមិនត្រូវបានរំលាយ ដោយតុលាការ ឬក៏រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាចបច្ចុប្បន្នទេ ខ្ញុំគិតថា គណបក្សភ្លើងទៀននឹងមានតួនាទីសំខាន់ណាស់នៅក្នុង ការរក្សានូវតុល្យភាពអំណាចនៅក្នុងការដឹកនាំរដ្ឋរបស់កម្ពុជា។ ជាពិសេសហ្នឹងគឺ តួនាទីគណបក្សភ្លើងទៀនធ្វើឱ្យអង្គនីតិបញ្ញត្តិរបស់កម្ពុជាហ្នឹងមានស្ថានភាពប្រសើរជាងមុន»។
លោកបានសង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ ២០១៧ នៅពេលដែលគ្មានវត្តមានរបស់គណបក្សជំទាស់នៅក្នុងរដ្ឋសភានោះ គេសង្កេតឃើញថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើកិច្ចការងារដែលលើសពីបន្ទាត់ក្រហមនៃរបបប្រជាធិបតេយ្យជាច្រើន ពិសេសនោះគឺការបំផ្លាញធនធានធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិដោយមិនមានតម្លាភាព៕