បវេសន​កាល​ថ្មី​ចាប់​ផ្ដើម​ ខណៈ​ទិន្នន័យ​បឋម​បង្ហាញ​ថា​​ ចំនួន​សិស្ស​ធ្លាក់​ចុះ​ជិត​២​ម៉ឺន​នាក់

សិស្ស​មួយ​ក្រុម​ដើរ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ បន្ទាប់​ពី​ការ​ឆ្លងរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍បាន​បញ្ចប់ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​អប់រំ​ យុវជន​និង​កីឡា​បាន​ឱ្យ​ដឹង​ថា​សិស្សានុសិស្ស​ប្រមាណ​៣.៤៦៦.០០០​នាក់ បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ឆ្នាំ​សិក្សា​ថ្មី ដែល​បើក​បវេសន​កាល​ទូទាំង​ប្រទេស​នា​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​សាលា​រៀន​បាន​បិទ​រាប់​ខែ​ដោយ​សារវិបត្តិ​ជំងឺ​កូវីដ​១៩។

នេះ​ជា​ការ​បើក​ដំណើរ​ការ​នៅ​ក្របខណ្ឌ​ទូទាំង​ប្រទេស​នៃ​បណ្ដា​សាលារៀន​និង​ការ​សិក្សា​របស់​សិស្សានុសិស្ស​គ្រប់​កម្រិត​លើក​ដំបូង ចាប់​តាំង​ពី​ការ​បិទ​សាលា ដើម្បី​ទប់​ទល់​នឹង​ជំងឺ​កូវីដ​១៩​តាំង​ពី​ខែ​មីនា​ឆ្នាំ​មុន​មក។

ស្ថិតិ​បឋម​ផ្ដល់​ដោយ​ក្រសួងអប់រំ​បង្ហាញ​ថា ​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី​១២​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១​នេះ​ បានធ្លាក់​ចុះ​ប្រមាណ​ ១៧.៨៥៤​នាក់ ធៀប​នឹង​ឆ្នាំ​សិក្សា​២០១៩-២០២០ ដែល​មាន​អ្នកចុះ​ឈ្មោះ​ចូល​រៀន​ចំនួន​៣.៤៨៣.៨៥៤​នាក់។

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​ប្រាប់​វីអូអេ​ថា​ក្រោយ​ពី​រង«ផល​ជះ»​ពី​វិបត្តិកូវីដ​១៩ ក្រសួង​ប្រឹងឆ្លើយ​តប ដើម្បី​បន្ត​ដំណើរ​ការ​អប់រំ និង​ប្រមែ​ប្រមូល​សិស្ស​មក​ចូល​រៀន​វិញ។

សិស្សានុសិស្ស​ត្រូវ​បាន​វាស់កម្តៅ​មុន​នឹង​ចូល​តាម​ថ្នាក់រៀន​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ បន្ទាប់​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍​ត្រូវ​បាន​បញ្ចប់ ក្នុង​រាជធានី​ភ្នំពេញ ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក​មាន​ប្រសាសន៍​ថា៖

«នៅ​ក្នុង​ការ​អង្កេត​ជា​ទូទៅ ការ​បន្ត​រៀន​ទៀត ឬ​មួយ​ក៏​បោះ​បង់​ការ​សិក្សា​នោះ​ ជា​ជម្រើស​បុគ្គល ហើយ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា បាន​បន្ត​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​គ្រប់​រូប ក៏​ដូច​ជា​មាតា​បិតា​ ដើម្បី​បន្ត​ចូល​រួម​ក្នុង​ការ​ស្វ័យ​សិក្សា ក៏​ដូចជា​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​ផ្ទាល់​ក្នុង​បរិបទ​កូវីដ​១៩នេះ​ផង​ដែរ»។

នៅ​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ លោក រស់ សុវាចា មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​ក្នុង​ចំណោម​សិស្ស​ដែល​មាន​ឈ្មោះ​ទាំងជាង​៣,៤​លាន​នាក់​នោះ មាន​ប៉ុន្មាន​នាក់​បាន​បង្ហាញ​ខ្លួន​ចូល​រៀន​ជាក់​ស្ដែង។ លោក​ថា​តួលេខ​អាច​ប្រែ​ប្រួល​បន្ថែម​ទៀត។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​អប់រំ​រូប​នេះ មិន​ទាន់អាច​ពន្យល់បាន​នៅ​ឡើយ​ថា​តើ​ជំងឺ​កូវីដ​១៩ ​ជា​ដើម​ចម​ ដែល​នាំ​ឱ្យ​តួលេខ​បឋម​នៃ​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន បាន​ធ្លាក់​ចុះ​ឬ​យ៉ាង​ណា។

បើ​តាម​ក្រសួង​អប់រំ ក្នុង​ចំណោម​សិស្ស​ប្រមាណ ៣.៤៦៦.០០០​នាក់​នោះ មាន​៣៦​ម៉ឺន​នាក់​នៅ​កម្រិត​មត្តេយ្យសិក្សា ២​លាន​១៤​ម៉ឺន​នាក់​នៅ​កម្រិត​បឋមសិក្សា ៩៦​ម៉ឺន​៦​ពាន់​នាក់​នៅ​កម្រិត​មធ្យម​សិក្សា។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា​ការ​បើក​ដំណើរ​ការ​សាលា​រៀន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ នឹង​នៅ​តែ​យកជំងឺ​កូវីដ​១៩​ជា​កត្តា​ពិចារណា​ជានិច្ច ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល។

លោក​មាន​ប្រសាសន៍​ថា៖

«អាទិភាព​របស់​យើង​ក្នុង​អំឡុង​ពេល​ជំងឺ​ឆ្លង​រីក​រាល​ដាល​ជា​សកល​កូវីដ១៩ គឺ​ការ​ការ​ពារ​សុវត្ថិភាព​កុមារ រួម​ទាំង​ការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​កុមារ​ទាំង​អស់​និង​សិស្សានុសិស្ស​ទាំង​អស់​បន្ត​ទទួល​បាន​ការ​អប់រំ»។

សិស្សានុសិស្ស​ត្រូវ​បាញ់​អាកុល​សម្អាត​ដៃ​មុន​នឹង​ចូល​តាម​ថ្នាក់​រៀន ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ បន្ទាប់​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​បាន​បញ្ចប់ ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

បទ​បញ្ជា​ក្រសួង​អប់រំ​បាន​កំណត់​ចំនួន​សិស្ស​រៀន​ជុំ​គ្នា​ក្នុង​ថ្នាក់​នីមួយៗ មិន​ឱ្យ​លើស​ពី​២៥​នាក់ នៅ​កម្រិត​មត្តេយ្យ​សិក្សា មិន​ឱ្យ​លើស​៣៥​នាក់​នៅ​កម្រិត​បឋម​សិក្សា និង​មិន​ឱ្យ​លើស​៤០​នាក់នៅ​កម្រិត​មធ្យម​សិក្សា។

ការ​ពាក់ម៉ាស់ រក្សា​គន្លាត និង​អនាម័យ ត្រូវ​បាន​ណែនាំ​ជា​ករណីយកិច្ច​ចាំបាច់​នៅ​តាម​បណ្ដា​សាលា​រៀន។

តែ​ការ​បើក​ដំណើរ​ការ​នេះ ក៏​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។

លោកស្រី​បន្ថែម​ថា​គួរ​មាន​ការ​រឹតបន្តឹង​បន្ថែម​ទៀត​សម្រាប់វិធាន​ការ​អនា​ម័យ និង​ការ​រក្សា​គម្លាត​របស់​សិស្សានុសិស្ស​ពេល​វិល​ត្រឡប់​ចូល​សាលារៀន​វិញ។ លោកស្រី​ក៏​ជំរុញ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ដល់គ្រូ​បង្រៀន ​ឱ្យ​សមាមាត្រ​នឹង​បន្ទុក​ការងារ​ដែល​កើន​ឡើង​អំឡុង​វិបត្តិ​កូវីដ​នេះ។

គួរ​បញ្ជាក់​ថា​កម្ពុជា​បាន​ប្រកាស​បិទ​បញ្ចប់​ការ​ឆ្លង​សហគមន៍​ខ្លាំង​លើក​ដំបូង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០។ បច្ចុប្បន្ន​នេះ កំណើន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ កើត​ឡើង​ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ដែល​មាន​រហូត​មក​ដល់​២៧​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ៕