មន្រ្តី​សាលាក្តី​សំឡឹង​មើល​ចំណុច​ល្អ​របស់​សាលាក្តី​ខ្មែរ​ក្រហម

របាយការណ៍​ថា​សាលាក្តី​ខ្មែរក្រហម​បាន​បង្កប់​នូវ​យន្តការ​ជាច្រើន​សម្រាប់​ជួយ​ពង្រឹង​វិស័យ​នីតិរដ្ឋ​នៅ​កម្ពុជា។​

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ខ្ពស់​បំផុត​ក្នុង​សំណុំរឿង​០០២​ចំនួន​បី​នាក់​សម្រាប់​ការទទួល​ខុសត្រូវ​លើ​ការស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​១,៧​លាន​នាក់​
ភ្នំពេញ​៖ ចៅក្រុម​និង​អតីត​មន្ត្រី​ជាន់ខ្ពស់​សាលាក្តី​ខ្មែរក្រហម​បាន​ផ្តោត​សារ​សំខាន់​ពី​កេរដំណែល​នៃ​សាលាក្តី​ពិសេស​នេះ​ថា​នឹង​ជួយ​ចូលរួម​ពង្រឹង​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។​

កាលពី​ថ្ងៃ​អង្គារ​លោក​ដេវីដ ប៊យ​ឡ៍ (David Boyle) អតីត​មន្ដ្រី​នៃ​ការិយាល័យ​សហ ចៅក្រម​ស៊ើបអង្កេត​បានបង្ហាញ​របា​យ​ការណ៍​មួយ​ស្តី​ពី​កេរដំណែល​នៃ​ដំណើរការ​ក្តី​ព្រហ្មទណ្ឌ​ នៃ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា។ ក្នុង​របាយការណ៍​នោះ​លោក​បាន​សរសេរ​យ៉ាង​លម្អិត​ពី​នីតិ​វិធី​របស់​សាលាក្តី​ខ្មែរក្រហម​និង​ដោយ​មាន​ការប្រៀបធៀប​ជាមួយ​នឹង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ​២០០៧​គឺ​មួយ​ឆ្នាំ​ក្រោយ​ពី​សាលាក្តី​កូន កាត់​បានចាប់ផ្តើម​ដំណើរការ។​

ក្នុង​របាយការណ៍​កម្រាស់​ជិត​៤៥០​ទំព័រ​ជា​ភាសា​ខ្មែរ​និង​ជាង​២០០​ទំព័រ​ជា​ភាសា​អង់គ្លេស ​លោក​ដេ​វីដ ប៊​យ​ឡ៍ ​លើកឡើង​ថា​របាយការណ៍​របស់​លោក​នឹង​ជួយ​ដល់​ក្រុម​អ្នក​ច្បាប់​ដើម្បី​ធ្វើការ​បកស្រាយ​ច្បាប់​តាម​កម្រិត​ស្តង់ដា​អន្តរជាតិ​ហើយ​វា​ដល់​ពេលវេលា​ដែល​ត្រូវ​ធ្វើការ​ផ្លាស់ប្តូរ​ដើម្បី​ឲ្យ​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ​នីតិ​វិធី​ព្រហ្មទណ្ឌ​កម្ពុជា​នៅ​មាន​ភាពខ្វះ​ចន្លោះ​ដែល​គួរតែ​ត្រូវ​ធ្វើ​ការកែ​ទម្រង់។​

លោក​ម៉ាក​សែ​ល ឡឺ​ម៉ុងដ៍ ​អតីត​សហ​ចៅក្រម​ស៊ើបអង្កេត​ដែល​បាន​លា​ចេញ​ពី​តំណែង​កាលពី​ឆ្នាំ​២០១០​បាន​សន្និដ្ឋាន​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នោះ​ថា​សាលាក្តី​ខ្មែរក្រហម​បាន​បង្កប់​នូវ​យន្តការ​ជាច្រើន​សម្រាប់​ជួយ​ពង្រឹង​វិស័យ​នីតិរដ្ឋ​នៅ​កម្ពុជា។​

«គេ​អាច​ពិចារណា​លើ​កត្តា​ជា​វិជ្ជមាន​មួយ​ចំនួន​ដែល​នឹង​ស្ថិត​នៅ​ជាមួយ​ប្រទស​កម្ពុជា។ របាយការណ៍​របស់​ដា​វីដ ប៊យ​ឡ៍ ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​ក្នុង​វិធាន​ផ្ទៃក្នុង​នៃ​សាលាក្តី​ខ្មែរក្រហម​នូវ​អនាគត​នីតិរដ្ឋ​របស់​កម្ពុជា។ នៅក្នុង​វិធាន​ទាំងនេះ​គេ​អាច​រកឃើញ​នូវ​ឧបករណ៍​ច្បាប់​ទាំងឡាយ​ដែល​ច្បាប់​កម្ពុជា​ត្រូវការ»។​

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ខ្ពស់​បំផុត​ក្នុង​សំណុំរឿង​០០២​ចំនួន​បី​នាក់​សម្រាប់​ការទទួល​ខុសត្រូវ​លើ​ការស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​១,៧​លាន​នាក់​បន្ទាប់​ពី​កាត់ក្តី​ឌុ​ច ​អតីត​ប្រធាន​គុក​ទួលស្លែង​ចំពោះ​ការទទួល​ខុសត្រូវ​លើ​ការធ្វើ​ទារុណកម្ម​និង​ការសម្លាប់​អ្នកទោស​យ៉ាងតិច​១២.៣៨០​នាក់។​

យន្តការ​នៃ​ការ​ជម្រះ​ក្តី​ត្រូវ​គេ​វាយតម្លៃ​ថា​បាន​អនុលោម​តាម​ស្តង់ដា​អន្តរជាតិ​ហើយ​វា​នឹង​ជួយ​ដល់​ការផ្តល់​មូល​ដា្ឋន​កែលម្អ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការរិះគន់​ពី​ភាព​លំអៀង​និង​ពុករលួយ។​

លោក​ម៉ាក​សែ​ល ឡឺ​ម៉ុង មាន​សុទិដ្ឋិនិយម​ពី​កេរដំណែ​ល​នៃ​តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នោះ។​

«គេ​អាច​ឃើញ​ដោយ​មិន​អាច​ប្រកែក​បាន​ប្រភព​ដែល​អាច​ដកស្រង់​បាន​សម្រាប់​ការកែទម្រង់​ក្នុង​ពេល​ខាង​មុខ​ដែល​នឹង​កើតមាន​មិនយូរ​មិនឆាប់​ហើយ​នីតិរដ្ឋ​មិន​អាច​បង្កើត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​បាន​ទេ»។​

ជាមួយគ្នា​នេះ​លោក​យូ ប៊ុន​ឡេង ​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម​និង​ជា​ប្រធាន​សាលាឧទ្ធរណ៍​ក៏​បាន​លើក​ពី​អត្ថប្រយោជន៍​នៃ​របាយការណ៍​លោក​ដេវីដ ប៊​យ​ឡ៍​នេះដែរ។​

«អត្ថបទ​នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ផងដែរ​លើ​កំណែទម្រង់​តុលាការ​ដោយ​បាន​ផ្តល់ឲ្យ​អ្នកអនុវត្ត​ច្បាប់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ឲ្យ​មាន​ការយ​ល់​ដឹង​យ៉ាង​ទូលំ​ទូលាយ​អំពី​ការបកស្រាយ​ច្បាប់​ក្នុង​របៀប​មួយ​ដែល​ស្រប​តាម​គោល​ការណ៍​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​តាម​បទដ្ឋាន​អន្តរជាតិ​»​។​

លោ​កឡាត់ គី ​អ្នកសម្រប​សម្រួល​កម្ម​វិធី​សាលាក្តី​ខ្មែរ​ក្រហម​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​យល់​ដូចគ្នានេះ។ ប៉ុន្តែ​លោក​មាន​កង្វល់​ពី​ការ​អាច​ទទួល​យក​បាន​សម្រាប់​រដ្ឋាភិបាល។​

«វា​ពិតជា​មាន​តម្លៃ​យ៉ាង​ខ្ពង់ខ្ពស់​សម្រាប់​យកមក​បំពេញ​ឬក៏​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ប៉ុន្តែ​ខ្ញុំ​មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​ការទទួលយក​នូវ​អនុ​សាសន៍​ទាំងឡាយ​ដែល​បាន​ដាក់ជូន​ដោយ​ក្រុម​អ្នកជំនាញ​ការដែល​ចងក្រង​របាយការណ៍​នេះ»​។​
​សូមបញ្ជាក់​ថា​នៅក្នុង​ពេល​នេះ​លោក​ដេវីដ ប៊​យ​ឡ៍ កំពុង​ប្រមូល​នូវ​សេចក្តី​រិះគន់​នានា​លើ​របាយការណ៍​របស់​លោក​មុននឹង​លោក​ដាក់​របាយការណ៍​នេះ​ជូន​រដ្ឋាភិបាល​ខ្មែរ។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ថា​របាយការណ៍​នោះ​ដាក់​ជូន​រដ្ឋាភិបាល​នៅពេល​ណា​នោះ​ទេ​៕​