ក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាជាន់ខ្ពស់ នៅថ្ងៃអង្គារនេះ បានអបអរសាទរ និងលើកទឹកចិត្តដល់យុវជនមួយរូប ដែលបានប្រឡងជាប់ទៅសិក្សាជំនាញអគ្គិសនី និងថាមពលនៅសាលាបច្ចេកទេសដ៏ល្បីនៅប្រទេសបារាំងឈ្មោះ «Ecole Polytechnique»។ ការទទួលបានអាហារូបករណ៍ដ៏កម្ររបស់យុវជនកម្ពុជាឈ្មោះ នូ ស៊ីធា វ័យ២១ឆ្នាំរូបនេះបានធ្វើឲ្យលោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបង្ហាញការគាំទ្រ និងជំរុញឲ្យយុវជនកម្ពុជាផ្សេងទៀតខិតខំប្រឹងប្រែងរៀនសូត្រ។
សាលា Ecole Polytechnique គឺជាសាលាពហុបច្ចេកទេសដ៏ល្បីល្បាញបំផុតនៅប្រទេសបារាំងសម្រាប់ការបណ្តុះបណ្តាលជាន់ខ្ពស់ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស។ សាលានេះបង្កើតឡើងនៅឆ្នាំ១៧៩៤ នៅក្រុងប៉ារីស និងមានអ្នកប្រាជ្ញល្បីៗផ្នែក គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងវិទ្យាសាស្រ្តវិស្វកម្មជាច្រើនបានបញ្ចប់ការសិក្សាពីសាលានេះ។
ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មានក្នុងពិធីសំណេះសំណាលជាមួយនិស្សិតឈ្មោះនូ ស៊ីធា នាព្រឹកថ្ងៃអង្គារនេះ នៅឯទីស្តីការគណៈរដ្ឋមន្ត្រី លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការទទួលបានអាហារូបករណ៍ពីសាលាល្បីរបស់ប្រទេសបារាំងនេះបង្ហាញថាការអប់រំនៅកម្ពុជាមិនមែនអន់ខ្សោយដូចការលើកឡើងរបស់អ្នកនយោបាយខ្លះនោះទេ។
«អត្ថន័យថា យុវជនយើងដែលមកពីជនបទដែលមានគ្រួសារមិនមានធនធានច្រើនទេ។ ទី១ ឃើញថា ការខិតខំតស៊ូផ្ទាល់របស់ក្មួយនូ ស៊ីធា។ ទី២ ក្មួយ នូ ស៊ីធា ជាប់ទៅសាលា Ecole Polytechnique ជាសាលាធំលេខមួយរបស់បារាំងនេះ គឺជានិមិត្តរូបការតស៊ូរបស់យុវជនយើង ជានិមិត្តរូបនៃការកសាងទៅអនាគតជាការបន្តវេនកសាងប្រទេសយើងទៅអនាគត។ ជាការបញ្ជាក់ថា កម្រិតសិក្សាធិការនៅប្រទេសយើងមិនអាក្រក់ដូចអ្នកនយោបាយខ្លះបង្អាប់នោះទេ»។
កន្លងមក គុណភាពអប់រំនៅកម្ពុជារងការរិះគន់ជាបន្តបន្ទាប់ថា មិនត្រូវបានអន្តរជាតិទទួលស្គាល់។ ជាក់ស្តែង ការរិះគន់នេះត្រូវគេដឹងថា ឈានដល់ការប្តឹងគ្នារវាងអ្នកនយោបាយ និងអ្នកសារព័ត៌មានកាលពីឆ្នាំ២០០៩ ទាក់ទងនឹងការលើកឡើងថា សញ្ញាប័ត្រយោធាដែលមន្រ្តីយោធាកម្ពុជាបានបញ្ចប់ការសិក្សានៅក្នុងប្រទេសវៀតណាមនោះមិនមានគុណភាព។
បន្ថែមពីលើនេះ លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ក៏បានរិះគន់គុណភាពអប់រំនៅកម្ពុជាដែរ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអប់រំនាប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។ ថវិកាជាតិសម្រាប់ការអប់រំក្នុងឆ្នាំ២០១៦នេះមានចំនួន១៨,៣% នៃថវិកាជាតិសរុប ស្មើនឹង៥០២លានដុល្លារសហរដ្ឋអាមេរិក។ ទំហំទឹកប្រាក់នេះកើនឡើងជាង២០% បើធៀបនឹងឆ្នាំ២០១៥។
យុវជន នូ ស៊ីធា គឺជានិស្សិតឆ្នាំទី៣ផ្នែកអគ្គិសនី និងថាមពលនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ឬសាលាតិចណូ និងមកពីគ្រួសារក្រីក្រមួយក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ យុវជននេះ រំពឹងថា យុវជនកម្ពុជាច្រើននាក់ទៀតនឹងអាចមានឱកាសទទួលបានអាហារូបករណ៍នេះដែរ ដើម្បីយកចំណេះដឹងដែលទទួលបានពីសាលាដ៏ល្បីនៅប្រទេសបារាំងមួយនេះមករួមចំណែកអភិវឌ្ឍកម្ពុជា។
«បន្ទាប់ពីការសិក្សានៅទីនោះ ខ្ញុំចង់រៀនបន្តទៀត មុននឹងខ្ញុំត្រឡប់មកវិញ ព្រោះថា ចង់បន្ថែមចំណេះដឹងពីអ្វីដែលខ្ញុំរៀននៅទីនោះ»។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន កម្ពុជាត្រូវកសាងប្រព័ន្ធអប់រំជាថ្មីឡើងវិញ ក្រោយការបំផ្លាញស្ទើរទាំងស្រុង ព្រោះគ្រូបង្រៀនស្ទើរ៨០%ត្រូវបានសម្លាប់ក្នុងរបបប្រល័យពូជសាសន៍ ដែលប្រទេសក្នុងតំបន់មិនធ្លាប់ជួបប្រទះ។
ក៏ប៉ុន្តែលោកបន្តថា មិនមែនគ្រប់ប្រទេសក្នុងតំបន់អាស៊ានសុទ្ធតែមាននិស្សិតដែលមានលទ្ធភាពចូលរៀនក្នុងសាលាជាន់ខ្ពស់នៅប្រទេសបារាំងដូចជាយុវជននូ ស៊ីធានោះទេ។
លោក ហង់ ជួនណារ៉ុនបន្ថែមថា ការទទួលអាហារូបករណ៍របស់យុវជនរូបនេះជាសញ្ញាវិជ្ជមានថ្មីមួយទៀតសម្រាប់កម្ពុជា ស្របពេលដែលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំជំនាញសំខាន់ចំនួន៤គឺ មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលគេស្គាល់ថា STEM។ ការបង្វែរទិសដៅនេះគឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែក STEM ដែលនឹងត្រូវការជាចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងពិភពលោក នាពេលអនាគត។
«យើងធ្វើការពង្រឹងការអប់រំនេះ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នាដំណាក់កាលថ្មីមួយទៀត ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍវិស័យឧស្សាហកម្មនេះ។ អញ្ចឹងយើងចង់បណ្តុះបណ្តាលធនធានមនុស្សដើម្បីបន្តធានាឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់នៅកម្ពុជា»។
ជារៀងរាល់ឆ្នាំ សាលាពហុបច្ចេកទេស «Ecole Polytechnique» ជ្រើសរើសនិស្សិតតែ៥០០នាក់ប៉ុណ្ណោះឲ្យចូលសិក្សា ក្នុងនោះមាននិស្សិតបរទេសតែ១០០នាក់ប៉ុណ្ណោះ។ ហើយជាទូទៅមាននិស្សិតកម្ពុជា២នាក់ ដែលត្រូវបានជ្រើសរើសឲ្យចូលរៀនក្នុងសាលានេះ ក្រោយការប្រឡងជាច្រើនដំណាក់កាល។ ជាងនេះទៀត មានប្រទេសជាច្រើនផ្សេងទៀតក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ ដើម្បីជួយអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសក្រីក្រនេះ។ ប្រទេសទាំងនេះមានប្រទេសជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម៕