ចំនួនជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់មកកាន់ប្រទេសកម្ពុជាមានការកើនឡើងគួរឲ្យព្រួយបារម្ភនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីកម្ពុជា។ អ្នកវិភាគយល់ថា វានឹងអាចនាំមកនូវបញ្ហាជាច្រើនដល់ប្រទេសកម្ពុជា រួមទាំងការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជម្លោះពូជសាសន៍ជាដើម។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានលើកឡើងនៅថ្ងៃពុធនេះថា ជនអន្តោប្រវេសន៍ខុសច្បាប់មកកាន់កម្ពុជាមានការកើនឡើងជាគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសគឺជនជាតិវៀតណាមដែលឆ្លងព្រំដែនខុសច្បាប់មកកាន់ប្រទេសកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃក្នុងការផ្សព្វផ្សាយផែនការបន្តឹងការងារគ្រប់គ្រងជនអន្តោប្រវេសន៍ លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនអន្តោប្រវេសន៍ដែលចូលមកប្រទេសកម្ពុជាខុសច្បាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានប្រមាណជាង៩៥%ជាជនជាតិវៀតណាម។ លោកក៏បានឲ្យដឹងផងដែរថា ក្នុងនៅឆ្នាំ២០០២ ការហូរចូលរបស់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ដែលមន្ត្រីរកឃើញគឺមានត្រឹមតែ៧ម៉ឺននាក់តែប៉ុណ្ណោះ។ តួលេខជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់បានកើនឡើងជាបន្តបន្ទាប់មកដល់១០ម៉ឺននាក់នាឆ្នាំ២០១០និង១៦ម៉ឺននាក់នាឆ្នាំ២០១៤។
«នៅក្នុងដើមឆ្នាំ២០១៥នេះគឺឃើញនៅតែជាការកត់សម្គាល់។ យើងបានធ្វើការបណ្ដេញចេញរហូតដល់ជាង១,២០០នាក់នាកន្លះឆ្នាំនេះ ហើយក្នុងនោះជាធម្មតាគឺមាន៩៥ទៅ៩៨%គឺជាជនជាតិវៀតណាម។ បានន័យថា ការចូលដែលចូលមកស្នាក់នៅខុសច្បាប់ដោយគ្មានឯកសារគ្រប់គ្រាន់គឺនៅតែមានការកើនឡើងគួរឲ្យកត់សម្គាល់»។
មន្ត្រីកម្ពុជាដដែលក៏បានស្តីបន្តោសការហូរចូលដោយសេរីនៃជនបរទេសខុសច្បាប់ដោយសារតែការធូររលុងរបស់មន្រ្តីកម្ពុជានៅតាមព្រំដែនសំខាន់ៗ ដែលយាមកាមតាមបណ្ដោយព្រំដែនជាប់ប្រទេសវៀតណាមនោះ។
លោកនាយឧត្តមសេនីយ៍សុខ ផលបានបន្តថា «ជាការណ៍ពិត មានការហូរចូលតាមប៉ុស្តិ៍អន្តរជាតិ។ ជាការណ៍ពិតជាង២០ទៅ៣០ភាគរយគ្រប់ប៉ុស្តិ៍ ទាំងលើ ទាំងក្រោមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ហើយក្រៅពីនេះក៏មានការហូរចូលតាមរយៈខ្សែបន្ទាត់ព្រំដែន ដោយតម្រូវឲ្យមានការរឹតបន្តឹងផងដែរ។ ហើយយើងមានទិសដៅអនុវត្តដោយមានការអនុញ្ញាតពីសម្តេចក្រឡាហោមរួចហើយ»។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរកម្ពុជាបានចាប់ផ្តើមយុទ្ធនាការស្រាវជ្រាវ និងបង្ក្រាបជនអនោ្តប្រវេសន៍ខុសច្បាប់មកកម្ពុជានាពេលថ្មីៗ ជាពិសេសពលករដែលមកធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
កាលពីខែមិថុនាកន្លងទៅ អាជ្ញាធរកម្ពុជាបានចាប់ឃាត់ខ្លួនជនជាតិបរទេសចំនួនជាង២០០នាក់ធ្វើការក្នុងការដ្ឋានសំណង់មួយនាការដ្ឋានកោះពេជ្រ ក្នុងនោះមានជនបរទេសខុសច្បាប់ជនជាតិវៀតណាម និងជនជាតិចិនដែលស្នាក់នៅហួសទិដ្ឋាការ និងមិនមានលិខិតស្នាមត្រឹមត្រូវ។
លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរហៅកាត់ថា C-CAWDU បានប្រាប់ VOA ថា ការហូរចូលខុសច្បាប់នៃជនអន្តោប្រវេសន៍គឺធ្វើឲ្យប្រជាជនកម្ពុជាបាត់បង់ឱកាសការងារជាច្រើនដែលបណ្តាលឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ។
«យើងគួរតែដោះស្រាយជាបន្ទាន់ បើមិនអញ្ចឹងទេនឹងមានជនជាតិហ្នឹងចូលមករស់នៅក្នុងប្រទេសយើងកាន់តែច្រើនយូរៗទៅប្រទេសកម្ពុជាយើងនឹងមានវៀតណាមខុសច្បាប់ច្រើន ទៅជាប្រទេសដែលមានជនអន្តោប្រវេសន៍ខុសច្បាប់កាន់តែច្រើន។ យូរៗទៅ វាប៉ះពាល់ដល់ទាំងនយោបាយក្នុងប្រទេសយើង។ វាពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាក់ព័ន្ធនឹងវប្បធម៌ ពាក់ព័ន្ធនឹងស្អីៗទាំងអស់។ ដោយគេអត់មានអីមកត្រឹមត្រូវតាមច្បាប់អញ្ចឹង គេអាចធ្វើអីៗតាមចិត្តគេ»។
លោកបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរតែរឹតបន្តឹងនិងអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានតឹងរឹងដើម្បីកាត់បន្ថយបញ្ហានាពេលខាងមុខ។
ដោយឡែក លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកបានបង្ហាញថា លំហូរនៃជនជាតិវៀតណាមខុសច្បាប់នៅគឺដោយសារតែលក្ខខណ្ឌការងារល្អនៅក្នុងប្រទេសកម្ពុជា និងសហគមន៍វៀតណាមដែលមានច្បាប់ច្រើននៅកម្ពុជាដែលជាហេតុនាំឲ្យមានការទទួលយកបងប្អូនអ្នកទាំងនោះមកកម្ពុជាផងដែរ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺដីសម្បទានដែលតាមព្រំដែនកម្ពុជាវៀតណាមធ្វើឲ្យលំហូរពលករខុសច្បាប់ចូលដោយសេរីដែលអាចនាំឲ្យមានការកាន់កាប់តំបន់នោះ។
«ជាទូទៅមិនប៉ះពាល់ប៉ុន្មានទេ លើកលែងតែវាអាចឲ្យមានភាពតានតឹង និងជម្លោះពូជសាសន៍។ រឿងហ្នឹងគឺជាប្រភពមួយដែលអាចធ្វើឲ្យមានបញ្ហាខាងសន្តិសុខ។ និយាយរឿងបញ្ហាសេដ្ឋកិច្ចគឺមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ។ ប៉ុន្តែការគ្រប់គ្រងទិន្នន័យមិនបានល្អធ្វើឲ្យការប្រមូលពន្ធរបស់រដ្ឋាភិបាលមិនបានល្អទេ ពីព្រោះគាត់ខុសច្បាប់ គាត់ធ្វើអីក៏ខុសច្បាប់ដែរ»។
លោក អ៊ូ វីរៈ ក៏បានបន្ថែមថា ដើម្បីគ្រប់គ្រង ជនអន្តោប្រវេសន៍ខុសច្បាប់ឲ្យបានល្អ អាជ្ញាធរកម្ពុជាគួរតែរឹតបន្តឹងការគ្រប់គ្រងប្រជាពលរដ្ឋកម្ពុជាស្របច្បាប់ជាមុនសិន ជាពិសេសការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យដល់ប្រជាពលរដ្ឋខ្មែរឲ្យបានគ្រប់គ្នា។
លោកនាយឧត្តមសេនីយ៍សុខ ផលក៏បានបញ្ជាក់នៅថ្ងៃពុធផងដែរថា មន្រ្តីរបស់លោកបានចាប់បញ្ជូនជនអន្តោប្រវេសន៍ជាច្រើនពាន់នាក់ចេញពីប្រទេសកម្ពុជាផងដែរ ហើយនាយកដ្ឋានអន្តោប្រវេសន៍នឹងចាប់ផ្តើមធ្វើប្រតិបត្តិការទូទាំងគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា នាពេលខាងមុខ៕