ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​បាន​សរសើរ​រដ្ឋាភិបាល​ថា ហ៊ាន​តវ៉ា​រឿង​ព្រំដែន​ជា​មួយ​វៀតណាម


រូប​ឯកសារ៖ លោក សម រង្ស៊ី (ខាងមុខ កណ្តាល) មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ដៃ​គ្រវី​ទៅ​ហ្វូង​មហាជន​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤។
រូប​ឯកសារ៖ លោក សម រង្ស៊ី (ខាងមុខ កណ្តាល) មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ដៃ​គ្រវី​ទៅ​ហ្វូង​មហាជន​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤។

ប្រធាន​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា​ គឺ​លោក ​សម រង្ស៊ី​ ធ្វើ​ការ​កោត​សរសើរ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋន្ត្រី ​ហ៊ុន សែន ​ក្នុង​ការ​តវ៉ា​រឿង​ព្រំ​ដែន​ជា​មួយ​ប្រ​ទេស​វៀតណាម​ ដោយ​សារតែរដ្ឋាភិបាល​កម្ពុជា​ផ្ញើរ​កំណត់​ការទូត​លើក​ទីពីរ​តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ជំទាស់​ដែល​ធ្លាប់​តែ​រិះ​គន់​រដ្ឋាភិបាល​ បាន​ថ្លែង​ «គាំទ្រ​ លើក​ទឹក​ចិត្ត»​ ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​របស់​ប្រ​ទេស​ជិត​ខាង។​ ​លោក​សម រង្ស៊ី ​បានហៅ​ទង្វើ​បែប​នេះ​ថា​ ជា​«ទង្វើ​ស្នេហា​ជាតិ»។

«អ្វី​ដែល​គេ​ធ្វើ​ល្អ​ យើង​ចាប់​ផ្តើម​ឃើញ​គឺ​តវ៉ា​ជា​មួយ​យួន។​ ​មិន​ដែល​ក្រសួង​ការ​បរទេស​ តំណាង​ឲ្យ​រដ្ឋាភិបាល​សព្វ​ថ្ងៃតវ៉ា​ជា​មួយ​យួន​ ​ ចង្អុល​មុខ​យួន​ថា ​យួន​នៅ​ខេត្ត​រតនគីរី​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ មក​ជីក​ស្រះ​មួយ​ចំនួនចូល​ក្នុង​ទឹក​ដី​ខ្មែរ​ថា ​កន្លែងហ្នឹង​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ប៉ះ​ពាល់ ​ឥឡូវ​ចូល​មក»។

ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា​ផ្ញើរ​លិខិត​តវ៉ា​ជា​លើក​ទី​ពីរ​ទៅ​ប្រទេស​វៀតណាម​ដែល​បាន​ជីក​ស្រះ​ទឹក​ចំនួន​ប្រាំបី​បំពាន​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​តាម​បណ្តោយ​ព្រំដែន​នា​ខេត្ត​រតនគីរី។​

កាលពីថ្ងៃ​សុក្រ​កន្លង​ទៅ​ ក្រសួង​ការ​បរទេស​បាន​សរសេរ​លិខិត​តវ៉ា​មួយ​រួច​មក​ហើយចំពោះ​ការ​ជីក​ស្រះ​ចំនួន​៥​ បំពាន​ចូល​ទឹក​ដី​កម្ពុជា​ដែល​ស្រះ​មួយ​ចំនួន​ចូល​ជ្រៅ​ជាង​កន្លះ​គីឡូ​ម៉ែត្រឯណោះ។​

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ផ្ញើកំណត់​ការទូត​សាជា​ថ្មី​ទៅ​កាន់​ស្ថានទូត​វៀត​ណាម​ប្រចាំ​កម្ពុជា​ចំពោះ​ការ​រក​ឃើញ​ស្រះ​ទឹក​បី​ផ្សេង​ទៀត​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៣០​និង​៤០​នា​ស្រុក​អូរយ៉ា​ដាវ ​ខេត្ត​រតនគីរី។​ ​លិខិត​ដែល​ចុះ​ថ្ងៃ​ទី​១៤​នេះ​បាន​ឲ្យ​ដឹង​ថា ​ស្រះ​ទឹក​ទាំង​បី​នោះ​គឺ​មាន​ទំហំ​ពី​១០​ម៉ែត្រ​គុណ​២៤​ម៉ែត្រ​ និង​១២​ម៉ែត្រ​គុណ​១៨​ម៉ែត្រ​ ហើយ​ចូល​ជ្រៅ​ពី​៣១៥​ម៉ែត្រ​ទៅ​៤២៥​ម៉ែត្រ​មក​ក្នុង​ទឹកដី​កម្ពុជា។​

ក្រសួង​ការ​បរទេស​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​វៀតណាម​គោរព​តាម​ខ្សែ​ព្រំដែន​នៃ​ផែនទីខ្នាត​១​ភាគ​១០០.០០០​ និង​សេចក្តី​ប្រកាស​រួម​កាល​ពី​ឆ្នាំ​១៩៩៥​ដែល​បានចែង​ថា៖​ «ភាគី​ទាំងពីរ​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ដដែល​ មិន​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ ​ឬ​ដក​ទីតាំង​កំណត់​សម្គាល់ព្រំដែន​ និង​អប់រំ​ទប់​ស្កាត់​ពល​រដ្ឋ​ទាំង​សងខាង​មិន​ត្រូវ​ធ្វើ​ការ​ដាំដុះ ​ឬ​តាំង​ទី​លំនៅ​ឆ្លងព្រំដែន​ និង​សហការ​រក្សា​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ​ព្រំដែន​រហូត​ដល់​មាន​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ‍»។​

VOA ​មិន​អាច​ទំនាក់​ទំនង​ស្ថាន​ទូតវៀតណាម​ប្រចាំ​កម្ពុជា​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ​ ដោយ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។​

លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ​សម រង្ស៊ី​ក៏​បាន​ថ្លែង​ផង​ដែរថា ​ ការ​ហ៊ាន​តវ៉ា​ដូច្នោះ​គឺ​ដោយ​សារតែ​«វប្បធម៌​សន្ទនា»​ ​និង​ការ​ឯក​ភាព​នយោបាយ​របស់​គណបក្ស​ធំៗ​ទាំងពីរ ហើយ​បើ​ទោះ​ជា​«គណបក្ស​ណា​ឈ្នះ ​អាណតិ្ត​ក្រោយ​ ​ខ្មែរ​គឺ​បាន​សុខ»។​

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖​ «យើង​ចេះ​រួបរួម​គ្នា​ ដោយ​សារអ្វី?​ គឺ​ដោយ​សារ​តែការ​សន្ទនា​ ​ដោយ​វប្បធម៌​សន្ទនា​ហ្នឹង​ហើយដែល​ខ្មែរ​យើង​ចេះ​រួបរួម​គ្នា ចាប់​ផ្តើម​រួបរួម​គ្នា។ ​ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ​ហ្នឹង​ហើយ​ថា​ គាំទ្រ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដែល​ហ៊ាន​តតាំង​នឹង​យួន។​ យើង​គាំទ្រ។​ គេ​ធ្វើល្អ»។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​សុខ ឦសាន​ ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​តែងតែ​ហ៊ាន​តវ៉ា​និង​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ​មិនមែន​ទើប​តែ​ធ្វើ​ក្រោយ​ពេល​មាន​កិច្ចព្រម​ព្រៀង​នយោបាយ​ជា​មួយ​លោក​សម រង្ស៊ី​នោះ​ទេ។​ ​ តែ «វប្បធម៌​សន្ទនា»​ ជួយ​ឲ្យ​លោក​សម រង្ស៊ី​ធ្វើ​ការ​រិះគន់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​តិច​ជាង​មុន។

«មិនមែន​ទេ!​ គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ការ​តស៊ូ​តាំង​ពី​ដើម​មក បាទ!​ បើ​មិន​តស៊ូ​គឺ​មិន​អាច​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រ​ទេស​ទាំង​អស់​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​បាន​ទេ។​ ​ព្រំដែន​ជាមួយ​វៀតណាម​ប្រវែង​១.២៧០​គីឡួ​ម៉ែត្រ​ហ្នឹង​គឺ​បាន​បោះ​បង្គោល​ព្រំដែនជាង​៣០០​បង្គោល​ថ្មី​បន្ថែម​លើ​១២៤​បង្គោល។​ ​ អា​ហ្នឹង​គឺ​យើង​បាន​ធ្វើ​មុន​ពេល​មាន​វប្បធម៌​សន្ទនា​ម្ល៉េះ»។​

បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មី​ បន្ទាប់​ពី​លោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ថា​ ប្រជាជន​កម្ពុជា​នា​ខេត្ត​ត្បូង​ឃ្មុំ​បាន​ធ្វើ​ចម្ការ​ចូល​ទឹកដី​វៀតណាម​ និង​ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​វៀតណាម​បាញ់​ថ្នាំ​បំផ្លាញ​ដំណាំ​ទាំង​នោះ៕

XS
SM
MD
LG