ភ្នំពេញ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានចាត់ទុកការផ្តន្ទាទោសលោកម៉ម សុណង់ដូ ជាកង្វល់មួយផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។
លោកសន ម៉ាគីនតូស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រាប់ក្រុមអ្នកយកព័ត៌មានរបស់វីអូអេសំឡេងសហរដ្ឋអាមេរិកខេមរភាសានៅថ្ងៃពុធនេះថា នៅក្នុងជំនួបកាលពីថ្ងៃចន្ទជាមួយលោកប្រមុខរដ្ឋមន្ត្រីខ្មែរ លោកអូបាម៉ា បានលើកពីកង្វល់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជាជាច្រើនហើយក្នុងនោះលោកក៏បានសង្កត់លើការផ្តន្ទាទោសលោកម៉ម សុណង់ដូចំពោះមុខលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«លោកប្រធានាធិបតីបានលើកជាពិសេសបញ្ហាលោកម៉ម សុណង់ដូ។ កង្វល់របស់យើងគឺថាលោកម៉ម សុណង់ដូ ត្រូវបានដាក់គុកដោយសារសេរីភាពបញ្ចេញមតិរបស់គាត់ ដោយសារតែគាត់រិះគន់រដ្ឋាភិបាលកម្ពុជាដែលយើងឃើញថាក្នុងករណីនេះកើតឡើងដោយសារហេតុផលនយោបាយជាជាងដោយសារការយោងទៅមូលហេតុនីតិរដ្ឋនោះ»។
លោកម៉ម សុណង់ដូ អាយុ៧១ឆ្នាំត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំកាលពីថ្ងៃទី១ ខែតុលាក្រោមការចោទប្រកាន់ថា ប៉ុនប៉ងធ្វើអបគមន៍ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ទោះជាមានការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងករណីលោកម៉ម សុណង់ដូ ដោយប្រធានាធិបតីអាមេរិកដូច្នេះក៏មន្ដ្រីសង្គមស៊ីវិលកម្ពុជាគិតថាការលើកឡើងនេះទំនងជាមិនមានឥទ្ធិពលធ្វើឲ្យរដ្ឋាភិបាលខ្មែរកែសម្រួលសំណុំរឿងនាយកវិទ្យុដ៏មានប្រជាប្រិយភាពនេះទេ។
លោកសុខ សំអឿន មេធាវីរបស់លោកម៉ម សុណង់ដូនៅសាលាដំបូង និងជានាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាហាក់ដូចជាចង់ផ្តោតលើឯករាជ្យភាពរបស់តុលាការក្នុងស្រុកច្រើនជាងឥទ្ធិពលនៃការលើកឡើងពីករណីលោកម៉ម សុណង់ដូរបស់ប្រធានាធិបតីអាមេរិក។
«នៅស្រុកខ្មែរទាយមិនត្រូវទេ។ វាអាចជួយលើកទឹកចិត្តខ្លះប៉ុន្តែរឿងក្តីលោកម៉ម សុណង់ដូ បើតុលាការកាត់ទោសផ្នែកលើភស្តុតាងច្បាស់លាស់មិនអីទេ»។
លោកស្រីពង្ស ឈីវហ្គិក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូមានប្រសាស៍ថា ការផ្តោតលើបញ្ហាសិទ្ធិមនុស្សរបស់លោកអូបាម៉ា និងការលើកឡើងចំៗពីករណីលោកម៉ម សុណង់ដូគឺជាការលើកទឹកចិត្តសម្រាប់ជនរងគ្រោះនៅកម្ពុជាប៉ុន្តែការសម្រេចគឺផ្សេងៗស្ថិតក្នុងកណ្តាប់ដៃរបស់ប្រទេសកម្ពុជា។
ក្នុងការនាំពាក្យក្រោយពីជំនួបរវាងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាជាមួយលោកនាយករដ្ឋមន្ត្រីខ្មែរហ៊ុន សែនកាលពីថ្ងៃចន្ទ័លោកប្រាក់ សុខុន រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ដ្រីបញ្ជាក់ថាលោកអូបាម៉ា បានលើកពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមែនប៉ុន្តែលោកប្រមុខរដ្ឋាភិបាលកម្ពុជាបានពន្យល់ទៅវិញដោយផ្អែកថាបញ្ហាដែលកើតឡើងទាក់ទងនឹងគោលការណ៍ច្បាប់។
«សម្តេចបញ្ជាក់ថាបុគ្គលទេដែលត្រូវប្រឈមមុខនឹងច្បាប់ពីព្រោះបុគ្គលនោះធ្វើខុសចំពោះច្បាប់ហេតុដូច្នេះបុគ្គលនោះត្រូវតែដោះស្រាយបញ្ហារបស់ខ្លួនជាមួយនឹងច្បាប់។ សម្តេចមានប្រសាសន៍ថា នៅកម្ពុជាមិនមានអ្នកទោសនយោបាយទេ ប៉ុន្តែមានអ្នកនយោបាយដែលមានទោស មានអ្នកនយោបាយដែលធ្វើខុសច្បាប់»។
ប៉ុន្តែភរិយាលោកម៉ម សុណង់ដូ លោកស្រីឌីន ផាន់ណារ៉ា ក្នុងបទសម្ភាសក្នុងវីដេអូរបស់វីអូអេបានរំពឹងថាសហរដ្ឋអាមេរិកនឹងជួយដល់ប្តីរបស់គាត់។
មេធាវីលោកលោកម៉ម សុណង់ដូ បានប្តឹងសារទុក្ខទៅកាន់សាលាឧទ្ធរណ៍ក៏ប៉ុន្តែរហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងថាការជម្រះក្តីករណីរបស់លោកអាចនឹងប្រព្រឹត្តិទៅនៅពេលណានោះទេ៕