គង់ សុឋានរិទ្ធ រាជធានីភ្នំពេញ
ស្ថានភាពសុខភាពរបស់ជនជាប់ចោទនួន ជាទំនងជាប្រសើរឡើងវិញបានបន្តិច។ នេះបើយោងតាមរបាយការណ៍របស់ក្រុមគ្រូពេទ្យនៅថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែមេធាវីការពារជនជាប់ចោទអះអាងថា កូនក្តីរបស់ខ្លួនមិនបង្ហាញភាពប្រសើរនោះទេ។
លោកសុន អារុណ សហមេធាវីជាតិការពារក្តីឲ្យនួន ជា មានប្រសាសន៍ថា ជនជាប់ចោទនៅមានសុខភាពខ្សោយ។
«របាយការណ៍ពេទ្យមកតុលាការថា គាត់ធូរ ជាម្សិលមិញបន្តិច ប៉ុន្តែបើតាមខ្ញុំមើលឃើញ គាត់ដូចជាមិនធូរទេ។ នៅពេលដែលខ្ញុំសួរគាត់ និយាយជាមួយគាត់អញ្ចឹងទៅ ខ្ញុំឃើញដូចជាខុសជាងពីម្សិល ខ្សោយជាងពីម្សិល គឺគាត់ពិសារមិនបាន សម្រាន្តមិនលក់។ ខ្ញុំមិនមែនពេទ្យ ប៉ុន្តែខ្ញុំថា អញ្ចឹង ព្រោះខ្ញុំឃើញនឹងភ្នែក»។
លោកសុន អារុណលើកឡើងថា របាយការណ៍គ្រូពេទ្យមិនបានបង្ហាញពីការត្រួតពិនិត្យជំងឺរលាកទងសួតរបស់ជនជាប់ចោទទេ។
«រាយការណ៍ហ្នឹងនិយាយពីចង្កេះគាត់ និយាយពីរឿងខ្លួនគាត់ហ្នឹង នៅពេលដែលគាត់អុកគូថហ្នឹងមិនបានប៉ះពាល់ទៅដល់ឆ្អឹងអីហ្នឹងទេ។ ប៉ុន្តែគេមិននិយាយពីរឿងសួតរបស់គាត់ទេ»។
អតីតប្រធានសភាខ្មែរក្រហម អាយុ៨៦ឆ្នាំរូបនេះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃអាទិត្យដោយសារជំងឺរលាកទងសួតស្រួចស្រាវ។ ហើយអង្គជំនុំជម្រះសាលាដំបូងបានសម្រេចផ្អាកការកាត់ទោសកាលពីថ្ងៃច័ន្ទដោយសារតែអវត្តមានរបស់នួន ជា។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមឲ្យដឹងថា ក្រុមគ្រូពេទ្យកំពុងបន្តព្យាបាលជំងឺរលាកទងសួតនិងភាពហេវហត់របស់នួន ជា។ ហើយអង្គជំនុំជម្រះសាលាដំបូងបានសម្រេចបន្តផ្អាកសវនាការនៅថ្ងៃពុធទី១៦ខែមករាស្អែកនេះ។
«អាការៈជំងឺរបស់គាត់ហ្នឹងនៅថេរ ហើយចំពោះសវនាការដែលគ្រោងនឹងធ្វើនៅថ្ងៃពុធគឺមិនមានទេ។ ហើយនៅក្នុងសប្តាហ៍នេះគឺពេញមួយសប្តាហ៍គឺមិនមានសវនាការអ្វីទេ ដោយសារតែអវត្តមានរបស់ជនជាប់ចោទនួន ជា តែលោកនួន ជាមិនបានលះបង់សិទ្ធិនៅក្នុងសវនាការ»។
នួន ជាត្រូវគេស្គាល់ថា ជាមេមនោគមវិជ្ជាកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមដែលបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១លាន៧សែននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ក្នុងសំណុំរឿង០០២ គាត់គឺជាជនជាប់ចោទចាស់ជរាទី២បន្ទាប់ពីអៀង សារី ដែលមានជំងឺធ្ងន់ធ្ងរ និងនាំឲ្យផ្អាកដំណើរការកាត់ទោសមួយរយៈ។
តាមប្រភពស្និទ្ធនឹងតុលាការបានឲ្យដឹងថា សវនាការក្នុងសំណុំរឿង០០២ទំនងជាអាចចាប់ផ្តើមឡើងវិញ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ប៉ុន្តែគឺជាសវនាការដែលនឹងពិភាក្សាឯកសារដែលពាក់ព័ន្ធនឹងសំណុំរឿង០០២៕