នួន ជា បដិសេធ​ការទទួល​ខុសត្រូវ

នួន ជា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ ២០០៧ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​

ភ្នំពេញ៖ នៅ​ថ្ងៃ​ពុធ​នេះ នួន ជា នៃ​របប​ខ្មែរក្រហម​បាន​បដិសេធ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​មន្ទីរ​ស​២១ ឬ​គុក​ទួលស្លែង​ព្រមទាំង​ច្រាន​ចោល​រាល់​ការជាប់​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​រចនា​សម្ព័ន្ធ​យោធា​ខ្មែរក្រហម។
ថ្លែង​ក្នុង​សវនាការ​នៃ​សំណុំ​រឿង​០០២ អតីត​ប្រធាន​សភា​ខ្មែរក្រហម​វ័យ​៨៦​ឆ្នាំ​រូបនេះ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​តួនាទី​របស់​ខ្លួន​ក្នុង​គណៈកម្មការ​យោធា​ទាំង​ក្នុង​មន្ទីរ​ស២១ និង​បដិសេធ​រាល់​ការពា​ក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​សន្តិសុខ​នានា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
«ខ្ញុំ​សុំ​បដិសេធថា ខ្ញុំ​មិន​ដែល​ជា​សមាជិក​ក្នុង​គណៈកម្មការ​នេះ​ទេ។ ដូចគ្នានេះដែ​ខ្ញុំ​ក៏​ពុំមាន​តួនាទី​គ្រប់គ្រង​លើ​មន្ទីរ​ស២១នោះទេ។ ចប់!»។
សេចក្ដីថ្លែងការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ខណៈដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កំពុង​បើក​សវនាការ​ផ្តោត​លើ​រចនា​សម្ព័ន្ធ​យោធា និង​ការ​ជម្លៀស​ប្រជាពលរដ្ឋ និង​ការ​កាប់​សម្លាប់​មន្រ្តី​រដ្ឋការ​នៃ​របប​លន់ ណុល។
ឌុច អតីត​ប្រធាន​គុក​ទួលស្លែង​ឬ​មន្ទីរ​ស ២១ ធ្លាប់បាន​លើកឡើង​ក្នុង​សវនាការ​នៃ​សំណុំ​រឿង​០០១ ថា នួន ជា បាន​បញ្ជា​ឲ្យ​រូបគាត់​សម្លាប់​អ្នកទោស​នៅ​គុក​ដ៏​ទារុណ​នេះ ដែល​មាន​អ្នកទោស​យ៉ាង​តិច១២.៣៨០នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មុន​នឹង​យក​ទៅ​សម្លាប់។
ក៏​ប៉ុន្តែ​កាលពី​សវនាការ​ក្នុង​ខែ​មេសា​ឆ្នាំ២០១២ នួន ជា បាន​ច្រាន​ចោល​ការភ្ជាប់​ការ​ទទួល​ខុសត្រូវ​របស់​គាត់​ចំពោះ​គុក​ឧក្រិដ្ឋ​នេះ។
លោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា ចៅក្រម​នៃ​អង្គ​ជំនុំជម្រះនឹងថ្លែង​លើ​សេចក្តីសម្រេច​របស់ នួន​ ជា នេះ។
«ការ​សម្រេច​ចិត្ត​ថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ឬ​គ្មាន​ពិរុទ្ធភាព​អាស្រ័យ​លើ​ចៅក្រម​ដែល​គាត់​នឹង​ពិនិត្យ​សេចក្ដីថ្លែងការណ៍​របស់​ជន​ជាប់ចោទ​ក៏ដូចជា​ភស្តុតាង​និង​ឯកសារ​ផ្សេងៗ​ទៀត ហើយ​និង​ការ​ស្តាប់​ការ​ផ្តល់​សក្ខីកម្ម និង​ការលើកឡើង​របស់​អ្នក​ជំនាញ​មុន​នឹង​ឈានដល់​ការសម្រេច​ថា​តើ​បទ​ចោទ​នានា​ប្រឆាំង​នឹង​ជនជាប់​ចោទ​ពិត​ជា​ត្រឹម​ត្រូវ​ឬមួយ​យ៉ាង​ណា»។
នួន ជា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ ២០០៧ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ក្រោម​ការ​ចោទ​ប្រកាន់​ពី​អំពើ​ឃោរឃៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាងតិច១,៧លាន​នាក់។ នួន ជា បច្ចុប្បន្ន​គឺជា​ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ពីរ​នាក់​ដែល​អាចមាន​វត្តមាន​ក្នុងការ​កាត់ក្តី​សំណុំរឿង០០។ ជន​ជាប់​ចោទ​ពី​នាក់​ប្តី​ប្រព​ន្ធ​អៀង សារី និង​អៀង ធី​រិ​ទ្ធ​ដែល​មាន​ជំងឺរៀងៗខ្លួន​មិនអាច​ចូលរួម​ការ​កាត់ទោស​បាន​ទេ​ក្នុង​ពេលនេះ៕