ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​ថា នួន ជា​ យករូបមន្ត​នៃ​ការ​ធ្វើ​កសិកម្ម​មក​បង្រៀន​តាម​វិទ្យុ​កម្ពុជា


នួន ជា បង​ធំ​ទី២ នៃ​របបខ្មែរក្រហម​
នួន ជា បង​ធំ​ទី២ នៃ​របបខ្មែរក្រហម​
សាក្សី​បានឲ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា នួន ជា បង​ធំ​ទី២ នៃ​របបខ្មែរក្រហម​ដែល​កំពុង​ស្ថិត​ក្នុង​ការ​កាត់​ទោស​បានស្រង់​រូបមន្ត​ផ្នែក​កសិកម្ម​ពី​ប្រទេស​ចិន​មក​អប់រំ​ប្រជាជន​ក្នុងពេល​ដែល​ជនជាប់​ចោទ​រូប​នេះ​ស្ថិត​ក្នុង​អំណាច។
លោក គឹម វុន អតីត​បុគ្គលិក​កុមារ​ខ្មែរក្រហម​ក្នុង​រោងពុម្ព និង​បន្ទាប់មក​បានក្លាយ​ជា​អ្នក​យក​ព័ត៌មាន​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា នួន ជា បាន​ចេញ​ចូល​ក្នុង​ក្រសួង​ឃោសនាការ ហើយ​ទទួលខុសត្រូវ​ផ្នែក​អប់រំ​កសិកម្ម​តាមវិទ្យុ​ជា​រៀងរាល់​ថ្ងៃ។
«លោក នួន ជា មាន​នាទី​មួយ​ធ្វើ​កម្មវិធី​អប់រំ គឺ​នៅ​ពេល​នោះ​អប់រំ​ពី​វិស័យ​កសិកម្ម។ គាត់យក​សៀវភៅ​ក្រាស់​របស់​ក្រុម​អ្នកបច្ចេកទេស​ចិន​មក​ផ្សព្វផ្សាយ​ម្តង​មួយ​ទំព័រៗ»។
លោក គឹម វុន បញ្ជាក់​យ៉ាង​ដូច្នេះ​តប​ទៅ​នឹងសំណួរ​របស់​លោក​ចៅក្រម Jean-Marc Lavergne។
សាក្សី​អាយុ​៥៣​ឆ្នាំ​រូប​នេះ បាន​ចូល​ក្នុង​ចលនា​តស៊ូ​ជាមួយ​ពួកខ្មែរ​ក្រហម​តាំងតែ​ពី​អាយុ​១២​ឆ្នាំ​មក​ម្លេះ។ គាត់​អះអាង​ថា តួនាទី​ជា​ប្រមុខរដ្ឋ​ក្នុង​សម័យ​ខ្មែរក្រហម​ដូចជា អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ និង​ខៀវ សំផន គ្មាន​អំណាច​ទេ។
កាល​ពី​សប្តាហ៍​កន្លង​ទៅ លោក សួង ស៊ីគឿន កម្មាភិបាល​សំខាន់​ម្នាក់​ក្នុង​ក្រសួង​ការបរទេស​ខ្មែរក្រហម​បាន​ផ្តល់​សក្ខី​កម្មថា អំណាច​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​លើ​ប៉ុល ពត ក្នុង​សម័យខ្មែរក្រហម។
ជា​អ្នក​យក​ព័ត៌មាន លោក គឹម វុន បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ជា​ច្រើន​នៅ​ក្នុង​របប​ខាង​លើ​នេះ​ហើយ​លោក​អះអាង​ថា លោក​បាន​ឃើញ​ភាព​អត់ឃ្លាន​របស់​ប្រជាពលរដ្ឋ​ខ្លះ​ដែរ។ ក្រៅពីនោះ​ក៏មាន​ការ​លាក់​ស្បៀង​ទុក​ដោយ​ស្ងាត់​កំបាំង​ហើយ​លោក​គ្មាន​សិទ្ធិ​អន្តរាគមន៍​ទេ។
លោក គឹម វុន បាន​ឆ្លើយ​សំណួរតំណាង​សហព្រះរាជអាជ្ញា​ដោយ​ក្តុកក្តួល​លាយឡំ​ជាមួយ​នឹង​ទឹក​ភ្នែក​ថា ប្រពន្ធ​របស់​គាត់​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​រៀនសូត្រ​ហើយ​ក្រោយមក​ទើប​លោក​ដឹង​ថា ប្រពន្ធ​របស់​លោក​ត្រូវ​ចោទ​ប្រកាន់​ថា ជា​ភ្នាក់ងារ​ចារកម្ម ស៊ីអាអេ (C.I.A.) ម្នាក់​របស់​អាមេរិក។ ក៏ប៉ុន្តែ​លោក​បាន​ហៅ​ការចោទប្រកាន់​នេះ​ថា ជា​ការ​ចោទ​ប្រកាន់​មិនពិត​ទាល់តែ​សោះ។ លោក គឹម វុន បញ្ជាក់ថា ប្រពន្ធ និង​កូនស្រី​របស់​គាត់​បាន​បាត់ខ្លួន​ហើយ​បុគ្គលិក​មួយ​ចំនួនទៀត នៅ​ក្រសួង​ឃោសនាការ​ក៏​បាន​បាត់ខ្លួន​ជា​បន្តបន្ទាប់​ដែរ៕
XS
SM
MD
LG