ភ្នំពេញ៖ ប្រទេសកម្ពុជានឹងមិនទទូចឲ្យដាក់របៀបវារៈនៃការពិភាក្សាលើទំនប់វារីអគ្គិសនីនៅក្នុងកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គនៅសប្តាហ៍ក្រោយនេះទេ។ នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់កម្ពុជា។
គណៈកម្មការទន្លមេគង្គដែលមានប្រទេសសមាជិកចំនួនបួនគឺកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃនឹងបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ នៅទីក្រុងវៀងចាន់ នៅថ្ងៃព្រហស្បតិ៍ទី១៧ខែមករា ដោយមិនបានដាក់បញ្ហាទំនប់វារីអគ្គិសនីសាយ៉ាបូរីដ៏ចម្រូងចម្រាសចូលក្នុងរបៀបវារៈសម្រាប់ជជែកគ្នានោះទេ។
លោកស៊ិន នីនី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា បានថ្លែងថា កម្ពុជាមិនស្នើឲ្យដាក់បញ្ហានេះចូលក្នុងរបៀបវារៈដោយសារតែមិនមានការឯកភាពគ្នាក្នុងចំណោមប្រទេសជាសមាជិក។
«ការងារអ្វីទាំងអស់ក្នុងក្របខណ្ឌMRCត្រូវតែមានការយល់ព្រមជាឯកភាព ហើយប្រសិនបើគម្រោងសាយ៉ាបូរីដាក់ក្នុងរបៀបវារៈ ហើយមានប្រទេសណាមួយមិនឯកភាព ក៏មិនអាចដាក់ក្នុងរបៀបវារៈបានដែរ។ ហើយទីពីរដែលយើងមិនលើកឱ្យចំសាយ៉ាបូរីតែម្តងគឺដោយសារយើងកំពុងធ្វើការសិក្សាទៅលើទន្លេមេគង្គមេតែម្តង ហើយសាយ៉ាបូរីជាមួយគ្នាហ្នឹង»។
ទំនប់វារីអគ្គិសនីសាយ៉ាបូរី ដែលវិនិយោគដោយក្រុមហ៊ុនឆកានឆាងរបស់ប្រទេសថៃក្នុងតម្លៃ៣.៥០០លានដុល្លារអាមេរិក ហើយទំនប់វារីអគ្គិសនីនេះនឹងមានកម្លាំង១.២៨៥មេហ្គាវ៉ាត់។ ក៏ប៉ុន្តែប្រទេសកម្ពុជា និងវៀតណាមបានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការសាងសង់ទំនប់នេះ បើសិនជាគ្មានការសិក្សាអំពីផលប៉ះពាល់បរិស្ថានជាមុននោះទេ។
ក៏ប៉ុន្តែរហូតមកទល់ពេលនេះ របាយការណ៍ជាច្រើនបានបញ្ជាក់ថាការសាងសង់ទំនប់វារីអគ្គិសនីនៅតែបន្តនៅឡើយ។
មន្ដ្រីផ្នែកទំនាក់ទំនងព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គវៀតណាមមិនធ្វើអត្ថាធិប្បាយណាមួយលើបញ្ហានេះ មុនកិច្ចប្រជុំប្រចាំឆ្នាំនៃប្រទេសទាំងបួនបានបញ្ចប់នោះទេ។
លោកស៊ូរ៉ាសាក់ ក្លាហាន (Surasak Glahan) មន្ត្រីទំនាក់ទំនងរបស់គណៈកម្មការទន្លេមេគង្គបានប្រាប់វីអូអេខេមរភាសាពីប្រទេសឡាវមកថា ទោះបីមិនមានប្រធានបទទំនប់សាយ៉ាបូរីនេះក្នុងរបៀបវារៈក៏ដោយ ក៏តំណាងប្រទេសជាប់ពាក់ព័ន្ធអាចលើកបញ្ហាចោទដទៃទៀតមកពិភាក្សាបានដែរ។
«ទោះបីជាយ៉ាងណា នៅតែមានឱកាសសម្រាប់ប្រទេស ឬអ្នកចូលរួមទាំងអស់ដើម្បីលើកពីប្រធានបទ ឬបញ្ហាជាក់លាក់ណាមួយមកពិភាក្សា ប្រសិនបើពួកគេមានបំណង»។
អ្នកស្រីអាវីវ៉ា អ៊ីមហប (Aviva Imhof) ប្រធានយុទ្ធនាការនៃអង្គការទន្លេអន្តរជាតិ បារម្ភថា ការអាកខានមិនបានលើកបញ្ហាទំនប់សាយ៉ាបូរីដ៏ចម្រូងចម្រាសនេះមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ អាចជាប្រផ្នូលដ៏អាក្រក់មួយ។
«ខ្ញុំគិតថា វាគឺជាការបារម្ភដ៏ធំមួយ ពីព្រោះតាំងពីមុនមកមិនទាន់មានកិច្ចព្រមព្រៀងថ្នាក់តំបន់ណាមួយធ្វើឡើងនៅគណៈកម្មការទន្លេមេគង្គទេ ហើយនេះគឺជាកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សានេះតាំងពីខែធ្នូឆ្នាំ២០១១ ដែលគម្រោងនេះត្រូវបានព្រមព្រាងថា នឹងត្រូវពន្យារពេលរហូតដល់មានការសិក្សាបន្ថែម។ ការដែលទំនប់សាយ៉ាបូរីនៅតែដំណើរការសាងសង់ ដោយមិនបានឆ្លងកាត់ការពិភាក្សានៅថ្នាក់ MRC គឺជាគំរូដ៏អាក្រក់មួយទៅអនាគត»។
ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គបានប្រគល់សិទ្ធិដល់ប្រទេសជប៉ុនក្នុងការសិក្សាពីផលប៉ះពាល់នៃទំនប់សាយ៉ាបូរី ហើយរហូតមកទល់ពេលនេះការសិក្សាមិនទាន់បានចាប់ផ្តើមនៅឡើយ ខណៈដែលការសាងសង់នៅតែបន្តនោះ។
ទោះជាយ៉ាងណា លោកស៊ូរ៉ាសាក់ ក្លាហានមានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងពិភាក្សាអំពីគម្រោងសិក្សាលើបញ្ហាបរិស្ថានរបស់ប្រទេសជប៉ុនជុំវិញការសាងសង់ទំនប់វារីអគ្គិសនីនេះ។
យោងតាមការស្រាវជ្រាវដាច់ដោយឡែកមួយរបស់អង្គការទន្លេអន្តរជាតិ ទំនប់សាយ៉ាបូរីនឹងនាំឱ្យមានការផ្លាស់ទីលំនៅប្រជាជន២.១០០នាក់ ហើយប៉ះពាល់ដោយដល់មនុស្ស២០២.០០០នាក់ដែលនៅជិតនោះ និងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធជីវចម្រុះ ពូជត្រីហើយនឹងប៉ះពាល់ដល់សុវត្ថិភាពស្បៀងនិងជីវភាពប្រជាជនតាមដងទន្លេមេគង្គរាប់លានគ្រួសារ។
រដ្ឋាភិបាលប្រទេសហ្វាំងឡង់បានកំពុងធ្វើការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនហ្វាំងឡង់មួយឈ្មោះថា ផយរី (Poyri) ដែលជាប់ទាក់ទងនឹងវាយតម្លៃពីផលប៉ះពាល់បរិស្ថានដោយសារទំនប់សាយ៉ាបូរីនេះ ដាក់ឲ្យរដ្ឋាភិបាលឡាវ ហើយការវាយតម្លៃនេះមិនស្របតាមស្តង់ដារអន្តរជាតិ។
រដ្ឋាភិបាលប្រទេសហ្វាំងឡង់បានកំពុងធ្វើការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនហ្វាំងឡង់មួយឈ្មោះថា ផយរី (Poyri) ដែលជាប់ទាក់ទងនឹងវាយតម្លៃពីផលប៉ះពាល់បរិស្ថានដោយសារទំនប់សាយ៉ាបូរីនេះ ដាក់ឲ្យរដ្ឋាភិបាលឡាវ ហើយការវាយតម្លៃនេះមិនស្របតាមស្តង់ដារអន្តរជាតិ។
លោកចន ស៊ីមមុន (John Simmons) អ្នកនាំពាក្យស.រ.អាប្រចាំប្រទេសកម្ពុជា បានសរសេរតាមសារអេឡិចត្រូនិចប្រាប់វីអូអេយ៉ាងដូច្នេះថា «យើងមានការព្រួយបារម្ភដែលការសាងសង់ទំនប់សាយ៉ាបូរីនេះកំពុងដំណើរការ មុនពេលការសិក្សាពីផលប៉ះពាល់ត្រូវបានបញ្ចប់។ យើងសង្ឃឹមថា រដ្ឋាភិបាលឡាវនឹងរក្សាការសន្យារបស់ខ្លួនក្នុងការធ្វើការជាមួយប្រទេសជិតខាងដើម្បីដោះស្រាយចម្ងល់ដែលនៅសេសសល់ពាក់ព័ន្ធនឹងទំនប់សាយ៉ាបូរី។ យើងលើកទឹកចិត្តឱ្យបណ្តាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គបន្តធ្វើការជាមួយគ្នាដើម្បីទទួលបានទស្សនៈរួមមួយនៃការរីកចម្រើនសេដ្ឋកិច្ច យុត្តិធម៌សង្គម និងបរិស្ថានតាមដីសណ្តទន្លេមេគង្គ»។
កញ្ញា រស់ សុធា អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ថ្លែងស្រដៀងគ្នានេះដែរថា ធនាគារអភិវឌ្ឍន៍អាស៊ីជឿជាក់ថា ការសិក្សាលម្អិតបន្ថែមគឺចាំបាច់ដើម្បីយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃទំនប់នេះ មុននឹងចាប់ផ្តើមសាងសង់៕