មន្ត្រីជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុលោក វង្សី វិស្សុត លើកឡើងក្នុងវេទិកាមួយដែលផ្តោតលើស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរបានថយចុះជាបន្តបន្ទាប់អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
នៅឯវេទិកាសាធារណៈស្តីពី៖ «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» ធ្វើឡើងក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃពុធ លោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជាមិនពឹងផ្អែកខ្លាំងតែលើផលិតផលកាត់ដេរសម្រាប់ការនាំចេញដូចមុនទេ ពោលគឺការនាំចេញទំនិញប្រភេទនេះ បានថយចុះពី៨០ភាគរយ មកមិនដល់៦០ភាគរយផង។

វេទិកាសាធារណៈស្ដីពីច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោកថ្លែងថា៖ «យើងធ្លាប់និយាយថា ក្នុងការនាំចេញរបស់យើង៨០ភាគរយ ខោអាវស្បែកជើង។ ឥឡូវអត់ទេ។ ក្នុងរយៈពេលកូវីដ៣ឆ្នាំនេះ មានការប្រែប្រួលសម្បើមណាស់ ជាពិពិធកម្មសេដ្ឋកិច្ច។ ឥឡូវនេះ ក្នុងរចនាសម្ព័ន្ធនាំចេញរបស់កម្ពុជា បើយើងរាប់ការនាំចេញ ផលិតផលកសិកម្ម ទាំងផ្លូវការ ទាំងក្រៅផ្លូវការ ព្រោះយើងមានទាំងពីរ អាកសិកម្មហ្នឹង នាំចេញហ្នឹង អាលេខមួយរាប់អាមួយទៀតអត់រាប់។ ខោអាវនៅសល់តែ និងស្បែកជើង Travelling bag [កាបូបធ្វើដំណើរ ]នៅសល់តែ៥៦ ៥៧ភាគរយទេ»។
លោកបន្ថែមថា៖ «កសិកម្មឡើងទៅដល់ វត្ថុកសិកម្មឡើងជាង១០ភាគរយដែលនាំចេញឥឡូវ។ ហើយកម្មន្តសាល មិនមែនកាត់ដេរឡើងជាង២០ ជិត៣០ភាគរយ ចំណែកក្នុងការនាំចេញ»។
បើតាមលោក វង្សី វិស្សុត កម្ពុជា បាននិងកំពុងនាំចេញផលិតផលកម្មន្តសាល រួមមាន កង់ ផ្ទាំងសូឡា ឬផ្ទាំងស្រូបពន្លឺព្រះអាទិត្យ គ្រឿងសង្ហារិម ឬគ្រឿងតុទូ ខ្សែអុបតិក និងគ្រឿងបង្គុំអេឡិចត្រូនិក។ លោកថា ការនាំចេញផលិតផលទាំងនេះ គឺបានមកពីការធ្វើឱ្យមានពិពិធកម្មសេដ្ឋកិច្ចនៅក្នុងប្រទេស។
ប្រទេសកម្ពុជាត្រូវគេដឹងថា ធ្លាប់ពឹងផ្អែកខ្លាំងលើការនាំចេញទំនិញសម្លៀកបំពាក់ និងកាបូបធ្វើដំណើរតាមប្រព័ន្ធអនុគ្រោះពន្ធចំនួនពីរ គឺកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP(Generalized System of Preferences) របស់សហរដ្ឋអាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ EBA (Everything But Arms) របស់សហភាពអឺរុប។
ក្រោយមកប្រទេសនេះ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ដូចជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលទទួលបានការគាំទ្រខ្លាំងក្លាពីប្រទេសចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីនាំចេញផលិតផលផ្សេងទៀត ដូចជាផលិតផលកសិកម្ម និងគ្រឿងបង្គំអេឡិចត្រូនិក សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គំកំព្យូទ័រជាដើម។
ស្របពេលមានការកើនឡើងនៃការនាំចេញផលិតផលផ្សេងក្រៅពីផលិតផលក្នុងឧស្សាហកម្មកាត់ដេរ លោកវង្សី វិស្សុត ដែលមានតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងនោះ បានថ្លែងថា កម្ពុជាមិនបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA នោះទេ ដោយលើកហេតុផលថា បីឆ្នាំចុងក្រោយនេះ កម្ពុជា មិនបានពឹងតែលើប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះទេ សម្រាប់ការនាំចេញទំនិញរបស់ខ្លួន។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិកាសាធារណៈ ស្ដីពីច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ នៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣។(លាស់ លីបលីប/វីអូអេ)
លោកថ្លែងថា៖ «រឿង GSP អត់បីឆ្នាំហើយក្មួយ អត់ទៀតក៏អត់អីដែរ វាលែងអី វាធ្លាប់អស់ហើយ ស៊ាំហើយ។ អត់ប៉ុណ្ណឹងហើយ មើល! យើងនាំចេញមើល! នៅតែឡើងអ៊ីចឹង។ អាអត់ GSP ហ្នឹង អា EBA នេះ ក៏វាអត់មានអីមកជាមួយយើងលើ GSP ហ្នឹង ក៏វាអត់អីដែរ។ យើងអត់ទៅហើយហ្នឹង ឥឡូវមើល យើងស្លាប់ទៅណា! មិនត្រឹមតែមិនស្លាប់ទេ resilient [បានរើបឡើងវិញយ៉ាងឆាប់រហ័ស] ទៅទៀត ហ្នឹងហើយ ត្រូវយកជំហរអ៊ីចឹង ហើយថ្ងៃក្រោយសម្តេចតេជោចង្អុលហើយ មិនបាច់នរណាទាំងអស់»។
លោកបន្ថែមថា៖ «រឿងអនុគ្រោះ មិនត្រូវការទេ ត្រូវការតែស្មើសិទ្ធិស្មើភាពបានហើយ។ ត្រូវខ្លួនឯងប្រជែងខ្លួនឯងបាន មានគំនិតត្រូវប្រឹងខ្លួនឯង ឱ្យមានប្រកួតប្រជែងបានហើយ ហើយមិនបាច់ពឹងភាពអនុគ្រោះទេ អាហ្នឹងជាគោលដៅថ្ងៃក្រោយ»។
ក៏ប៉ុន្តែ ប្រធានសហជីពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា យល់ថា ប្រព័ន្ធអនុគ្រោះពន្ធ GSPនិង EBA មានសារៈសំខាន់ចំពោះការងាររបស់កម្មករក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ព្រោះអ្នកវិនិយោគនៅត្រូវការប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះសម្រាប់ការផលិត និងការនាំចេញទំនិញកាត់ដេរចេញពីកម្ពុជាដោយមិនជាប់ពន្ធ។
បើតាមលោក ប៉ាវ ស៊ីណា ខណៈមានភាពមិនច្បាស់លាស់ ពាក់ព័ន្ធនឹងការបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSPសម្រាប់កម្ពុជា និងការទទួលបានពេញមកវិញនូវប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជានាំទំនិញកាត់ដេរទៅទីផ្សារសហគមន៍អឺរ៉ុបនោះ ការបញ្ជាទិញចាប់ផ្តើមធ្លាក់ចុះជាបណ្តើរហើយ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «មានន័យថាមកដល់ម៉ោងនេះ យើងឃើញតាមបណ្តារោងចក្រសហគ្រាស យើងឃើញថាខ្វះ order [ការបញ្ជាទិញ] ច្រើនមែនទែន ដែលជាបញ្ហាមួយប្រឈមទៅដល់ការងារកម្មករ ប្រសិនបើបញ្ហានេះ នៅតែបង្កការខ្វះខាតទៀត មានន័យថា កម្មករយើងនឹងជួបវិបត្តិ ការចំណាយផ្សេងៗហើយដោយសារតែគាត់ ត្រូវការពឹងផ្អែកធ្វើការពេញម៉ោង ក៏ដូចជាការថែមម៉ោង ដែរ ហើយបើប្រសិនជាការងារខ្វះ ហើយអត់មានសម្ភារៈធ្វើគ្រប់គ្រាន់ ដូច្នេះជីវភាពគាត់ក៏ត្រូវបានថយចុះដែរ»។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកមិនទាន់អនុញ្ញាតឱ្យកម្ពុជាបានទទួលប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលបានផុតតាំងពីចុងឆ្នាំ២០២០ ខណៈមានការព្រួយបារម្ភជាបន្តបន្ទាប់អំពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ហើយសហភាពអឺរ៉ុបបានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធEBA របស់ខ្លួនចំនួន២០ភាគរយពីកម្ពុជា ដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយអតីតគណបក្សសង្រ្គោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំងជាដើម៕