របាយការណ៍៖ ច្បាប់​ចរាចរណ៍​ថ្មី​អាច​សង្គ្រោះ​ជីវិត​និង​សន្សំ​ប្រាក់​សម្រាប់​កម្ពុជា

ប៉ូលិស​មួយ​រូប​កំពុង​ត្រួត​ពិនិត្យ​ចរាចរណ៍។

មនុស្ស​ប្រមាណ​៥៦១​នាក់​អាច​នឹង​ត្រូវ​បាន​សង្គ្រោះ​ពី​សេច​ក្តី​ស្លាប់ហើយ​កម្ពុជា​ទំនង​ជា​អាចសន្សំ​ប្រាក់​ប្រមាណ​ជិត​១០០​លាន​ដុល្លារ​អាមេរិក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ​ក្នុង​អំឡុង​ពេល​ប្រាំមួយ​ឆ្នាំ។ ក៏​ប៉ុន្តែផល​ចំណេញ​នេះ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ដែលសេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ត្រូវ​បាន​អនុម័ត​និង​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព។​

​នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ទៅ​លើ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ទោចក្រយានយន្ត​ឬ​ម៉ូតូ​ដែល​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះដែល​ផ្តោត​លើ​ផល​ចំណេញ​និងការ​សង្គ្រោះ​ជិវិត​ពី​ការ​អនុម័ត​និង​អនុវត្ត​ច្បាប់​ចរាចរណ៍ផ្លូវ​គោក​ថ្មី។

ការ​ប៉ាន់​ប្រមាណខាង​លើ​នេះនឹង​រាប់​ចាប់​ពី​ឆ្នាំ​ដើម​ឆ្នាំ​២០១៥​ ដល់​ចុង​ឆ្នាំ​២០២០។​

​សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ថ្មី​មាន​១២​ជំពូក​និង​៩៣​មាត្រា។ សេចក្តី​ព្រាងច្បាប់​ដដែល​នេះ​បានដាក់​បញ្ចូល​១៣​មាត្រា​ថ្មី​ និង​កែ​សម្រួល​លើ៦១​មាត្រា​ពី​លើ​ច្បាប់​ចាស់​ដោយ​តម្រូវ​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ អ្នក​ធ្វើ​ដំណើរ​ជាមួយ​គិត​ទាំង​កុមារ​ផង​ដែរ​នោះ ​ពាក់​មួក​សុវត្ថិភាព​និង​ការ​បង្កើន​សណ្ឋាន​ទម្ងន់ ការ​ផាកពិន័យ​ឬ​ដាក់​ទោសដល់​ជន​ល្មើស​កើន​ឡើង​ប្រាំដង​នៃ​ចំនួន​ផាក​ពិន័យ​និង​សណ្ឋាន​ទម្ងន់​ទោស​នៃ​ច្បាប់​ចាស់។

លោក​ គឹម​ បញ្ញា ​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​ថ្លែង​ថា សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍ថ្មីអាច​នឹង​មាន​ប្រសិទ្ធភាព​ប្រសិន​បើ​សមត្ថកិច្ច​កម្ពុជា​ពង្រឹង​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ។

លោក​ថ្លែង​ថា៖ «ច្បាប់​សុវត្ថិភាព​ចរាចរណ៍រាណ៍​ថ្មី​ដែល​បូក​រួម​ទាំង​ការ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​រួម​ទាំង​កុមារ​ដែរ​ហ្នឹង ពាក់​មួក​សុវត្ថិភាព​នឹង​អាច​ជួយ​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​ រង​របួស​ និង​ការ​ខួចខាត​ផ្សេងៗ។»

​លោក​ សូ​ ពិសី​ អនុប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ​នឹង​ត្រូវ​បញ្ចូន​ទៅ​កាន់​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ក្នុង​អំឡុង​សប្តាហ៍​ក្រោយ។​ ​ដោយ​ឡែក​រដ្ឋសភា​នឹង​អាច​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​អំឡុង​ឆ្នាំ​២០១៤​នេះ។

«យើង​ដឹង​ស្រាប់​ហើយ​ថា​ មួយ​ឆ្នាំ ​កម្ពុជា​យើង​ខាត​បង់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ អញ្ចឹង​ច្បាប់​ហ្នឹង​នឹង​ជួយ​ឲ្យ​យើង​អាច​សន្សំ​ប្រាក់​ដើម្បី​យក​ទៅ​អភិវឌ្ឍ​ប្រទេស»។​

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ថ្ងៃ។ សម្រាប់​ឆ្នាំ​២០១៣​ អ្នក​ស្លាប់​ដោយ​គ្រោះថា្នក់​ចរាចរណ៍​សរុប​ចំនួន​ ១.៩៥០​នាក់​និង​របួសចំនួន​៥.៦៧២​នាក់។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ជន​រងគ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក។​

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ​គ្រោះ​ថ្នាក់​ភាគ​ច្រើន​ ឬ​ស្មើ​និង​៦៩%​ កើត​មាន​ឡើង​ចំពោះអ្នកប្រើប្រាស់​ម៉ូតូ។​ ខណៈ​ដែល​មាន​តែ២២%​នៃ​អ្នក​ទាំង​នោះ​ប៉ុណ្ណោះបាន​ពាក់​មួក​សុវត្ថិភាព។

​យោង​តាម​របាយការណ៍​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​ឲ្យ​ដឹង​ថា​ គិត​មក​ត្រឹមឆ្នាំ​២០១១​ ទឹកប្រាក់​សរុប​ដែល​កម្ពុជា​បាន​ខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​មាន​ប្រមាណ​ជាង​៣១០​លានដុល្លារ​អាមេរិក។

លោក​ ពៅ​ ផល្លី ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ចាត់​ទុក​ថា​ទឹក​ប្រាក់​ដែល​ខាង​បង់​កន្លង​មក​មាន​សភាព​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា៕