គ.ជ.ប.៖ ​គណៈ​កម្មាធិការ​ចម្រុះ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោត​ទំនង​ជា​ស្ទះ

លោក ​ទេព នីថា​ អគ្គ​លេខាធិការ​​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​

ភ្នំពេញ៖ មន្រ្តី​ផ្លូវការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​បញ្ជាក់​នៅថ្ងៃ​អង្គារ​នេះ​ថា​ ការ​បង្កើត​គណៈ​កម្មការ​ចម្រុះសម្រាប់​ដោះស្រាយ​ភាព​មិន​ប្រក្រតីក្នុង​ការ​បោះឆ្នោត​មិន​អាច​បង្កើត​បាន​នោះ​ទេ។ ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ជំទាស់​អះអាង​ថា ​ខ្លួន​កំពុង​ខិតខំ​ជំរុញ​ការ​បង្កើត​គណៈ​កម្មការ​នេះ​នៅ​ឡើយ។​

លោក​ទេព នីថា​ អគ្គ​លេខាធិការ​គ.ជ.ប.​បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ថា ​ការ​មិន​អាច​បង្កើត​គណៈ​កម្មការ​នេះ​បាន​គឺ​ដោយសារ​តែភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​និយាយ​ថា៖​ «មិន​ចុះ​សម្រុង​គ្នា​ មិន​អាច​បង្កើត​គណៈកម្មការ​នេះ​បាន​ទេ»។​
កាលពី​ថ្ងៃ​ទី​៣​ ​ខែ​សីហា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ.ជ.ប.)​ បាន​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បាន​សម្រេច​បង្កើត​គណៈ​កម្មការ​មួយ​ដែល​មាន​សមាសភាព​នៃ​ភាគី​ទាំង​បី​ចូល​រួម។​ ក៏​ប៉ុន្តែ​គណបក្ស​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​តំណាង​របស់​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ជា​អាជ្ញាកណ្តាល​ ដែល​ធ្វើ​ឲ្យ​ការ​បង្កើត​គណៈ​កម្មការ​នេះ​នៅ​ជាប់​គាំង។​

នៅ​ថ្ងៃសុក្រ​សប្តាហ៍​មុន​ គណបក្ស​ប្រជាន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​ទ្វេ​ភាគី​ដើម្បី​ស្វែងរក​ការ​ទម្លុះ​ទម្លាយ​ភាព​ទាល់ច្រក​ក្នុង​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះ​នេះ។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថយ​ក្រោយ​មួយ​ជំហាន​ ដោយ​បាន​ទម្លាក់​ការ​ទាមទារ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ធ្វើជា​អាជ្ញា​កណ្តាល​ មកត្រឹមតែ​ទាមទារ​ឲ្យ​មាន​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​វិញ។​ ប៉ុន្តែគណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​បាន​ឯកភាព​គ្នា​ជា​ផ្លូវការ​លើ​ចំណុច​ណាមួយ​នៅឡើយ​ទេ​ ដោយ​ទុក​ឲ្យ​មេដឹកនាំ​គណបក្ស​រៀងៗ​ខ្លួន​ពិនិត្យ​ និង​សម្រេច​ទាំង​លើ​អ្នក​សង្កេត​ការណ៍​ពី​អង្គការ​សហ​ប្រជាជាតិ ​ទាំង​អំពី​សមាសភាព​មកពី​មន្ត្រី​អង្គការ​ជាតិ​ និង​អន្តរជាតិ​ ហើយ​រហូតមក​ទល់​ពេល​នេះ​ គណបក្ស​កាន់​អំណាច​មិន​ទាន់​ផ្តល់​ចម្លើយ​ដល់​គណបក្ស​ជំទាស់​នៅ​ឡើយ​ទេ។​

លោក​ទេព នីថា​បញ្ជាក់​បន្ថែម​ថា ​មក​ទល់​ពេលនេះ​ហួស​ពេល​នឹង​បង្កើត​គណៈ​កម្មការ​ចម្រុះ​នេះ​ ហើយ​ក៏ហួស​ពេល​ស្រាវជ្រាវ​បន្ថែម​លើភាព​មិន​ប្រក្រតី​នោះ​ហើយ។​
លោក​និយាយថា៖​ «តាមអំណាច​របស់គ.ជ.ប.​ ដូច​ជា​ហួស​ពេល​វេលា​ដែល​ត្រូវ​ធ្វើការ​បង្កើត​ ឬ​ការ​ស្រាវជ្រាវ​អ្វីទៀត​ហើយ»។​

តាម​គម្រោង​គណៈ​កម្មការ​ចម្រុះ​ត្រីភាគី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​និង​គ.ជ.ប.​នេះ​នឹង​មាន​សមត្ថ​កិច្ច​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​និង​ដោះស្រាយ​ភាព​មិនប្រក្រតី​នៃ​ការ​បោះឆ្នោត​ជាមុន​ ទើប​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​បណ្តោះ​អាសន្ន​ជំហាន​ដំបូង។​

ក៏ប៉ុន្តែ​គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​ឆ្នោត​កាល​ពី​ថ្ងៃច័ន្ទ​ ដោយ​ពុំបាន​រង់ចាំ​គណៈ​កម្មការ​នេះទេ។​ លោក​ទេព នីថា​មាន​ប្រសាសន៍​ថា​ គ.ជ.ប.​មាន​ពេល​វេលា​កំហិត​ដែល​ត្រូវ​បំពេញ។​

ដោយឡែក​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​មិនទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ​ ​ដោយសារ​អវត្ត​មាន​របស់​គណៈ​កម្មការ​ចម្រុះខាង​លើ​ ហើយ​គណបក្ស​ជំទាស់​ព្រមាន​ថា​ ចលនា​មហាជន​អាច​នឹង​ធ្វើ​មហា​បាតុកម្មប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នេះ។​

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​គណបក្ស​របស់​លោក​នៅ​តែ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ឡើយ។​
លោក​និយាយថា៖​ ​«នៅតែ​ជំរុញឲ្យ​បង្កើតគណៈ​កម្មការ​ពិសេស​ដើម្បី​ធ្វើការ​ពិនិត្យ​លើភាព​មិន​ប្រក្រតី។​ បញ្ហា​គឺ​មក​ពី​គ.ជ.ប. ​ដូច្នេះ​គ.ជ.ប.​ ចង់​និយាយ​ម៉េច​ជារឿង​គ.ជ.ប.។​ យើង​មិន​ចង់​ជជែក​ពីរឿង​គ.ជ.ប.​ទេ»។​

លោក​យឹម សុវណ្ណ​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះជាតិ​បាន​ត្រៀម​សម្រាប់​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​រួចរាល់​ហើយ​ ដោយ​បាន​រៀបចំ​សមាស​ភាព​ទុកជា​មុន​រួច​ជាស្រេច។​
វីអូអេ​បានព្យាយាម​ទាក់ទង​លោកជាម យៀប​ ប្រធាន​ក្រុម​ចរចា​អំពី​សមាសភាព​គណៈ​កម្មការ​នេះមក​ពី​ខាង​គណ​បក្សប្រជាជន​កម្ពុជា​ដើម្បី​សេចក្តី​បំភ្លឺ យ៉ាងណា​ក៏ដោយ​ វីអូអេមិន​អាច​ទាក់ទង​បាន​ទេ នៅថ្ងៃនេះ​ ដោយ​សារ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល។​

លោក​ទេព នីថា​បញ្ជាក់​ថា​ ក្នុង​ពេលនេះ​ប្រសិន​បើ​គណបក្ស​ជំទាស់​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ គណបក្ស​នេះ​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្តឹង​ក្នុង​រយៈ​ពេល​៧២​ម៉ោង​ ដោយ​ចាប់រាប់​ពីថ្ងៃ​ម្សិលមិញ។​

លោក​បញ្ជាក់ថា ​ប្រសិន​បើ​គ្មាន​បណ្តឹង​ពី​គណបក្ស​ជំទាស់​នោះ​ទេ ​នោះ​គ.ជ.ប.​នឹង​ធ្វើការ​ប្រកាស​ពី​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​និមួយ​នៅ​ក្នុង​សប្តាហ៍​នេះ៕​