វ៉ាស៊ីនតោន៖ ក្រសួងមហាផ្ទៃនិងមេដឹកនាំគណបក្សជំទាស់គ្រោងជួបប្រជុំគ្នានៅសប្តាហ៍នេះ ទាក់ទងនឹងសំណើសុំផ្លាស់ប្តូរថ្នាក់ដឹកនាំគណៈកម្មការជាតិរៀបចំការបោះឆ្នោត។
ក្រសួងមហាផ្ទៃបានព្រមទទួលជួបក្រុមមេដឹកនាំគណបក្សជំទាស់ដើម្បីពិភាក្សាលើសំណើសុំផ្លាស់ប្តូរសមាភាពដឹកនាំគណៈកម្មការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ដែលមន្ត្រីគណបក្សជំទាស់ជឿថា ការធ្វើរបៀបនោះអាចធ្វើឲ្យការបោះឆ្នោតនៅពេលខាងមុខមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ។
មេដឹកនាំគណបក្សជំទាស់ទាំងពីរគឺលោកគង់ គាំ អនុប្រធានគណបក្សសម រង្ស៉ី និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានស្នើឲ្យមានការផ្លាស់ប្តូរសមាភាពគ.ជ.ប.និងកែប្រែនីតិវិធីសម្រាប់ការបោះឆ្នោត។ សំណើនេះធ្វើទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន ក្នុងពេលក្រសួងនេះត្រូវរៀបចំសមាសភាពគ.ជ.ប.សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ដាក់ជូនទៅគណៈរដ្ឋមន្ត្រី រួចបន្តទៅសភាដើម្បីពិភាក្សាអនុម័ត។ នេះបើតាមការអះអាងរបស់លោកកឹម សុខា៖
«ឥឡូវថ្ងៃនេះ យើងទទួលលិខិតឆ្លើយតបពីក្រសួងមហាផ្ទៃមកវិញ គឺឯកឧត្តមព្រំ សុខានឹងជួបជាមួយថ្នាក់ដឹកនាំយើង»។
បើតាមលិខិតចុះថ្ងៃ១៨ខែកញ្ញារបស់លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃមួយរូប បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រីស ខេងបានប្រគល់ភារកិច្ចជូនលោកព្រំ សុខា រដ្ឋលេខាក្រសួងមហាផ្ទៃដើម្បីទទួលជួបពិភាក្សាជាមួយតំណាងគណបក្ស សម រង្ស៉ីពីររូបនិងតំណាងគណបក្សសិទ្ធិមនុស្ស២រូបនៅម៉ោង៩ព្រឹកថ្ងៃទី២០ខែកញ្ញា នៅក្រសួងមហាផ្ទៃ។
លោកកឹម សុខាអះអាងថា ការជួបនេះគឺចង់បានការយល់ព្រមពីក្រសួងមហាផ្ទៃថា សមាសភាពថ្នាក់ជាតិនៃគ.ជ.ប.ត្រូវតែទទួលយល់ព្រមរួមគ្មានការជំទាស់ដោយគណបក្សជំទាស់ ហើយសម្រាប់គ.ជ.ប.ថ្នាក់មូលដ្ឋានវិញគឺត្រូវមានសមាភាពមកពីចម្រុះគណបក្សនយោបាយ បន្ថែមពីលើនីតិវិធីនានាដែលបានស្នើក្នុងឯកសារដាក់ជូនក្រសួងមហាផ្ទៃរួចហើយកាលពីថ្ងៃទី១៣ខែកញ្ញានោះ។
«យើងទៅនិយាយប្រាប់បរទេសសុំឲ្យដូរគ.ជ.ប. គាត់ថា យើងទៅពឹងតែបរទេស។ ឥឡូវយើងងាកមកនិយាយជាមួយខ្មែរគ្នាឯងម្តង។ បើខ្មែរគ្នាឯងមិនយល់គ្នា មិនគិតគ្នាអាហ្នឹង ថ្ងៃក្រោយកុំថា គេទៅរកបរទេស។ អញ្ចឹងហើយបានជាយើងចង់ជួបជាមួយក្រសួងមហាផ្ទៃដើម្បីជជែកគ្នា»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៉ី បានបង្ហាញពីការសាទរ ដែលក្រសួងមហាផ្ទៃបានយល់ព្រមឲ្យមានការពិភាក្សគ្នាដើម្បីដោះស្រាយបញ្ហាដែលបង្កឲ្យមានភាពស្មុគស្មាញក្នុងពេលបោះឆ្នោតកន្លងមក។
«នេះជាជំហ៊ានវិជ្ជមានទីមួយ បង្កើតឲ្យមានវប្បធម៌ជជែកគ្នា។ តែសុំឲ្យធ្វើម៉េចដើម្បីទទួលយកបទពិសោធន៍កន្លងមក។ បញ្ហាលំបាកកន្លងមកដែលយើងជួបប្រទះហ្នឹង គឺដោយសារភាពមិនឯករាជ្យ មិនអព្យាក្រិត្យភាពរបស់គ.ជ.ប.ហ្នឹង។ វាធ្វើឲ្យការបោះឆ្នោតហ្នឹងមានបញ្ហា។ អញ្ចឹងយើងសុំឲ្យគ.ជ.ប. សុំឲ្យក្រសួងមហាផ្ទៃហ្នឹងពិនិត្យជាមួយគ្នាតែម្តង»។
លោកយឹម សុវណ្ណបានអះអាងដែរថា មានភាពមិនប្រក្រតីច្រើននិងភាពស្មុគស្មាញដែលកើតឡើងនៅក្នុងការបោះឆ្នោតទាក់ទងនឹងការបាត់ឈ្មោះពីបញ្ជីចុះឈ្មោះ ការធ្លាក់ចុះនៃចំនួនអ្នកបោះឆ្នោតជាដើម ដែលសូម្បីតែមន្ត្រីអ.ស.ប. ក៏មើលឃើញថា គួរតែកែតម្រូវយន្តការបោះឆ្នោតនេះដើម្បីឲ្យមានការបោះឆ្នោតសេរី យុត្តិធម៌ ត្រឹមត្រូវ។
របាយការណ៍ចុងក្រោយរបស់លោកស៊ូយ៉ា ស៊ូបេឌី អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីចុងខែសីហាបានអះអាងថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាមានបញ្ហាឆ្គាំឆ្គងច្រើនផ្នែករដ្ឋបាល ដែលមន្ត្រីរាជការមានសកម្មភាពសកម្មខាងនយោបាយ មានការបំភិតបំភ័យ លើសកម្មជនគណបក្សនយោបាយ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដើម្បីចូលរួមប្រតិបត្តិការឃោសនា ឬសកម្មភាពនយោបាយមានការប្រើប្រាស់ប្រព័ន្ធឃោសនាមិនស្មើភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យ និងសកម្មភាពផ្សេងៗទៀតដែលធ្វើឲ្យបាត់ជំនឿពីអ្នកបោះឆ្នោត។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាសកលនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣នេះ។
គណបក្សសង្គ្រោះជាតិដែលមានលោកសម រង្ស៉ី ជាប្រធាន និងលោកកឹម សុខាជាអនុប្រធានត្រូវគេចាត់ទុកថា ជាកម្លាំងនយោបាយថ្មីមួយដែលត្រូវប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ៕