កម្ពុជាគ្រោង​ផ្លាស់ប្ដូរ​ក្បាល​ម៉ាស៊ីន​កងទ័ព​មុន​ការ​បោះឆ្នោត​ដោយ​ដាក់​មនុស្ស​ជំនិត​របស់​លោក​ ហ៊ុន សែន

លោក ប៉ុល សារឿន និងលោក សៅ សុខា មាន​វត្តមាន​រួម​ក្នុង​ពិធី​មួយ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ រាជធានី​ភ្នំពេញ ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ២០១៧ ​កន្លង​ទៅ។ ​ (អូន ឆេងប៉រ/VOA)

នៅ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​ខិត​ជិត​មក​ដល់​ កង​យោធពល​ខេមរភូមិន្ទ​គ្រោង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ា​ស៊ី​ន​ដឹក​នាំ​ដោយ​យ៉ាង​ហោច​ណាស់​មាន​ឧត្ដមសេនីយ៍​បីរូប​ជា​មេបញ្ជាការ​ជាន់​ខ្ពស់ កំពុង​ត្រៀម​លក្ខណៈ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច។

កម្ពុជា​គ្រោង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ​និង​ផ្ទេរ​ភារកិច្ច​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​កងយោធពល​ខេមរ​ភូមិន្ទ ដែល​នឹង​បើក​ផ្លូវ​ឱ្យ​មនុស្ស​ជំនិត​និង​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ឈាន​ទៅ​គ្រប់​គ្រង​កង​ទ័ព​ជាតិ នៅ​អំឡុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា។​

​លោក​ ប៉ុល សារឿន​ អគ្គមេបញ្ជាការ​កងយោធពល​ខេមរ​ភូមិន្ទ លោក​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ មាស សុភា​ និង​លោក ​គន់ គីម​ នាយសេនាធិការ​ចម្រុះ​របស់​កងយោធពល​ខេមរ​ភូមិន្ទ​នឹង​ត្រូវ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ ឈរ​ឈ្មោះ​លើ​គេ​ក្នុង​បញ្ជី​បេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា​រៀងៗ​ខ្លួន​នៅ​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​មណ្ឌល​ខេត្ត​ព្រះ​វិហារ ​និង​មណ្ឌល​ខេត្ត​ឧត្ដរ​មានជ័យ​ ដែល​ការណ៍​នេះ​តម្រូវ​ឱ្យ​ឧត្ដមសេនីយ៍​ទាំង​បី​រូប​លាលែង​ ឬ​ផ្ទេរ​ភារកិច្ច​របស់​ខ្លួន។ នេះបើ​យោង​តាម​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា។

សារ​ព័ត៌មាន​ដើម​អំពិល​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ដោយ​បាន​ស្រង់​សម្ដី​ប្រភព​ពី​ក្នុង​ក្រសួង​ការពារជាតិ​ថា ​លោក​ សៅ សុខា​ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ នឹង​ទៅ​ទទួល​តំណែង​លោក ប៉ុល សារឿន ជា​អគ្គ​មេបញ្ជាការ​ស្ដីទី ហើយ​លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​លោក ហ៊ុន សែន នឹង​ទទួល​តំណែង​ស្ដីទី​លើតួ​នាទី​របស់​លោក​ គន់ គីម​ និង​លោក​ មាស សុភា​ ​នៅ​នាយសេនាធិការដ្ឋាន​ចម្រុះ​ និង​បញ្ជាការ​ដ្ឋានកង​ទ័ព​ជើង​គោក។

​ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ លោក​ ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ បាន​ស្ដី​បន្ទោស​ចំពោះ​ការ​ចេញ​ផ្សាយ​ព័ត៌មាន​នា​ពេល​កន្លង​មក​អំពី​ការ​ចាត់​តាំង ​ដែល​គេ​ឃើញ​មាន​ហត្ថលេខា​របស់​លោក។ ​យ៉ាងណា​ក៏​ដោយ​ លោក​រដ្ឋ​មន្ត្រី​រូប​នេះ​មិន​បាន​បដិសេធ​ថា ការ​ចាត់​តាំង​ខាង​លើ​មាន​ភាព​ជាក់​ស្ដែង​ឬ​យ៉ាង​ណា។

លោក គន់ គីម ថ្លែង​ក្នុង​ពិធី​បុណ្យ​សាសនា​មួយ​ នៅ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្ដរមានជ័យ ​កាល​ពី​ចុង​ខែឧសភា​ ឆ្នាំ២០១៦ ​កន្លងមក។ ​(អូន ឆេងប៉រ/VOA)

​នៅ​ពេល​ត្រូវ​បាន​សួរ​បញ្ជាក់​ថា​លោក ​សៅ សុខា​ និង​លោក​ ហ៊ុន ម៉ាណែត ​ត្រូវ​ទៅ​កាន់​តួ​នាទី​កំពូល​កង​ទ័ព​ជា​បណ្ដោះ​អាសន្ន​ឬ​យ៉ាង​ណា​ លោក​ ទៀ បាញ់​ បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​នឹង​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣០​ ខែមិថុនា​ខាង​មុខ។

លោក​ ទៀ បាញ់​ រដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ ​VOA​ ​យ៉ាង​ដូច្នេះ​ថា៖​

«គេ​សុំ​ច្បាប់​ពិសេស ឬ​ដែល​គេអាច​ទៅ​ធ្វើ​ជា​តំណាង​រាស្ត្រ ឬ​ជាស្អី អាហ្នឹង​វាជា​រឿង​ធម្មតា​ទេ ពី​ព្រោះ​គេសុំ​ច្បាប់​ពិសេស។​ អ៊ីចឹង​ទេ​អា​ច្បាប់​ពិសេស​ហ្នឹង​វា​ចូល​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​[ទី]៣០[ខែមិថុនា]​នោះ​ម្ល៉េះ តែ​ចូល​ជាធរ​មាន​ហើយ ​គឺវា​ច្បាស់​ណាស់ គឺ​ត្រូវ​តែ​មាន​ការ​ប្រគល់​ភារកិច្ច​ឱ្យ​អ្នក​ណា​ទទួល​ស្អី​ជំនួស ក្នុង​រយៈពេល​ដែល​បងៗ​មួយ​ចំនួន ទៅ​ធ្វើ​ទទួល​ច្បាប់​ពិសេស។ អ៊ីចឹង​ទេ​រឿង​ហ្នឹង​ជា​រឿង​ធម្មតា​មួយ គ្មាន​ស្អី​ដែល​វាចម្លែកទេ។ កន្លែង​ខ្លះ​វា​ហាក់​ដូចជា​ផ្អើល​ឈូឆរ​ឯណាឯណី។​ ​ធម្មតា​អាហ្នឹង​ ​អ្នក​ដែល​វា​កន្លែង​ហ្នឹង​ ​មាន​អ្នក​ស្អី​គឺ​ត្រូវ​តែ​មាន​អ្នក​ទទួល​ភារកិច្ច»។

ច្បាប់​ចម្លង​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​មាន​ហត្ថ​លេខា​លោក ទៀ បាញ់ តែ​មិន​ទាន់​ចុះ​ថ្ងៃ​ខែ និង​ដែល​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​ដោយ​សារ​ព័ត៌មាន​ដើម​អំពិល បាន​បង្ហាញ​ថា រដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិ​បាន​ចាត់​តាំង​លោក សៅ សុខា ជាអគ្គមេបញ្ជាការ​ស្ដីទី​នៃ​កងយុទ្ធពលខេមរ​ភូមិ​ន្ទ។

លោក​ សៅ សុខា មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​កង​កម្លាំង​កងរាជ​អាវុធ​ហត្ថ ជា​ពិសេស​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​កណ្ដាល​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៧មក ដែល​ឈាន​ទៅ​ដល់​ការ​ផាត់​ចេញ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​ទី​មួយ របស់​ព្រះ​អង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​អ្នក​ស្មោះ​ត្រង់​នឹង​ទ្រង់។

ការ​ថ្លែង​ម្ដង​ក្នុង​ឆ្នាំ​២០១៥​ ថា​ លោក​បាន​រៀន​សូត្រ​ពី​តាក់ទិច​នៃ​ការ​គ្រប់​គ្រង​កង​កម្លាំង ពី​មេ​ដឹក​នាំ​ណា​ស៊ី​អាឡឺម៉ង់ បាន​នាំ​ឱ្យ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដល់​លោក ​សៅ សុខា នាគ្រា​នោះ​ពី​សំណាក់​បណ្តា​អ្នក​ការទូត​លោក​ខាង​លិច និង​រហូត​ដល់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ទាមទារ​ឱ្យ​មាន​ការដក​តំណែង​លោក​ទៀត​ផង។

លោក​ សៅ សុខា​ កាលពី​ពេល​ថ្មីៗ​នេះ​ ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ចាត់​តាំង​ឱ្យ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ។

ដោយ​ឡែក​ លោក​ ហ៊ុន ម៉ាណែត​ ដែល​ធ្លាប់​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​វិជ្ជាជីវៈ​យោធា​អាមេរិក​ West Point​ ក៏​បាន​បង្ហាញ​នូវ​តួ​នាទី​កាន់​តែ​ធំ​ឡើង​របស់​លោក ទាំង​ក្នុង​ឆាក​នយោបាយ​ និង​ទាំង​ក្នុង​ជួរ​យោធា។ ថ្មីៗ​នេះ​លោក​បាន​ធ្វើ​ជា​តំណាង​ឱ្យ​ឪពុក​របស់​លោក​ ធ្វើ​ដំណើរ​ទៅ​ជួប​ថ្នាក់​ដឹក​នាំ​នយោបាយ​ជប៉ុន រួម​ទាំង​នាយក​រដ្ឋ​មន្ត្រី​ Shinzu Abe ផង​ដែរ ទី​ដែល​លោក​ទទួល​បាន​ការ​ធានា​ពី​ការ​បន្ត​ផ្ដល់​ជំនួយ​របស់​ជប៉ុន​ដល់​ការ​បោះ​ឆ្នោត​ខែ​កក្កដា។

​VOA​ ​បាន​ព្យាយាម​ទាក់​ទងសុំការ​អត្ថាធិប្បាយ​ពី​លោក សៅ សុខា តែ​លោក​បាន​និយាយ​ថា ​លោក​ជាប់​ប្រជុំ ដោយ​ឡែកការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត បាន​រោទិ៍​តែ​ពុំ​មាន​អ្នក​ទទួល។

រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែងនៅក្នុងកម្មវិធីប្រកួតកីឡាមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​សម្លឹង​រក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ខាង​មុខ ខណៈ​ដែល​គូ​ប្រជែង​ចម្បង​របស់​ខ្លួន​នា​ពេល​កន្លង​មក គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​កន្លង​ទៅ ដែល​នាំ​ឱ្យ​បណ្ដា​ប្រទេស​បស្ចិម​លោក​មួយ​ចំនួន ចោទ​សួរ​អំពី​គុណភាព និង​ភាពស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​លើក​នេះ។

លោក ហ៊ុន ម៉ាណែត ទើប​បាន​បិទ​បញ្ចប់​ទស្សនកិច្ច​កម្រិត​ខ្ពស់​មួយ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ទី​ដែល​លោក​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ Lee Hsien Loong អតីត​នាយក​រដ្ឋ​មន្ត្រី​ Goh Chok Tong និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ NG Eng Hen។​

លោក​ អៀ សុផល​ អ្នក​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​មហាវិទ្យា​ល័យ Occidental នៅ​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា​ លោក​មិន​សូវ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ​ចំពោះ​ការរុះរើ​ក្បាល​ម៉ា​ស៊ី​ន​កង​ទ័ព​លើក​នេះ។

​លោក​បាន​ប្រាប់​ ​VOA​ ​តាម​សារអាឡិចត្រូនិកជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«វាគឺ​ជាការ​រាំឆ្លាស់​ប្ដូរ​កៅអី។​ ពួក​គាត់​គឺជា​អ្នក​ដែល​បាន​កាន់​តំណែង​នេះ​ជា​យូរ​លង់​ណាស់​មក​ហើយ ហើយ​ពួក​គាត់​គ្រាន់​តែ​ដោះ​ឯកសណ្ឋាន​យោធា​ចេញ​ហើយ​ពាក់សម្លៀក​បំពាក់​រដ្ឋសភាតែ​ប៉ុណ្ណោះ»។

លោក​ Paul Chambers​ សាស្ត្រាចារ្យ​សាកលវិទ្យា​ល័យ​នរេសូរ​ ប្រទេស​ថៃ​ ​ដែល​សិក្សា​អំពី​សេដ្ឋកិច្ច​នយោបាយ​នៃ​ស្ថាប័ន​យោធា​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​មើល​ឃើញ​ការ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ា​ស៊ី​ន​ដឹក​នាំ​នៃ​កង​ទ័ព​កម្ពុជា​អំឡុង​ការ​បោះ​ឆ្នោត​នេះ​ជា​ការ​ពង្រឹង​ការ​គ្រប់​គ្រង​លើ​ជួរ​យោធា​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្ត្រី តទល់​នឹង​ការ​ជំទាស់​ប្រឆាំង​នានា​ទាំង​ក្នុង​និង​ក្រៅ​គណបក្ស​កាន់​អំណាច។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​ប្រាប់​ ​VOA​ តាម​សារអាឡិចត្រូនិក​ជា​ភាសា​អង់គ្លេស​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«យើង​អាច​ឃើញ​ការរុះរើ​នេះ​ថា​ជា​ការ​តម្លើង​នូវ​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​ដែល​ប្រកប​ដោយ​យុវភាព​ទៅ​លើជួរ​យោធា ហើយ​ក៏​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រីក​ការ​គ្រប់គ្រង​ផ្ទាល់​ខ្លួន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​លើ​ស្ថាប័ន​មួយ​នេះ នៅ​ចំពោះ​មុខ​ការ​កើន​ឡើង​នូវ​សំឡេង​ជំទាស់​នឹង​លោក»។

​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា ការណ៍​ដែល​គណ​បក្ស​កាន់​អំណាច​ដាក់​ឧត្ដមសេនីយ៍​ជា​ថ្នាក់​ដឹកនាំ​កង​ទ័ព​ជា​បេក្ខជន​តំណាងរាស្ត្រ ដោយ​សារការ​មើល​ឃើញ​អំពី​ស្នា​ដៃ និង​ភាពសកម្ម​របស់​ពួក​គាត់​ក្នុង​ការ​ចេញ​ទៅ​ប្រាស្រ័យ​ទាក់​ទងជា​មួយ​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​តាម​មូលដ្ឋាន ហើយ​លោក​ថា​លេខ​រៀង​ដំបូង​នៅ​មណ្ឌល​ទាំង​បី​ដែល​ឧត្ដមសេនីយ៍​ទាំង​បីឈរ​ឈ្មោះ មុខ​ជា​នឹង​ធ្វើ​ឱ្យ​ពួក​លោក​ជាប់​ឆ្នោត​មិន​ខាន។

សមាជិក​ព្រឹទ្ធសភារូប​នេះ​បាន​ប្រាប់ ​VOA ​យ៉ាង​ដូច្នេះ​ថា៖​

«អាហ្នឹង​វាជា​រឿង​ធម្មតា​ទេ។ ប្អូន​ត្រូវ​យល់​ថា ការ​បោះ​ឆ្នោត​យក​គណបក្ស​ជា​តួឯក​ក៏​ពិត​មែន ប៉ុន្តែ​វា​ក៏​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​បេក្ខជន​ម្នាក់​ៗ​ដែល​មាន​ស្នា​ដៃ​នៅ​តាម​មូលដ្ឋាន»។

លោក សុខ ឥសាន ក៏​បាន​បន្ថែម​ដែរ​ថា​ នឹង​មាន​ការ​ពិចារណា​ជា​បន្ត​ទៀត​ បើ​សិន​ជា​លោក​ឧត្ដមសេនីយ៍​ទាំង​បីរូប​ជាប់​ឆ្នោត​ជា​សមាជិក​រដ្ឋសភា​អំពី​ការ​រៀបចំ​តំណែង​ថា ​ពួក​គាត់​ត្រូវ​អង្គុយ​ក្នុង​រដ្ឋសភា ឬ​ត្រឡប់​ទៅ​អង្គភាព​ដើម​វិញ៕