បណ្តាញព័ត៌មាន Reuters បានផ្សាយនៅថ្ងៃពុធ ទី ២០ ខែកក្កដា ឆ្នាំ ២០១៦ នេះថា យោធាប្រទេសកម្ពុជាកំពុងធ្វើការស៊ើបអង្កេតលើគម្រោងរដ្ឋប្រហារដែលមានការសង្ស័យមួយប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីក្រសួងការពារជាតិមួយរូបនៅថ្ងៃពុធនេះ ខណៈពេលដែលមានភាពតានតឹងផ្នែកនយោបាយកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា។
ការស៊ើបអង្កេតរបស់យោធានេះផ្តោតលើបុរសម្នាក់ ដែលបានប្រកាសរៀបចំគម្រោងទំលាក់លោក ហ៊ុន សែន នៅក្នុងបណ្តាញសង្គម Facebook និង Youtube និងបានអំពាវនាវឲ្យអ្នកផ្សេងទៀតចូលរួមនៅក្នុងគម្រោងនេះ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានប្រាប់បណ្តាយព័ត៌មាន Reuters ថា៖ «អាជ្ញាធរកំពុងតែស៊ើបអង្កេត និងស្វែងរកចាប់ខ្លួនបុរសនោះហើយ»។ លោកបានបញ្ជាក់អត្តសញ្ញាណបុរសនោះថាឈ្មោះ សំ វិជ្ជា ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
ដំណឹងអំពីគម្រោងធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះកើតឡើងមួយថ្ងៃក្រោយបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកជំរុញឲ្យដៃគូជម្លោះនយោបាយនៅក្នុងប្រទេសកម្ពុជាត្រឡប់មកកាន់តុចរចារវិញ ស្របពេលដែលស្ថានការណ៍នយោបាយកំពុងតែ អាប់អូរនោះ។
នៅក្នុងវីដេអូដែលបានបង្ហោះនោះ បុរសដែលក្រសួងការពារជាតិបានបញ្ជាក់ថាឈ្មោះ សំ វិជ្ជា នេះ បានចោទប្រកាន់រដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សប្រជាជាជនរបស់លោក ថានៅពីក្រោយការដណ្តើមយកដីទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា និងបានចោទប្រកាន់រដ្ឋាភិបាលលោក ហ៊ុន សែន អំពីការរំលោភសិទ្ធិមនុស្សផងដែរ។
បុរសនោះបានអំពាវនាវឲ្យកងកម្លាំងទាំងអស់ត្រៀមខ្លួនប្រឆាំងនឹងរបបផ្តាច់ការនៅពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងវីដេអូនោះ បុរសនេះមិនបានបញ្ជាក់ថាខ្លួនអំពាវនាវឲ្យមានការធ្វើរដ្ឋប្រហារ ឬក៏ គំរាមកំហែងរៀបចំធ្វើរដ្ឋប្រហារនោះទេ។ គេក៏មិនច្បាស់ថាតើបុរសនោះ និយាយពីកន្លែងណានោះដែរ ប៉ុន្តែគ្រាន់តែដឹងថា បុរសនោះបានបញ្ជាក់ថា គាត់ស្ថិតក្នុងក្រុមមួយនៅភាគនិរតីប្រទេសកម្ពុជា៕