កម្មករខ្មែរច្រើនពាន់នាក់នៅកូរ៉េខាងត្បូង និងសកម្មជនគណបក្សសង្គ្រោះជាតិពីប្រទេសនានាដឹកនាំដោយលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សនេះបានជួបជំុគ្នានៅទីក្រុងក្វាងជូ នៅកូរ៉េខាងត្បូងកាន់ភ្លើងទៀន និងក្រវីទង់ជាតិខ្មែរ និងទង់ជាតិកូរ៉េខាងត្បូង កាលពីយប់ថ្ងៃសុក្រនិងថ្ងៃសៅរ៍នេះ។
ក្រោយពីបានចូលរួមសន្នីសីទស្តីពីសន្តិភាព និងសិទ្ធិមនុស្សនៅអាស៊ី ដែលរៀបចំដោយអង្គការវេទិកាសិទ្ធិមនុស្សនិងសន្តិភាពអាស៊ី Asia Human Rights Peace Forum ក្នុងទីក្រុងក្វាងជូ ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃសុក្រ លោកសម រង្ស៊ី បានបង្ហាញក្តីសង្ឃឹមថា លោកនឹងសម្រេចផែនការរំដោះប្រទេសចេញពីការត្រួតត្រារបស់លោក ហ៊ុន សែន ដើម្បីនាំយកយុត្តិធម៌ សេរីភាពនិងការរីកចម្រើនជូនពលរដ្ឋខ្មែរ។
បាតុកម្មភ្លើងទៀន ដែលអ្នកខ្លះហៅកម្មករភ្លើងទៀននេះ ទាមទារឲ្យមានការស្តារប្រជាធិបតេយ្យនៅកម្ពុជានិងដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
អ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលភាគច្រើនគាំទ្រលោកសម រង្ស៊ី អ្នកវិភាគ និងក្រុមសង្គមស៊ីវិល ក៏បានធ្វើសមាជអ្នកប្រជាធិបតេយ្យផងដែរ៕