សមាជិក​សភា​កម្ពុជា​ប្រទះ​សម្តី​គ្នា​ក្នុង​ពេល​បើក​សម័យ​ប្រជុំ​រដ្ឋសភា

លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​និង​ជា​អនុប្រធាន​ចលនា​សង្គ្រោះ​ជាតិ

ភ្នំពេញ៖ មានការ​ប៉ះទង្គិច​ពាក្យ​សម្តី​រវាង​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​ជាមួយ​នឹង​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​តឹងតែង​នៅ​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃ​ពុធ​នេះ​ដែល​ធ្វើ​ឲ្យ​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​ដើរ​ចេញពី​កិច្ចប្រជុំ​ដែល​កំពុង​ដំណើរការ។
រដ្ឋ​សភា​កម្ពុជា​បាន​បើក​សម័យប្រជុំ​លើក​ទី៩​នីតិ​កាល​ទី៤​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដោយ​មាន​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​នរោត្តម សីហមុនី យាង​បើក​ជា​ផ្លូវការ ប៉ុន្តែ​កិច្ច​ប្រជុំ​បាន​ក្លាយជា​វេទិកា​ឈ្លោះប្រកែក​គ្នា​ប្រកប​ដោយ​ការ​វាយ​ប្រហារ​ពាក្យសម្ដី​ធ្ងន់ៗ បន្ទាប់ពី​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​និង​ជា​អនុប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​អន្តរាគម​លើ​ការពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​ឲ្យ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ការជូនដំណឹង​ជា​បន្ទាន់​ពី​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​និង​អនុសញ្ញា​ស្តីពី​សុវត្ថិភាព​នុយក្លេអ៊ែរ។
លោក កឹម សុខា​ថ្លែង​នៅ​ពេល​នោះ​ថា លោក​ទើប​តែ​មាន​ឱកាស​និយាយ​ក្នុង​កិច្ចប្រជុំ​សភា​ជា​លើក​ដំបូង​បន្ទាប់​ពី​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ហើយ​មិន​ដែល​មាន​សមាជិកសភា​ណា​ដែល​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ក្នុង​កិច្ចប្រជុំ​បែបនេះ​ទេ។
លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​បកស្រាយ​ពី​មូលហេតុ​ដែល​លោក​កឹម សុខា មិនមាន​ឱកាស​និយាយ​ក្នុង​រដ្ឋសភា​ដោយសារ​លោក​មិន​ព្រម​ចូលរួម​ក្នុង​ក្រុម​តំណាងរាស្ដ្រ​ផ្សេង​ដើម្បី​បង្គ្រប់​ចំនួន​បង្កើតជា​ក្រុម​បាន។
យោងតាម​បទបញ្ជា​ផ្ទៃ​ក្នុង​របស់រដ្ឋ​សភា គណបក្ស​ដែលមាន​អសនៈ​ក្នុង​រដ្ឋសភា​ត្រូវ​ចងក្រង​ជា​ក្រុម​ដោយ​មាន​ចំនួន​សមាជិក​តាម​កំណត់​ដើម្បី​អាច​ឡើង​អន្តរាគមន៍​ក្នុង​កិច្ចពិភាក្សា​ច្បាប់​បាន។
ឆ្លៀត​ពេល​នោះ​ដែរ​លោក​ឈាង វុន បាន​ធ្វើការ​វាយប្រហារ​លោក​កឹម សុខា បន្ថែម​ទៀត។
«រហូត​មក​ដល់​ពេល​នេះ ឯកឧត្តម​បាន​ធ្វើ​អ្វីខ្លះ​ដល់​ប្រទេសជាតិ! ឯកឧត្តម​បានធ្វើ​អ្វីខ្លះ! បាន​ស្ពាន ធ្វើ​ថ្នល់ ធ្វើ​អី​គេ! ឥត​មាន​សោះ! ឯកឧត្តម​ខ្ញុំ​សុំ​ឲ្យ​ឯកឧត្តម​និយាយ។ យើង​ទុកពេល​ឲ្យ​ឯកឧត្តម​និយាយ​រហូត​ដល់​ចប់។ ហើយ​ប្រសិន​បើ​ឯកឧត្តម​យក​វេទិកានេះ របៀប​ព្រៃផ្សៃ​ព្នង! របៀប​ព្រៃផ្សៃព្នង អាហ្នឹង​យើង​ធ្វើ​ទៅតាម​ហ្នឹង​ដែរ។ ឯកឧត្តម​បាន​ស្តាប់​ខ្ញុំ​ឬ​នៅ! ឯកឧត្តម​និយាយ​កាត់​ខ្ញុំ​ហ្នឹង គិតថា​ខ្លួន​បាន​ធ្វើ​អ្វីខ្លះ បាន​ផលប្រយោជន៍​អ្វីខ្លះ! សុំ​អរគុណ បើ​ដើរចេញ​ល្អ​ដែរ! វប្បធម៌​របស់​ឯកឧត្តម​ទេ បើ​គេ​និយាយ​មិន​ព្រម​ស្តាប់​ទេគឺ​ដើរចេញ»។
ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​លោក​កឹម សុខា​បាន​ថ្លែង​គាំទ្រ​សេចក្ដីព្រាង​ច្បាប់​ខាងលើ​ និង​រិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​បាន​អំពាវនាវ​ឲ្យ​មាន​ការទទួល​ស្គាល់គ្នារ​វាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង និង​ជជែក​គ្នា​នៅ​ទល់​មុខ​និង​រួបរួម​ក្នុង​ធ្លុង​ជាតិ​តែមួយ។
សមាជិក​សភា​គណបក្ស​សិទ្ធិមនុស្ស​និង​គណបក្ស​សម រង្ស៊ី ដែល​បាន​ព្រមព្រៀង​គ្នា​បង្កើត​គណបក្ស​កូន​កាត់​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ចប្រជុំ​ក្រោម​ការ​វាយ​ប្រហារ​របស់​តំណាងរាស្ដ្រ​បក្ស​ក្តោប​ក្តាប់​អំណាច។
លោក​កឹម សុខា និយាយ​ទៅ​កាន់​អ្នកយក​ព័ត៌មាន​ក្រោយពី​ដើរ​ចេញពី​រដ្ឋសភា​ថា ការ​វាយប្រហារ​គ្នា​នឹង​មិន​អនុ​ញ្ញា​ត​ឲ្យ​មាន​ការ​រួបរួម​ជាតិ​ទេ។
«ដោះស្រាយ​បញ្ហា​ប្រយោជន៍​ជាតិ​ជាធំ​ជាមួយគ្នា រួបរួម​ជាតិ ហើយ​យើង​ឈរលើ​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​រួម​ទាំង​អស់គ្នា នេះ​ជាស​ម្តី​ខ្លឹមសារ​ខ្ញុំ​និយាយ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ខាង​គណបក្ស​កាន់​អំណាច គាត់​បក​មកវិញ​សុទ្ធតែ​ពួកយើង​ពួក​ព្រៃ ពួក​ព្នង មើលងាយ​ដល់​ប្រជាពលរដ្ឋ​ព្នង។ ប្រជាពលរដ្ឋ​ព្នង គាត់​ក៏​ជា​មនុស្ស​ដែរ។ ហើយ​ទាំងអស់គ្នា​ក្រុម​គេ​ហ្នឹង ធ្វើ​មិន​ឲ្យ​ខ្មែរ​រួបរួម​ជាតិ​បាន»។
ដោយឡែក​លោក​យឹម សុវណ្ណ តំណាងរាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី ចាត់​ទុក​ថា​ប្រតិកម្ម​របស់​លោក​ឈាង វុន គឺជា​ការ​មើលងាយ​តំណាងរាស្ដ្រ​គណបក្សជំទាស់។
«សមាជិកសភា​គណបក្ស​ប្រជាជន​មើលងាយ មើល​ងាយ​មើលថោក។ ដូច​បងប្អូន​បាន​ឃើញ​ជ្រាប​ស្រាប់​ហើយ ជា​សាក្សី។ ដៀល​ពួក​យើងខ្ញុំ​ជាព្នង។ ព្នង​នៅ​ក្នុង​ពាក្យ​ហ្នឹង​គឺ​ជា​មនុស្ស​ដែល​ឥត​ចេះ​ដឹង គឺ​ជា​រឿង​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ ដូច្នេះ​ថ្ងៃនេះ​យើង​ដើរ​ចេញ​ដើម្បី​សម្តែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​សភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ព្រមទាំង​សម្តេចប្រធាន​សភា ដែល​មិន​ផ្តល់​យុត្តិធម៌​ក្នុង​នាម​ជា​ប្រធាន​សភា​ឲ្យ​តំណាងរាស្ត្រ​ដែលជា​កូនចៅ​របស់ខ្លួន។ វា​បាន​បង្ហាញ​ឲ្យ​ជាតិ និង​អន្តរជាតិ​ថា សភា​នេះ​ពិតជា​ផ្តាច់ការ​មែនទែន»។
លោក​ឈាង វុន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រៅពី​កិច្ច​ប្រជុំ​សភា​ថា គណបក្ស​ជំទាស់​មាន​គោលដៅ​តែ​មួយ​គត់«គឺ​ប្រឆាំង»។ ដោយឡែក​លោក​ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ធនាគារ​របស់​រដ្ឋសភា និង​លោក​ងួន ញ៉ិល អនុប្រធាន​រដ្ឋសភា​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​ប្រាក់ខែ​ក្រុម​តំណាង​រាស្ដ្រ​គណបក្ស​ប្រឆាំង​ទាំងពីរ។
លោក​កឹម សុខា គ្រោង​នឹង​ជួប​ផ្ទាល់​ជាមួយ​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃនេះ​ក្នុងពេល​ខាងមុខ។ យ៉ាង​ណា​ក៏​ដោយ ការ​ដើរ​ចេញពី​កិច្ចប្រជុំ​របស់​តំណាងរាស្ដ្រ​គណបក្ស​ប្រឆាំង​ទាំងពីរ​មិន​បាន​រារាំង​ការអនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​យល់​ព្រម​ឲ្យ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ការ​ជូន​ដំណឹង​ជាបន្ទាន់​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ និង​សុវត្ថិភាព​នុយក្លេអ៊ែរ​នោះ​ទេ៕