មន្ទីរពិសោធន៍ជីវវេជ្ជសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានវិញ្ញាបនបត្រ ISO 15189 ក្រោយមានការទទួលស្គាល់គុណភាពពីប្រទេសបារាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចេញនៅថ្ងៃទី១៧ ខែធ្នូ និងទើបត្រូវបានចែកចាយឲ្យអ្នកសារព័ត៌មាននាថ្ងៃពុធនេះបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានស្នើសុំវិញ្ញាបនបត្រនេះចាប់តាំងពីខែធ្នូឆ្នាំ២០១៧។ ក្រោយមានការធ្វើសវនកម្មក្នុងខែឧសភាឆ្នាំ២០១៨ «គណៈកម្មាធិការវាយតម្លៃទទួលស្គាល់គុណភាពនៃប្រទេសបារាំង»បានសន្និដ្ឋានថា មន្ទីរពិសោធន៍នេះបានបំពេញលក្ខខណ្ឌស្របតាមតម្រូវការស្តង់ដារ និងសម្រេចផ្តល់នូវការទទួលស្គាល់គុណភាពលើវិសាលភាពជាក់លាក់ ដូចជាជីវគីមី លោហិតសាស្រ្ត សេរ៉ូមសាស្រ្តរកជំងឺឆ្លង និងបាក់តេរីសាស្រ្តសម្រាប់ការធ្វើរោគវិនិច្ឆ័យរកមេរោគរបេងជាដើម។
សេចក្តីប្រកាសព័ត៌មានដដែលនោះសរសេរក្នុងន័យដើមថា៖
«ការទទួលស្គាល់គុណភាពស្របតាមបទដ្ឋានអន្តរជាតិ ISO 15189 បានបង្ហាញពីសមត្ថភាពបច្ចេកទេសនៃមន្ទីរពិសោធន៍ និងប្រតិបត្តិការត្រឹមត្រូវមួយនៅក្នុងមន្ទីរពិសោធន៍មួយនេះ ក្រោមប្រព័ន្ធគ្របគ្រងមួយដ៏សមស្រប»។
មន្ទីរពិសោធន៍ជីវសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាគឺជាគ្រឹះស្ថានមិនរកប្រាក់ចំណេញនៅកម្ពុជា ដែលបង្កើតឡើងនៅឆ្នាំ១៩៥៣ដើម្បីចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យ ការស្រាវជ្រាវ និងការការពារជំងឺឆ្លង។ វាគឺជាមន្ទីរពិសោធន៍ដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ ISO 15189 ពីប្រទេសបារាំង៕