ភ្នំពេញ៖ លោក ម៉ម សូណង់ដូ នាយកស្ថានីយ៍វិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបានញញឹម នៅពេលដែលបានឮប្រធានចៅក្រមជំនុំជម្រះប្រកាសដោះលែងលោកឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោកបានជាប់ពន្ធនាគាររយៈពេលជិត៨ខែ។
លោកឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍ បាននិយាយថា ដោយយល់ឃើញថា លោកម៉ម សូណង់ដូមានវ័យចាស់ជរា ហើយការកាត់ទោសនៅក្នុងសាលាដំបូងក្រុងភ្នំពេញមិនត្រឹមត្រូវ លោកបានកែប្រែបទចោទប្រកាន់លោកម៉ម សូណង់ដូពីបទឧក្រិដ្ឋធំៗចំនួនពីរមកបទចោទបទល្មើសពាក់ព័ន្ធនឹងច្បាប់ព្រៃឈើតែប៉ុណ្ណោះ។
លោកឃុន លាងម៉េងបានប្រកាសផ្តន្ទាទោសលោកម៉ម សូណង់ដូឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំតាមច្បាប់ព្រៃឈើ ក៏ប៉ុន្តែទោសនេះអនុវត្តតែក្នុងរយៈពេលជាប់ពន្ធនាគារចំនួន៨ខែតែប៉ុណ្ណោះ ទោសទាំងប៉ុន្មានត្រូវព្យួរ។ ចំណែកអ្នកទោសពីរនាក់ផ្សេងទៀត រួមមានកាន់សុវណ្ណ និងទូច រាម តុលាការបានកាត់ទោសក្នុងម្នាក់ៗឲ្យជាប់ពន្ធនាគាររយៈពេលពី៣ឆ្នាំដល់៥ឆ្នាំ ក៏ប៉ុន្តែអនុវត្តទោសរយៈពេល១០ខែតែប៉ុណ្ណោះ។
លោកប្រធានចៅក្រមក៏បានដាក់ល័ក្ខខ័ណ្ឌចំនួន៤ដល់លោកម៉ម សូណង់ដូដែលរួមមានត្រូវបង្ហាញមុខចំពោះមុខព្រះរាជអាជ្ញា បើមានការចាំបាច់ ផ្លាស់ប្តូរលំនៅដ្ឋាន និងចេញទៅក្រៅប្រទេសត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាឲ្យបានដឹងជាមុន។
លោកប្រធានចៅក្រមបានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតថា លោកម៉ម សូណង់ដូនឹងត្រូវដោះលែងនៅថ្ងៃទី១៦ខាងមុខនេះ។
«ដោយសារអង្គហេតុហ្នឹងមិនមែនជាអង្គហេតុកុប្បកម្ម ហើយអង្គហេតុហ្នឹងពាក់ព័ន្ធក្នុងការផ្តើមគំនិតក្នុងការញុះញ៉ង់ឲ្យប្រជាពលរដ្ឋហ្នឹងកាប់រានដីព្រៃរបស់រដ្ឋ»។
មុនពេលប្រកាសសាលក្រមលោកម៉ម សូណង់ដូ អាយុ៧២ឆ្នាំស្លៀកពាក់អាវពណ៌ផ្ទៃមេឃដៃខ្លីនិងមានចងក្រវ៉ាត់ក បានលើកដៃសំពះ និងដើរចាប់ដៃក្រុមអ្នកតាមតានក្នុងអង្គសវនាការគ្រប់ៗគ្នាដោយទឹកមុខញញឹម។
លោកម៉ម សូណង់ដូត្រូវបានអនុរក្សពន្ធនាគារបណ្តើរចេញជាមួយអ្នកទោសដ៏ទៃផ្សេងទៀតដោយដៃទាំងពីររបស់លោកមិនបានដាក់ខ្នោះទេ។ លោកថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ក៏ប៉ុន្តែលោកមិនបានធ្វើអត្ថាធិប្បាយអ្វីផ្សេងទៀតទេ ដោយលោករងចាំនៅថ្ងៃស្អែក ពេលលោកត្រូវបានដោះលែងឲ្យមានសេរីភាពសិន។
«បងសូមអរគុណទាំងអស់គ្នាយ៉ាងជ្រាលជ្រៅជាទីបំផុត។ ចាំស្អែកបងមានសេរីភាព។ ឥឡូវបងមិនអាចនិយាយអ្វីបានទេ»។
អាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោកម៉ម សូណង់ដូកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងលោកនាយកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលបានដឹកនាំប្រទេសអស់រយៈពេលជាង៣០ឆ្នាំ។
អ្នកស្រីឌីន ផាន់ណារ៉ា ភរិយាលោកម៉ម សូណង់ដូបាននិយាយប្រាប់ក្រុមអ្នកកាសែត ដោយមានទឹកមុខរីករាយថា អ្នកស្រីសប្បាយចិត្តនិងសូមអរគុណដល់លោកចៅក្រមនៃសាលាឧទ្ធរណ៍ដែលបានព្យួរទោសស្វាម៉ីអ្នកស្រី។
«ចំពោះខ្ញុំ ខ្ញុំសប្បាយចិត្តបានគាត់រួចចេញ ហើយយើងនឹងគិតតទៅទៀត។នេះជារឿងរបស់មេធាវី»។
លោកស សូវ៉ាន មេធាវីការពារក្តីលោកម៉ម សូណង់ដូ បាននិយាយថា លោកយល់ស្របការទម្លាក់ចោលការចោទប្រកាន់លោកម៉ម សូណង់ដូពីបទឧក្រិដ្ឋធំៗ ក៏ប៉ុន្តែលោកនឹងពិចារណាប្តឹងទាស់ចំពោះលោកប្រធានចៅក្រមដែលបានកាត់ទោសកូនក្តីលោកពីបទកាប់បំផ្លាញព្រៃឈើ។
«ការបន្ថែមនេះខ្ញុំមិនពេញចិត្ត ពីព្រោះខុសនឹងគតិច្បាប់ និងនីតិវិធី ពីព្រោះព្រះរាជអាជ្ញាលើកឡើងចុងក្រោយបំផុតដោយគាត់ប្តូរការចោទប្រកាន់។ ព្រៃឈើហ្នឹង មានព្រៃឈើឯណា។ ដីសម្បទានសេដ្ឋកិច្ចខុសគ្នានឹងព្រៃឈើ។ ដូច្នេះខ្ញុំមិនសប្បាយចិត្ត ប៉ុន្តែគេបើកសិទ្ធិទៅសាលាកំពូល យើងនឹងប្តឹងថា មិនមែន៥ឆ្នាំហ្នឹងទេ»។
លោកអំ សំអាត អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ បាននិយាយថា លោកស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ក៏ប៉ុន្តែលោកនៅតែសោកស្តាយលោកម៉ម សូណង់ដូមិនបានប្រព្រឹត្តកំហុសដូចមានការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញទេ។
«ទោះបីជាមានការកាត់តម្រឹមក៏ដោយ ក៏ប៉ុន្តែយើងនៅតែមិនទទួលយកបានដែរនូវការចោទប្រកាន់លោកម៉ម សូណង់ដូនេះ។ ហើយអ្វីដែលសោកស្តាយអ្វីដែលមនុស្សមិនបានប្រព្រឹត្តបទល្មើសត្រូវបានជាប់ពន្ធនាគារហើយនិងជាប់កាតព្វកិច្ចបន្តទៀត»។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បាននិយាយថា ការដោះលែងលោកម៉ម សូណង់ដូមិនមែនជាអំណាចសាលក្រមរបស់សាលាឧទ្ធរណ៍ទេ ក៏ប៉ុន្តែគឺដោយសារមានសម្ពាធជាអន្តរជាតិ ទើបតុលាការអនុវត្តតាម។ លោកបាននិយាយថា សញ្ញានេះនឹងមានភាពវិជ្ជមានដល់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក្នុងការវិលមកកម្ពុជាវិញដើម្បីចូលរួមបោះឆ្នោត។
«រដ្ឋាភិបាលថា ឥឡូវគឺបានធ្វើអ្វីបានច្រើនហើយ សំណូមពរទាំងប៉ុន្មានគឺថាឥឡូវខ្ញុំឈានពីរ បីជំហ៊ានហើយ ដូច្នេះមិនបានទាំងអស់ទេ។ អាហ្នឹងទាល់តែមានការគាបសង្កត់តទៅទៀតបានបាន»។
ក្រុមអ្នកគាំទ្រលោកម៉ម សូណង់ដូ ដែលនៅខាងក្រៅអគារតុលាការ បានដោះលែងចាប និងស្រែកច្រៀងយ៉ាងកងរំពង បន្ទាប់ពីបានឮការប្រកាសបន្ធូរបន្ថយទោសលោកម៉ម សូណង់ដូ។
«កុំឲ្យបរទេសគេឈ្លានពាន ឲ្យខ្មែរនិងខ្មែរចេះសាមគ្គីគ្នា»។
លោកម៉ម សូណង់ដូត្រូវបានសាលាដំបូងក្រុងភ្នំពេញកាលពីខែតុលាឆ្នាំ២០១២កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលគឺប្រមាណ២.៥០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការរកឃើញថា លោកជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់នៅខេត្តក្រចេះ ប្រឆាំងនឹងរដ្ឋាភិបាល៕