សវនាការ​លោក​ម៉ម សូណង់ដូ​បាន​បញ្ចប់​ តែ​មិនទាន់​ចេញ​សាលក្រម​នៅឡើយ​

សវនាការ​លោក​ម៉ម សូណង់ដូ​បាន​បញ្ចប់​ តែ​មិនទាន់​ចេញ​សាលក្រម​នៅឡើយ

ភ្នំពេញ​៖ តុលាការ​ក្រុង​ភ្នំ​ពេញ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បិទ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​ទោស​លើ​សំណុំ​រឿង​ប្រឆាំង​ជំទាស់​នឹង​លោក​ម៉ម ​សូណង់​ដូ​ ប្រធាន​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ​ក៏ប៉ុន្តែ​តុលាការ​មិន​បាន​ប្រកាស​សាល​ក្រម​ភ្លាមៗ​ទេ។​

អ្នក​ស្រី​ សែម ស័ក្ក​កូឡា​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​ បាន​ប្រាប់​អង្គ​សវនាការ​ថា​សាល​ក្រម​ចំពោះ​សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១​ខែ​តុលា​ខាង​មុខ​នេះ។​

តុលាការ​បាន​ប្រើ​ពេល​វេលា​ចំនួន​បី​ថ្ងៃ​កន្លះ​ក្នុង​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ប្រឆាំង​រដ្ឋា​ភិបាល​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

សវនាការ​នេះ​មាន​ជន​ជាប់​ចោទ​ចំនួន​១៤​នាក់​និង​សាក្សី​ប្រមាន​៦០​នាក់​ចំណែកឯ​ភាគី​ដើម​បណ្តឹង​មាន​ចំនួន​១៧​នាក់។​ ជន​ជាប់ចោទ​មាន​វត្តមាន​នៅ​ក្នុង​តុលាការ​តែ​១០​នាក់​ប៉ុណ្ណោះ​ ក្រៅ​ពី​នោះ​តុលាការ​បាន​កាត់​ទោស​កំបាំង​មុខ​ដែល​រួម​មាន​លោក​ប៊ុន រដ្ឋា​ ដែល​សង្ស័យ​ថា ជា​មេ​ខ្លោង​នាំ​ឲ្យ​មាន​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​ខេត្ត​ក្រចេះ​ លោក​ប៊ុន ឆន ​ឪពុក​លោក​ប៊ុន រដ្ឋា​និង​លោក​សុក តុង​ ដែល​កំពុង​លាក់​ខ្លួន​នៅ​កន្លែង​សុវត្តិភាព​នៅ​ឡើយ។​
កាល​ពី​ខែ​ឧសភា​ រដ្ឋា​ភិបាល​ខ្មែរ​បាន​ចុះ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​មួយ​នៅ​ភូមិ​ប្រម៉ា ​ឃុំ​កំពង់​ដំរី ​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ។​ ការ​បង្ក្រាប​នោះ​បាន​បណ្តាល​ឲ្យ​កុមារី​ម្នាក់​ឈ្មោះ​ហេង​ ចាន់​ថា ​អាយុ​១៤​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់។​

រឿង​ការ​បង្ក្រាប​ការ​ចាប់​យក​ដី​ធ្លី​នៅ​ភូមិ​ប្រម៉ា​នេះ​ហើយ​ដែល​ជា​ដើម​ចម​នាំ​ឲ្យ​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ដល់​លោក​ម៉ម សូណង់​ដូ​ និង​ឈាន​ទៅ​ការ​កោះ​ហៅ​លោក​ចាន់​ សាវ៉េត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​ដ៏​លេច​ធ្លោ​មួយ​ថា​ បាន​ផ្តល់​ជំនួយ​ដល់​ចារី។​

ចារី​ដែល​លោក​ចាន់ សាវ៉េត​បាន​ជួយ​ក្រោយ​ពី​ការ​បង្ក្រាប​កាល​ពី​ខែ​ឧសភា​ក្នុង​ខេត្ត​ក្រចេះ​នោះ​គឺ​លោក​ម៉ា ឆាង ​ជា​ជន​ជាប់​ចោទ​មួយ​រូប​ក្នុង​ចំណោម​៥​រូប​ដែល​បាន​ចេញ​មក​សារភាព​ជាមួយ​រដ្ឋា​ភិបាល។​

នៅ​ក្នុង​សវនាការ​ថ្ងៃចុង​ក្រោយ​នេះមាន​ការ​ជជែក​យ៉ាង​តិង​តែង​នៅ​ក្នុង​នាទី​សន្និដា្ឋន​បញ្ចប់​រវាង​លោក​មាស ច័ន្ទ​ពិសិដ្ឋ​ តំណាង​អយ្យការ​ និង​លោក​សុខ សំអឿន​ មេធាវី​ការ​ពារ​ក្តី​លោក​ម៉ម សូណង់ដូ។​

ការ​ពិភាក្សា​តឹង​តែង​នេះពាក់​ព័ន្ធ​នឹង​ភស្ថុតាង​ដែលបាន​ដាក់​បង្ហាញ​នៅ​ក្នុង​តុលាការ​ ដែល​រួម​មាន​ស្នា ​កាំងភ្លើងខ្យល់​ និង​កាំ​ភ្លៀវ ​ដែល​តុលាការ​ចោទ​ប្រកាន់​ថា​ មាន​បំណង​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋា​ភិបាល។​

ចំណុច​មួយ​ទៀត​ដែល​នាំ​ឲ្យមាន​ចំណុច​មិន​ត្រូវ​គ្នារវាង​តំណាង​អយ្យការ​និង​មេធាវី​ការពារ​ក្តី​គឺ​ពាក់​ព័ន្ធ​នឹង​សមត្ថកិច្ចបានដាក់​ភស្តុតាង​បន្ថែម​ទៀត​ពាក់​ព័ន្ឋ​និង​លិខិត​របស់​លោករបស់​លោក​សួន សេរី រដ្ឋា​ប្រធាន​ចល​នា​អំណាច​ពលរដ្ឋ​ខ្មែរដែល​បាន​អញ្ជើញ​លោក​ម៉ម សូណង់​ដូ​ឲ្យ​ចូល​រួម​ការពីភាក្សា​នៅ​សហ​រដ្ឋ​អាមេរិក​ជា​ច្រើន​លើក​និង​ជំនួប​រវាង​លោក​សួន សេរី រដ្ឋា​និង​លោក​ម៉ម សូណង់​ដូ​នៅ​ក្នុង​ប្រទេស​ថៃ។​

លោក​ម៉ម សូណង់​ដូ​បាន​ប្រាប់​លោក​ស្រី​ចៅ​ក្រម​ថា​បើ​លោក​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ដោយ​មាន​ការ​សហ​ការណ៏​ជា​មួយ​លោក​សួន សេរី​រដ្ឋា​នៅ​ឯ​ក្រៅ​ប្រទេស​មែន​នោះ​មិន​មែន​លោក​វិល​ត្រឡប់​មក​កម្ពុជា​ឲ្យ​រដ្ឋា​ភិបាល​ចាប់​ខ្លួន​ទេ។​

លោក​ម៉ម សូណង់​ដូ​បាន​បញ្ជាក់​ទៀត​ថា​លោក​ជា​មនុស្ស​ស្អាត​ស្អំ​និង​មិន​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយះ​សមាគមន៍​របស់​លោក​ទេ។​លោក​បាន​បញ្ជាក់​ថា​សមាគមន៍​អ្នក​ប្រជា​ធិ​បតេយ្យ​បង្កើត​ឡើង​ដោយ​មាន​ការ​គោរព​ច្បាប់​និង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​
ក្រោយ​ពេល​បញ្ចប់​សវនាការ​លោក​ម៉ម សូណង់​ដូ​មិន​បាន​និយាយ​អ្វី​បន្ថែម​ទៀត​ទេ​ដោយ​លោក​គ្រាន់​តែ​បាន​និយាយ​ថា​«​សូម​ជំរាប​សួរ​ដល់​បង​ប្អូន​ទាំង​អស់​គ្នា»។​

លោក​ម៉ម សូណង់​ដូ​ស្ថិត​ក្នុង​សំលៀក​បំពាក់​អាវ​ស​ដៃ​ខ្លី​ដោយ​មាន​ចង​ក្រវ៉ាត់​ក​ត្រូវ​មាន​អនុរក្ស​ពន្ឋនាគារ​ចាប់​បញ្ចូល​ក្នុង​រថ​យន្តជាមួយ​និង​អ្នក​ទោស​ដ៏​ទៃ​ផ្សេង​ទៀត​ដើម្បី​នាំ​យក​ទៅ​បន្ត​ឃុំ​ឃាំង​នៅ​ពន្ឋនាគារ​ព្រៃ​ស។​

ក្រុម​អ្នក​គាំ​ទ្រ​លោក​ម៉ម​ សូណង់​ដូ​បាន​ធ្វើការទាម​ទារ​របស់​ពួកគេ​អស់​រយះ​ពេល​បី​ថ្ងៃ​កន្លះ​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ក្រោម​ការ​យាម​កាម​យ៉ាង​មាំ​ទាំ​ពី​កំលាំង​សមត្ថកិច្ចច្រើន​រាប់​រយ​នាក់។​

កំពុង​ឈរ​ប្រមូល​ផ្តុំ​គ្នា​ក្បែរ​រង្វល់​មូល​នាង​គង្ហីងជាមួយ​និង​ក្រុម​បាតុករ​ដ៏ទៃ​ផ្សេង​ទៀត។​លោក​ ថ្លង់ ផល​អាយុ​៦៥​ឆ្នាំ​សមាជិក​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ​មក​ពី​ខេត្ត​កំពង់​ចាម​បាន​និយា​យ​គាំទ្រ​លោក​ម៉ម សូណង់​ដូ​ថា​មិន​មាន​កំហុស​ទេ។​

«​អត់​ទេ​អត់​បង្កើត​ទេ​ គាត់​ឲ្យ​យើង​គោ​រព​ច្បាប់​»។​

អ្នក​ស្រី​ឌី ផាន់​ណារ៉ា​ភរិយា​របស់​លោកម៉ម សូណង់​ដូ​បាន​និយាយ​នៅ​ខាង​ក្រៅ​បន្ទប់​អគារតុលាការ​ថា​លោក​ម៉ម​ សូណង់​ដូ​ជាមនុស្ស​ស្មោះ​ត្រង់​មិន​បាន​ប្រព្រត្តិ​អ្វីទាំង​អស់។​

«​ខ្ញុំ​សង្ឃឹម​ថា​តុលាការ​នៅ​ថ្ងៃ​ទី​១​ខែ​តុលា​និង​រក​យុត្តិធម៌​ឲ្យ​គាត់​ឃើញ​ពី​ព្រោះ​គាត់​ជាមនុស្ស​ស្មោះ​ត្រង់​»។​

អ្នក​ស្រី​ស្រេង ផូរ អាយុ​៥៤​ឆ្នាំ​ភរិយា​ជន​ជាប់​ចោទ​កាន់​សុវណ្ណ​បាន​ស្រែក​យំ​ពី​មុខ​តុលាការ​ដោយ​ទាមទារ​រក​យុត្តិធម៌​ជូន​ស្វាមីយ​របស់​អ្នក​ស្រី។​

អ្នក​ស្រី​បាន​និយាយ​ថា​ស្វាមីយ​របស់​អ្នក​ស្រី​កំពុង​យក​កូន​ទៅ​សំរាក​ពេទ្យ​តែ​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​តែ​ម្តង។​

«​ប្តី​ខ្ញុំ​យក​កូន​ទៅ​ដេក​ពេទ្យ​ហេតុ​អ្វី​បាន​ជា​យក​ប្តី​ខ្ញុំ​ដាក់​គុក​យូរ​យ៉ាង​នេះ។​រដ្ឋា​ភិបាល​អយុត្តិធម៌ណាស់។​គ្រួសារ​ខ្ញុំ​ពិបាក​វេទនាណាស់»។​

លោក​អ៊ូ វីរះ​ប្រធាន​មជ្ឃមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​ដែល​បាន​តាម​ឃ្លាំ​មើល​តំណើរ​ការ​កាត់​ក្តី​តាំង​ពី​ដើម​រហូត​ដល់​ចប់​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា​ទាំង​សាក្សី​និង​ភស្តុតាង​មិន​អាច​ភ្ជាប់​លោក​ម៉ម សូណង់​ដូ​ទៅ​និង​ព្រិត្តិ​ការណ៏​នៅ​ក្នុង​ខេត្ត​ក្រចេះ​បាន​ទេ។​
«​ខ្ញុំ​សង្ឃឹម​ថា​ការ​សំរេច​របស់​តុលាការ​គឺ​សំរេច​ទៅ​លើ​ភស្តុតាង​និង​ដើម​ហេតុ​ច្បាប់​មិន​ពឹង​ផ្អែក​ទៅ​លើ​ការ​សំរេច​ចិត្ត​នយោ​បាយ​ទេ»។​

លោក​ម៉ម សូណង់​ដូ​ក្នុង​សវាការ​រយះ​ពេល​បី​ថ្ងៃ​កន្លះ​នេះ​ត្រូវ​បាន​តុលាការ​រក​សួរ​ដេញ​ដោល​ចំនួន​បួន​ចំណុច​ធំៗ​គឺ​ទី​មួយ​ការ​បង្កើត​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ​ ទីពីរ​លោក​ប៊ុន រដ្ឋា​ជា​សមា​ជិក​សមាគមអ្នក​ប្រជាធិបតេយ្យ ទី​បី​មាន​ជន​ជាប់​ចោទ​៩​រូប​ដែល​បាន​អះ​អាង​ថា​បាន​ជួប​ប្រជុំ​ជា​មួយ​លោក​ម៉ម សូណង់​ដូ​នៅ​ផ្ទះ​របស់​លោក ​និង​ចុង​ក្រោយ​គឺ​សមត្ថកិច្ច​បាន​ភា្ជប់​ទំនាក់​ទំនង​របស់​លោក​ម៉ម សូណង់ដូ​ជា​មួយ​លោក​សួន សេរី​រដ្ឋា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អា​មេរិក។​
ចំណុច​ទាំង​បួន​នេះ​ត្រូវ​បាន​លោក​សុខ សំអឿន​ មេធាវី​ការ​ពារ​ក្តី​បកស្រាយ​ថា​ មិន​អាច​ដាក់​បន្ទុក​មក​លើ​កូន​ក្តី​របស់​លោក​បាន​ទេ​ ហើយ​លោក​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​កូន​ក្តី​របស់​លោក​ឲ្យ​មាន​សេរី​ភាព​វិញ។