ភ្នំពេញ៖ មួយថ្ងៃមុនពេលសាលាឧទ្ធរណ៍គ្រោងនឹងពិនិត្យមើលនៅថ្ងៃសុក្រស្អែកនេះលើសំណើសុំនៅក្រៅឃុំរបស់លោកម៉ម សុណង់ដូ នាយកវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ ក្រុមអ្នកវិភាគបានយល់ឃើញថា សាលាឧទ្ធរណ៍អាចនឹងដោះលែងឲ្យលោកនៅក្រៅឃុំក្នុងគោលបំណងដើម្បីជួសជុលទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ លោកម៉ម សុណង់ដូត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំចលនាធ្វើអបគមន៍មួយក្នុងស្រុកឆ្លូងខេត្តក្រចេះ។ ប៉ុន្តែការកាត់ទោសរបស់លោកទទួលរងការរិះគន់ជាអន្តរជាតិថា ជាទង្វើបំបិទមាត់អ្នកដែលហ៊ានរិះគន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាក៏បានស្នើឱ្យមានការដោះលែងផងដែរ។ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានលើកយកជំនួបរវាងលោកប្រធានាធិបតេយ្យសហរដ្ឋអាមេរិកនិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីខែវិច្ឆិកាថា ជាសញ្ញាល្អមួយដល់ការដោះលែងលោកម៉ម សូណង់ដូ។ លោកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបាននិយាយរួចហើយថាករណីលោកម៉ម សូណង់ដូជាករណីអ្នកទោសនយោបាយ។ លោកមានប្រសាសន៍ថា ក្រែងលោមានការសម្របសម្រួល ហើយក៏ជាសញ្ញាវិជ្ជមានមួយផងដែរពាក់ព័ន្ធនឹងដំណើរការគោរពសិទ្ធិមនុស្ស ប្រសិនណាបើតុលាការសម្រេចឲ្យនៅក្រៅឃុំ។ «បើយើងអាចសម្របសម្រួលបាន វាជាការឆ្លើយតប ហើយក៏ប្រហែលជាអាចទៅរកការកសាងទំនាក់ទំនងស៊ីជម្រៅជាមួយសហរដ្ឋអាមេរិកផងដែរ»។ កាលពីក្នុងអំឡុងខែវិច្ឆិកានៅក្នុងជំនួបគ្នាមួយរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិកប៉ារាក់ អូបាម៉ានិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សហរដ្ឋអាមេរិកក៏បានលើកយកករណីលោកម៉ម សូណង់ដូ ដោយបានព្រមានថា ការរំលោភសិទ្ធិមនុស្សគឺជាឧបសគ្គនៃការរាំងស្ទះដល់ទំនាក់ទំនងស៊ីជម្រៅរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា លោកមានជំនឿថា លោកម៉ម សូណង់ដូអាចនឹងត្រូវដោះលែងឲ្យនៅក្រៅឃុំនៅសាលាឧទ្ធរណ៍ដោយសារលោកម៉ម សូណង់ដូមិនបានរត់ចេញពីកម្ពុជាទេ ហើយលោកបានសុខចិត្តចូលមកកាន់មាតុប្រទេសវិញដើម្បីឲ្យតុលាការកាត់ទោស។ «ខ្ញុំថា ប្រទេសកម្ពុជាយើងធ្វើដំណើរមកបានជាង២០ឆ្នាំហើយ។ដូច្នេះគួរតែបង្ហាញនូវភាពចាស់ទុំនៅក្នុងការគោរពសិទ្ធិមនុស្សនិងលិទ្ធិប្រជាធិបតេយ្យដើម្បីឲ្យពិភពលោកមានការពេញចិត្ត ពេញថ្លើមនៅក្នុងការដែលគេជួយជ្រោមជ្រែងប្រទេសយើងតាំងពីដើមទីមក»។ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយថា ករណីលោកម៉ម សូណង់ដូជាកិច្ចការរបស់តុលាការ ដូច្នេះលោកទុកឲ្យតុលាការជាអ្នកសម្រេចសេចក្តីលើបណ្តឹងឲ្យនៅក្រៅឃុំនេះ។ «នេះជាការងារនិងសមត្ថកិច្ចរបស់តុលាការសុទ្ធសាធ គ្មាននណាម្នាក់អាចវាយតម្លៃដឹងជាមុនបានទេ»។ លោកស សូវាន មេធាវីការពារក្តីលោកម៉ម សូណង់ដូ បាននិយាយថាកូនក្តីរបស់លោកមានបញ្ហាខាងសុខភាព ដូច្នេះលោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងពិចារណាដោះលែងលោកម៉ម សូណង់ដូឲ្យនៅក្រៅឃុំ។ «ក្នុងន័យហ្នឹងដែល ខ្ញុំស្នើសុំឲ្យដោះលែង។ ទំរាំសាលាឧទ្ធរណ៍ប្រមូលភស្តុតាងបាន ខ្ញុំការពារគាត់ទៀត»។ អ្នកស្រីឌីន ផាន់ណារ៉ា ភរិយាលោកម៉ម សូណង់ដូ បាននិយាយថាលោកស្រីមានជំនឿទុកចិត្តលើតុលាការថា លោកតុលាការនឹងអាចរកយុត្តិធម៌ជូនស្វាមីរបស់លោកស្រីបាននៅថ្ងៃសុក្រស្អែកនេះ៕