ក្រុមហ៊ុន​ទ្រី ភាព​បដិសេធ​ថា​មិន​មាន​កាប់​ព្រៃឈើ​ដូច​ការ​ចោទ​ប្រកាន់​ទេ

កាលពី​ថ្ងៃពុធ​ម្សិលមិញ​នេះ​​អង្គការ​ដែល​មាន​ឈ្មោះ​ថា​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​(Cambodia Human Rights Task Force) ​បាន​បង្ហាញ​របាយការណ៍​មួយ​ថា​ លោកឧកញ៉ា​ទី្រ ភាព ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន​២៧​កន្លែង​នៅ​ក្នុង​ខេត្ត​ដែល​សំបូរ​ព្រៃឈើ​ចំនួន​១២​ហើយ​លោក​ក៏​មាន​ សម្ព័ន្ធភាព​យ៉ាង​រឹងមាំ​ក្នុង​គណបក្ស​កាន់​អំណាច​និង​ជាមួយ​អង្គភាព​ប្រដាប់​អាវុធ ​ផងដែរ។

តំណាង​របស់​លោក​ឧកញ៉ា​ទី្រ ភាព​ ដែល​ទទួល​រង​ការ​រិះគន់ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ក្នុង​ស្រុក​មួយ​ដោយ​លើកឡើង​ថា​របាយការណ៍​របស់​អង្គការ​នេះ​មាន​ចេតនា​បរិហារ​បង្ខូច​កេរ្តិ៍​ឈ្មោះ។

លោក​ជ័យ ពិសិដ្ឋ ​ជំនួយការ​របស់​លោកឧកញ៉ា​ ទ្រី ភាព ​ប្រធាន​ក្រុមហ៊ុន​ ទ្រី ភាព ​បាន​ហៅ​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ថា​ជា​របាយការណ៍​មិន​ពិត​និង​មិន​អាច​ទទួល​យក​បាន។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​មើល​ហើយ​ដែល​ថា​ក្រុមហ៊ុន​កាប់​ព្រៃឈើ​ក្នុង​ខេត្ត​ទាំង​១២​នោះ​មិន​ត្រូវ​ទេ។ ​ខ្ញុំ​គិត​ទៅ​ដូច​ជា​រឿង​ឆាក​កំប្លែង​មួយ​ពីព្រោះ​នៅពេល​ដែល​គាត់​បាន​ចុះ​គេហទំព័រ​ដូច​ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​ឧកញ៉ា​ទ្រី ភាព​ចឹង ​ពីព្រោះ​នៅក្នុង​នោះ​គាត់​សរសេរ​ថា​គាត់​ជា​កូន​ប្រសារ​អ្នក​នេះ ​អ្នកនោះ។ តាម​ពិត​ទៅ​គាត់​មិនមែន​ជា​សែ​ស្រឡាយ​ខាង​ឧកញ៉ា​ម្នាក់​ទៀត​ផង​ ហើយ​បែរ​ជា​សរសេរ​ថា​គាត់​ជា​កូន​ប្រសារ»។

កាលពី​ថ្ងៃពុធ​ម្សិលមិញ​នេះអង្គការ​ដែល​មាន​ឈ្មោះ​ថា​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​(Cambodia Human Rights Task Force) ​បាន​បង្ហាញ​របាយការណ៍​មួយ​ថា​ លោកឧកញ៉ា​ទី្រ ភាព ​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន​២៧​កន្លែង​នៅ​ក្នុង​ខេត្ត​ដែល​សំបូរ​ព្រៃឈើ​ចំនួន​១២​ហើយ​លោក​ក៏​មាន​ សម្ព័ន្ធភាព​យ៉ាង​រឹងមាំ​ក្នុង​គណបក្ស​កាន់​អំណាច​និង​ជាមួយ​អង្គភាព​ប្រដាប់​អាវុធ ​ផងដែរ។

ក្នុង​ចំណោម​ខេត្ត​ទាំងនោះ​មាន​ខេត្តកំពង់ស្ពឺ ​កោះកុង ​ពោធិ៍សាត់ ​ព្រះវិហារ ​កំពង់ធំ ​ក្រចេះ​ ស្ទឹងត្រែង ​រតនៈគីរី ​មណ្ឌលគីរី ​ឧត្តរមានជ័យ​និង​ខេត្តសៀមរាប។

​របាយការណ៍​បញ្ជាក់​បន្ថែម​ថា​មាន​កន្លែង​ស្តុកឈើ​ធំៗ​ចំនួន​១៥​កន្លែង​ត្រូវ​បាន​រកឃើញ​ហើយ​ប្រជាពលរដ្ឋ​ជាង​១.៤០០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ។

របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា​ក្រុមហ៊ុន​ទ្រី ភាព ​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត​៧ម៉ឺន​ហិកតា​សម្រាប់​ដាំដំណាំ​កសិ​ឧស្សាហកម្ម​ដូចជា​កៅស៊ូ​និង​ម្រេច​ជាដើម។ ​ប៉ុន្តែ​មាន​ការ​ដាំដុះ​ដំណាំ​ទាំងនេះ​តិចតួច​ប៉ុណ្ណោះ។ ផ្ទុយ​ទៅវិញ​របាយការណ៍​អះអាង​ថា​ ក្រុមហ៊ុន​បាន​កាប់​បំផ្លាញ​ឈើ​មាន​តម្លៃ​ដូចជា​ឈើបេង​ កកោះ ​ធ្នង់ ​នាងនួន ​គគីរ​និង​គ្រើល​ជាដើម។ ហើយ​ឈើ​ទាំងនេះ​សំដៅ​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស​ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម។

លោកអ៊ូច ឡេង ​ប្រធាន​អង្គការ​ក្រុមកិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ឲ្យ​ដឹង​ថា​លោកឧកញ៉ា​ទ្រី ភាព​ ​មាន​កន្លែង​ស្តុក​ឈើ​ទុក​ក្នុង​រដ្ឋបាល​សាធារណៈ​រាប់​ទាំង​កងកម្លាំង​ទាហាន​និង​នគរបាល​ផង​ដែរ។

ហើយ​លោកទ្រី ភាព ​ដែល​គេ​ដឹង​ថា​ជា​កូន​ប្រសារ​របស់​លោកឧកញ៉ា ​ឡៅ ម៉េងឃីន ​ដែល​វិនិយោគ​លើ​បឹងកក់​ដ៏​ចម្រូងចម្រាស​និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ទំនាក់​ទំនង​ជ្រាលជ្រៅ​ជាមួយ​ក្រុមប្រដាប់​អាវុធ។

លោកអ៊ូច ឡេង ​មាន​ប្រសាសន៍​ថា​គោលដៅ​សំខាន់​របស់​ក្រុមហ៊ុន​ទ្រី ភាព ​គឺ​កាប់​និង​នាំ​ឈើ​ប្រណិត​ទៅ​ក្រៅ​ប្រទេស៖ «អាជីវកម្ម​របស់​ទ្រី ភាព​មិនមាន​ការអភិវឌ្ឍ​អ្វី​ក្រៅពី​ការកាប់​បំផ្លាញ​ព្រៃឈើ ​ការប្រមូល​ឈើ​មាន​តម្លៃ ​ជាឈើ​ប្រណិត​នានា​នោះ​លក់ចេញ​ទៅ​បរទេស​តាម​រយៈ​ប្រទេស​វៀតណាម។​ ព្រៃ​ដែល​ប៉ះពាល់​លើដី​សម្បទាន​ដែល​ហៅ​ថា​ខុសច្បាប់​នោះ​មាន​ចំនួន​ជិត​៧ម៉ឺន​ហិកតា»។

លោកជ័យ ពិសិដ្ឋ ​ជំនួយការ​របស់​លោកឧកញ៉ា​ទ្រី ភាព​ មានប្រសាសន៍​ថា​ថ្វី​ត្បិត​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​អង្គការ​ក្រុមកិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏ដោយ​ ក៏ក្រុមហ៊ុន​លោក​នឹង​មិន​ធ្វើ​ប្រតិកម្ម​តប​វិញ​បែបណា​នោះ​ទេ។

លោក​បន្ថែម​ថា​ ក្រុមហ៊ុន​របស់​លោកឧកញ៉ា​ទ្រី ភាព​ ធ្វើ​ការ​ដេញ​ថ្លៃ​ឈើ​ពី​អាជ្ញាធរ​ក្នុង​ខេត្ត​ចំនួន​៨​និង​ដែល​មាន​ឈើ​សរុប​ចំនួន​៤.៨៧១​ម៉ែត្រគូប ​ប៉ុន្តែ​មិន​បាន​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ។

«គឺ​យើង​កាប់សម្អាត​តែ​ក្នុង​ខេត្ត​និង​ដែនដី​ដែល​យើង​បាន​ទទួល​សម្បទាន​ពី​រដ្ឋ​ខាង​ផ្នែក​ដំណាំ​កសិ​ឧស្សាហកម្ម​ទេ។​ បើនិយាយ​ពី​ការ​កាប់​ព្រៃឈើ​គឺ​រឹតតែ​ខុសឆ្ងាយ​ពីព្រោះ​ក្រុមហ៊ុន​អត់​បាន​ទៅ​កាប់​ដែន​ជម្រក​ផ្សេងៗ​ដែល​មិនមែន​ជា​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទេ»។

យ៉ាងណា​ក៏ដោយ​លោក​ជាម យៀប ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មការ​ធនាគារ​ ហិរញ្ញវត្ថុ​និង​វិនិយោគ​របស់​រដ្ឋសភា​មាន​ប្រសាសន៍​ថា​ លោក​នឹង​ដាក់​ឲ្យ​មាន​ការត្រួតពិនិត្យ​លើ​ការណ៍​ពិត​អំពី​របាយការណ៍​ស្តីពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ទាក់ទង​ជា​មួយ​នឹង​ក្រុម​ហ៊ុន ​ទ្រី ភាព​នេះ។

«ខ្ញុំ​នឹង​សួរ​ចំពោះ​រដ្ឋសភា​ថា​តើ​បញ្ហា​នេះ​មាន​ពិត​ប្រាកដ​ដែរ​ទេ​ ហើយ​បើ​មាន​ពិតប្រាកដ​ខ្ញុំ​នឹង​រាយការណ៍​ជូន​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ចាត់​វិធានការ​ហើយ​យើង​នឹង​សួរ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​ក្រសួង​បរិដ្ឋាន​ដើម្បី​ឲ្យ​លោក​ឆ្លើយ​បំភ្លឺ​ដល់​រដ្ឋសភា»។

របាយការណ៍​មួយ​របស់​អ្នកស្រាវជ្រាវ​អាមេរិកដែល​ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​សប្តាហ៍​មុន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃ​ច្រើន​ជាង​៧​ភាគរយ​ក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ​នេះ៕